ដំណាំ​សណ្តែក​ផ្កាយ បង្ហាញ​វត្ត​មាននៅ​កម្ពុជា​

Sanofi

​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយ នឹង​ដំណាំ​កសិកម្ម​ថ្មី​មួយ​ប្រភេទ​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​ប៉េ​រូ ដែលមាន​ឈ្មោះថាសណ្តែក​ផ្កាយ។ សណ្តែក​ផ្កាយ​បាន​ក្លាយជា​ដំណាំ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ដែល​បានទទួល​នូវ​ការគាំទ្រ និង ចាប់អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​មួយចំនួន​ក្នុងការ​ទទួល​ទិញ ដើម្បី​យកទៅលក់​ចែកចាយ​បន្ត ។​

​បើតាម​ការលើកឡើងរ​ប​ស់លោក ស៊ិន រុន តំណាង​ក្រុមហ៊ុន ណា​ថា​ន់ ដែលជា​ក្រុមហ៊ុន​ទទួល​ទិញ​សណ្តែក​ផ្កាយ​ប្រចាំ​នៅ​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មាន​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​បណ្តា​ខេត្ត​ដែល​នៅជាប់​តំបន់​ព្រំដែន​ប្រទេស​ថៃ មានដូចជា​ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង ហើយ​ក៏មាន​ខេត្ត​ខ្លះទៀត​ដូចជា​ខេត្តតាកែវ កំពង់ចាម​ជាដើម ក៏​កំពុងតែ​មានការ​មមាញឹក​ក្នុង​ការដាំដុះ​សណ្តែក​ផ្កាយ​នេះ​ផងដែរ ។

ការដាំ​ដំណាំ​សណ្តែក​ផ្កាយ​នេះ​មិនមាន​ការលំបាក ឬ ក៏​ខុសប្លែក​អ្វី​ពី​ដំណាំ​ដទៃទៀត​នោះទេ ពោល​គឺមាន​ភាពងាយស្រួល​ខ្លាំងណាស់ ព្រោះតែ​ដំណាំ​នេះ​មិនត្រូវ​ការជ្រើសរើស​ប្រភេទ​ដី​ឡើយ យើង​អាច​ដាំ​វា​នៅលើ​ដីស្រែ​ក៏បាន​ដីចម្ការ​ក៏បាន​សំខាន់​គឺ​ធ្វើយ៉ាងណា​កុំឱ្យ​ទឹក​លិច និង ជា​ប្រភេទ​ដី​ដែលមាន​ល្បាយខ្សាច់​លើសពី ៦០% ។ ចំណែកឯ​ការធ្វើ​ដី​សម្រាប់​ដាំ​ដុះ​វិញ គឺ​ត្រូវ​ចេះ​មើល​ពី​សណ្ឋាន​ដី បើសិនជា​យើង​ដាំ​វា​នៅលើ​ដីស្រែ ចាំបាច់​យើង​ត្រូវតែ​លើកដី​ធ្វើជា​រង ដើម្បី​ចៀសវាង​កុំឱ្យ​មានទឹក​ដក់ ព្រោះ​បើសិនជា​មានទឹក​ដក់ ដំណាំ​នេះ​នឹងមិន​បានទទួល​ទិន្នផល​ល្អប្រសើរ​ឡើយ ។

បើសិនជា​យើង​ដាំ​ដុះ​នៅលើ​ដីសណ្ត តាម​ភ្នំ ឬ ដីចម្ការ​វិញ យើង​មិនចាំបាច់​លើក​រង​នោះទេ គឺ​យើង​គ្រាន់តែ​វាស់​បន្ទាត់​ដាក់​ដាំ​តែប៉ុណ្ណោះ ។​ ​ចំពោះ​ការបណ្តុះ​ពូជ លោក​ស៊ិន រុន បាន​រៀបរាប់ថា មាន​វិធី​បណ្តុះ​ដើម្បីឱ្យ​បានទទួល​លទ្ធផល​ល្អ ដោយ​មុនដំបូង​យើង​ត្រូវតែ​យក​គ្រាប់ពូជ​របស់​សណ្តែក​ផ្កាយ​ទៅ​ដាក់​ត្រាំ​នៅក្នុង​កញ្ច្រែង រហូតដល់​ពេល​វា​ចេញ​ជា​ពន្លក​មាត់ចាប រួចហើយ​ទើប​យើង​យក​វា​ទៅ​ដាក់​ក្នុង​កន្ទោង​រយៈពេល​មួយ​សប្តាហ៍​សិន ទើប​យើង​យក​វា​ទៅ​ដាំ​នៅក្នុង​ដី ដើម្បី​រង់ចាំ​ការថែទាំ និង ធ្វើ​ទ្រើង​សម្រាប់​ឱ្យ​វា​ឡើង​តោង ។ ដំណាំ​សណ្តែក​ផ្កាយ​គឺជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ ដែល​យើង​ដាំ​ដុះ​វា​តែម្តង​ប៉ុណ្ណោះ ប៉ុន្តែ​យើង​អាច​ទទួលផល​ពី​វា​បាន​រយៈពេល​យូរ​គឺអាច​ឈានដល់ ១៥ ទៅ ៥០ ឆ្នាំ ។

ក្នុង​ចន្លោះ​ពេលនេះ​គឺ​វា​ទាមទារ​ឲ្យ​យើង ថែទាំ​វា​ដូចជា​ស្រោច​ទឹក​ឱ្យបាន​គ្រប់គ្រាន់​នៅ​រដូវប្រាំង ។ រីឯ​ប្រភេទ​ជី​វិញ គឺ​ដាច់ខាត​យើង​មិនត្រូវ​ប្រើ​ជីគីមី​ឡើយ ប៉ុន្តែ​យើង​អាច​ប្រើ​ជីធម្មជាតិ ឬ ជី​កំ​ប៉ុស្តិ៍​ជំនួស​វិញ ដូចជា​លាមក​គោ លាមក​មាន់ លាមក​ជ្រូក ជាដើម ។ ដំណាំ​សណ្តែក​ផ្កាយ​នេះ​គឺ​មិនត្រូវ​ការថែទាំ​ខ្លាំង​ណាស់ណា​នោះទេ ពោល​គឺមាន​លក្ខណៈ​ងាយស្រួល និង សាមញ្ញៗ​ដូច​ទៅនឹង​ដំណាំ​ដទៃទៀត​ផងដែរ ។ រយៈពេល​នៃ​ការ​ទទួលផល បើ​គិត​តាំងពី​ពេលដែល​ចាប់ផ្តើម​ដាំ​រហូតដល់​ថ្ងៃ​ទទួលផល​គឺ​វា​មាន​រយ​:​ពេល​យ៉ាងតិច ៦ ខែ ហើយ​យ៉ាងយូរ ៨ ខែ ។​

ទីផ្សារ​ដំណាំ​កសិកម្ម​ប្រភេទ​នេះ​មាន​ភាពទូលំទូលាយ​ណាស់ បច្ចុប្បន្ននេះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពុំទាន់​មាន​អ្នក​ដាំ​សណ្តែក​ផ្កាយ​នេះ​ច្រើន​នៅឡើយ ដោយសារតែ​ដំណាំ​ប្រភេទ​នេះ ទើបតែ​មាន​វត្ត​មាននៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា ។ បើ​គិតពី​ផ្ទៃដី​ដាំ​ដុះ​សណ្តែក​ផ្កាយ​នៅ​ទូទាំងប្រទេស​កម្ពុជា​វិញ​ទើបតែ​បាន​ជាង​មួយ​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ ។ លោក ស៊ិន រុន បាន​បន្តទៀតថា សម្រាប់​តម្លៃ​របស់​វា​វិញ គឺ​ក្រុមហ៊ុន​របស់លោក​ឱ្យ​តម្លៃ ៦ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម ដោយ​ក្រុមហ៊ុន​របស់លោក​បាន​ទៅ​ម៉ៅ ឬ ទិញ ដល់​ចម្ការ​តែម្តង ។

អត្ថប្រយោជន៍​ក៏ដូចជា​គុណសម្បត្តិ​នៃ​សណ្តែក​ផ្កាយ​នេះ​គឺមាន​លក្ខណៈពិសេសៗ​ជាច្រើន ដោយ​គេ​យក​វា​ទៅ​ចម្រាញ់​ធ្វើជា​ប្រេង​សម្រាប់​ស្ប៉ា និង លាប​ខ្លួន​ពេល​ម៉ាស្សា ធ្វើ​សរសៃ ជាដើម ។ មួយវិញទៀត គេ​យក​វា​ទៅ​ផលិត​ធ្វើជា​អាហារ​កំប៉ុង ដើម្បី​បំប៉ន​សុខភាព ព្រោះតែ​សណ្តែក​ផ្កាយ​នេះ​មាន​ផ្ទុក​សារធាតុ OMEGA 3 6 9 ដែលជា​សារធាតុ​ជំនួយ​ដល់​កម្លាំង និង សុខភាព​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ៕​ ​ប៉ោ កុសល​

 

Related