​ក្នុង​មួយថ្ងៃ នគរបាល​ស្រុក​កោះធំ បង្ក្រាបបាន​ករណី​ចែកចាយ សារធាតុ​ញៀន បាន​បួន​ករណី​ផ្សេងៗ​គ្នា

​កណ្តាល: កាលពី​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ កម្លាំង​នគរបាល​ប៉ុស្តិ​កោះធំ​(​ខ​) , ប៉ុស្តិ​ព្រែក​ស្តី , ប៉ុស្តិ​សំពៅ​ពូន និង​កម្លាំង​នគរបាល​ជំនាញ​ស្រុក សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ សារធាតុ​ញៀន​ខុសច្បាប់​ដ៏​សកម្ម ចំនួន​៤​ករណី​ផ្សេងគ្នា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ។​

​លោក ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ រួមមាន ៖ ១-​ឈ្មោះ សុង ម៉ុង​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​, ២-​ឈ្មោះ ថា​ត ថេត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងក្រឡឹង ទីលំនៅ​ក្នុងភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​, ៣-​ឈ្មោះ បាវ សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​កោះទាវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល  និង​៤-​ឈ្មោះ ជ័យ បៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ។

​វត្ថុតាង និង​សម្ភារៈ​ដែល​ដកហូត​បាន រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ៣ កញ្ចប់ , ម៉ូតូ ២ គ្រឿង , ទូរស័ព្ទដៃ ៣ គ្រឿង , កាបូប​១ , ថវិកា ៦៥៥.៥០០ រៀល ។

​ជនល្មើស​ទាំង​បួន​នាក់ កំពុង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្រុក​កោះធំ សាកសួរ និង​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ ។​

​ទោះជា​ការបង្ក្រាប​នេះ ជោគជ័យ ហើយ​ទទួលបាន​ការគាំទ្រ​ពី អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ និង​សារ​ទរ​ពី​ប្រជាជន​ក្តី តែ​លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឆន អធិការ​វ័យក្មេង នៃ​ស្រុក​កោះធំ បាន​ឆ្លើយតប​ជាមួយ​សារព័ត៌មាន​វិញ​ថា ការបង្ក្រាប​នេះ គឺមាន​សភាព​តូចតាច​នៅឡើយ ហើយ​មុខសញ្ញា​សកម្មៗ នៅមាន​ច្រើន​ក្នុង​មូលដ្ឋាន ដែនដី​របស់លោក ដែល​មិនទាន់​ឆ្លើយតបបាន តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ប្រគល់ជូន ក៏ដូចជា​បំណងប្រាថ្នា​របស់ ប្រជាជន​ស្លូតត្រង់ ក្នុងស្រុក​កោះធំ​នោះទេ ក៏ប៉ុន្តែ​លោក​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ប្រឹងប្រែង អោយអស់​លទ្ធភាព ដើម្បី​ធានាថា មូលដ្ឋាន​ស្រុក​កោះធំ នឹង​គ្មាន​ការចែក​ចាយ សារធាតុ​ញៀន​ខុសច្បាប់ នាពេលខាងមុខ ទោះបី​ជោគជ័យ ឬ​មិន​ជោគជ័យ ក៏​លោក​នឹងធ្វើ​ដោយ​ឆន្ទៈ និង​អស់ពី​លទ្ធភាព ដែល​លោក​មាន ។
​លោក​អធិការ​វ័យក្មេង​រូបនេះ ក៏​ទទូច​ផងដែរ​ថា សូមអោយ​មានការ​សហកា​រ ពី​អជ្ញាធរ​ភូមិ​-​ឃុំ ពិសេស​ពី​ប្រជាជន សូមអោយ​ផ្តល់ព័ត៌មាន​សម្ងាត់ មក​លោក​ពី​សកម្មភាព​សេព ក៏ដូចជា​ចែកចាយ​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បីអោយ​លោក មាន​ទុន​ចុះបង្ក្រាប ទាន់ពេលវេលា ។ ​លោក​បាន​បន្តថា បើ​គ្មាន​ការសហការ​បែបនេះ​ទេ គ្មាន​ថ្ងៃ​ណានឹង​បង្ក្រាប​អស់​ឡើយ​៕V/S

​ក្នុង​មួយថ្ងៃ នគរបាល​ស្រុក​កោះធំ បង្ក្រាបបាន​ករណី​ចែកចាយ សារធាតុ​ញៀន បាន​បួន​ករណី​ផ្សេងៗ​គ្នា

​ក្នុង​មួយថ្ងៃ នគរបាល​ស្រុក​កោះធំ បង្ក្រាបបាន​ករណី​ចែកចាយ សារធាតុ​ញៀន បាន​បួន​ករណី​ផ្សេងៗ​គ្នា