គ្រូ​គីរីវង់​ថា បើ​ឆ្នាំ​នេះ​មិន​ធ្លាក់ ​រដូវ​កាល​ក្រោយ​នឹង​ខ្លាំង​ទ្វេដង​​

គ្រូ​គីរីវង់​ថា បើ​ឆ្នាំ​នេះ​មិន​ធ្លាក់ ​រដូវ​កាល​ក្រោយ​នឹង​ខ្លាំង​ទ្វេដង​​

លោក ផាន់ ចាន់​ផាត គ្រូ​​ជំនួយ​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​បាន​អះអាង​ថា ប្រសិន​បើ​ក្លិប​របស់​​លោក​អាច​​បន្ត​នៅ​លីក​កំពូល​របស់​កម្ពុជា​នា​រដូវ​កាល​ក្រោយ(២០១៦)​​​ទៀត​​ ពួក​គេ​នឹង​ខ្លាំង​ជាង​ឆ្នាំ​នេះ​ទ្វេដង។

 

លោក ផាន់ ចាន់​ផាត បាន​ឲ្យ​ដឹង​ថា ក្លិប​គីរីវង់​សុខ​សែន​ជ័យ​កំពុង​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​ដើម​រដូវ​កាល​ច្រើន​​ ​ទោះ​បី​ពេល​នេះ​ស្ថិត​​​ក្នុង​​តំបន់​កាត់​ចោល​​ ក៏​​ពួក​លោក​នៅ​​មាន​សង្ឃឹម​ខ្ពស់​ថា នឹង​អាច​រក្សា​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​បន្ត​​ទៀត​។ ប៉ុន្តែ​ប្រសិន​បើ​អាច​ធ្វើ​បាន​មែន​នោះ ក្លិប​របស់​លោក​នឹង​ចាប់​​ផ្ដើម​រៀប​ចំ​តាំង​ពី​ខែ​វិច្ឆិកា ​ក្រោយ​ចប់​ការ​ប្រកួត​​លីក​កំពូល​របស់​កម្ពុជា​នា​រដូវ​កាល​​ឆ្នាំ​ ២០១៥ ​តែ​​ម្ដង​​ ទាំង​ការ​ពង្រឹង​​ផ្នែក​កីឡាករ និង​សេដ្ឋកិច្ច​​សម្រាប់​ក្លិប។

 

គ្រូ​គីរីវង់​ថា បើ​ឆ្នាំ​នេះ​មិន​ធ្លាក់ ​រដូវ​កាល​ក្រោយ​នឹង​ខ្លាំង​ទ្វេដង​​

ក្រុម​គីរីវង់​សុខសែន​ជ័យ(រូប​ថត៖ វេស្ទើន)

 

​គ្រូ​ជំនួយ​រូប​នេះ​បន្ថែម​ថា ​នៅ​រដូវ​កាល​ក្រោយ​ប្រសិន​បើ​ក្រុម​របស់​លោក​មិន​ធ្លាក់​ចេញ​ពី​លីក​កំពូល​របស់​កម្ពុជា​ទេ នោះ​​ក្លិប​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ​​មួយ​នេះ​ ​នឹង​ខ្លាំង​ជាង​រដូវ​កាល​នេះ​ទ្វេដង។ ​ក្លិប​គីរីវង់​បាន​ជួប​បញ្ហា​​ខ្វះ​ថវិកា​​កាល​ដើម​រដូវ​កាល​ឆ្នាំ​នេះ​​ ដែល​ធ្វើ​ឲ្យ​​ពួក​គេ​មិន​អាច​នាំ​កីឡាករ​​បរទេស​ល្អ​ៗ មក​ពង្រឹង​​ក្រុម​បាន​។ ប៉ុន្តែ​នៅ​រដូវ​កាល​ក្រោយ​វិញ​ក្លិប​បាន​​ត្រៀម​​ផែន​ការ​រៀប​ចំ​ទុក​ជា​មុន​​មាន​រយៈ​ពេល​យូរ​ និង​ចាប់​ផ្ដើម​​រៀប​ចំ​បញ្ហា​ទាំង​អស់នេះ​ឲ្យ​បាន​រួច​រាល់​​ ហើយ​ដល់​ពេល​លីក​ចាប់ផ្ដើម​​រដូវ​កាល​ថ្មី​លោក​ជឿ​ជាក់​ថា ​ក្លិប​គីរីវង់​នឹង​ខ្លាំង​ជាក់​ជា​មិន​ខាន។

 

ក្រុម​គីរីវង់​សុខសែន​ជ័យ​នឹង​ប្រកួត​បញ្ចប់​សន្សំ​ពិន្ទុ​រដូវ​កាល​នេះ​ជា​មួយ​ក្រុម​​​មជ្ឈមណ្ឌល​កម្ចាត់​ម៉ីន​កម្ពុជា( ស៊ីម៉ាក់ ) ខណៈ​​ពួក​គេ​​សង្ឃឹម ៧០ ទៅ ៨០ % ក្នុង​ការ​យក​ឈ្នះ​​ដើម្បី​បាន​បន្ត​លេង​នៅ​លីក​កំពូល​របស់​កម្ពុជា​។ ​បច្ចុប្បន្ន​ក្លិប​គីរីវង់​​មាន​គ្រូ​បង្គោល​ថ្មី​ឈ្មោះ​ថា ឡូ ហ្វឹកតឹង ដែល​ជា​អតីត​គ្រូ​បង្គោល​​ក្លិប​អានយ៉ាង​​របស់​ប្រទេស​វៀតណាម៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​