តុលាការ​​​បន្ត​​​សវនាការជំនុំជម្រះ​រឿងក្តី​​របស់​​​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណជុំវិញ​​​ការ​ផ្ទុះ​មេរោគ​អេដស៍

ក្រុង​បាត់ដំបង-សវនាការ​ជំនុំជម្រះ​​រឿង​ក្ដី​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ដែល​ជាប់​ចោទ​ថា បាន​​ធ្វើឲ្យ​អ្នក​ភូមិ​ជាង​២៧០​នាក់ ឆ្លង​ មេរោគ​អេដស៍​​នោះ បាន​បន្ត​កាលពី​ម្សិល មិញ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដោយ​លោក​​ព្រះរាជអាជ្ញារង​ ហេង លុយ ​បាន​ហៅ​​ អ្នក​ភូមិ​២៥​នាក់​ដែល​ឆ្លង​មេរោគ​​អេដស៍​មក​ផ្ដល់​សក្ខីកម្ម​អំឡុង​សវនាការ​រយៈ​ពេល​១ ថ្ងៃ​នេះ។

ជាការ​ខំប្រឹង​ប្រែងដើម្បី​​​ដំណើរ​ការ​​​ឲ្យ​បាន​ឆាប់​រហ័សនូវ​បញ្ជីឈ្មោះ​សាក្សី​ដ៏ច្រើន​​នោះ លោកស្រី យិច ឈាណាវី ​​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​​​បាន​កែសម្រួល​នីតិវិធី​តុលា​ការ​កាលពី​ម្សិលមិញ ដោយ​អនុញ្ញាត​​​​ឲ្យ​​​មេធាវី​​របស់​លោក យ៉ែម ជ្រិន ដាក់​សំណួរ​​ទៅ​កាន់​សាក្សី​​ អមដោយ​ការ​​ចោទ​សួរ​ខ្លីៗដោយ​លោកស្រី ឈាណាវី និង​សហ ចៅក្រម​ពីរ​រូប​ទៀត​។ សាក្សី​សរុប​៣៥​នាក់​ត្រូវ​បាន​​ហៅ​​ឲ្យ​មក​​​ផ្តល់​​​សក្ខីកម្ម​​​ក្នុង​សវនាការ​ ជំនុំជម្រះ​រយៈ​ពេល​ពីរ​ថ្ងៃ​ដំបូង​​​នេះ។

លោក យ៉ែម​ ជ្រិន ​ត្រូវ​បាន​ចោទ​ប្រកាន់ ពីបទ​​មនុស្ស​ឃាត​មាន​ស្ថានទម្ងន់​ទោស​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​​រាល​ដាល​ឆ្លង​មេរោគអេដស៍​​​ដ៏​ច្រើន​ក្នុង ឃុំរកា ស្រុក​​សង្កែ ដែល​​បាន​ផ្ទុះ​ឡើង​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។ ​ចាប់​តាំង​​ពី​ពេល​នោះ​មក មាន​​​អ្នក​ភូមិ១០នាក់​​ហើយ បាន​ស្លាប់​ដោយ​សារ​មេរោគ​អេដស៍។

អាជ្ញាធរ​លើក​ឡើង​ថា លោក យ៉ែម ជ្រិន ដែល​តែង​តែ​ចាក់​ថ្នាំ និង​ព្យួរ​សេរ៉ូម​ដល់​អ្នក​ជំងឺ​អំឡុង​ពេល​លោក​ទៅ​ពិនិត្យ​ព្យាបាល នោះ​​ បាន​ប្រើ​សឺរ៉ាំង​ដដែល​​ៗ​ ដោយ​បណ្ដាល​ ឲ្យ​​​​មេរោគ​នេះ​​​ឆ្លង​​​ពី​អ្នក​ភូមិ​ម្នាក់​ទៅ​អ្នក​ភូមិ​ម្នាក់​ទៀត។

ប្រសិន​បើ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស គ្រូពេទ្យ​វ័យ​៥៦​ឆ្នាំ​រូប​នេះ ដែល​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​បើក​កន្លែង​ព្យាបាល​គ្មាន​អាជ្ញាប័ណ្ណ​ផង ​​និង​​បាន​​​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដោយ​ចេតនាផងនោះ ​ប្រឈម​ការ​​ផ្ដន្ទាទោសឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​។

​​នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​កាលពី​ម្សិលមិញ កញ្ញា​ រឿម ស្រីយ៉ា អាយុ​២៥​ឆ្នាំ​បាន​ប្រាប់​តុលា​ការ​ថា គាត់​ជឿ​ថា លោក យ៉ែម ជ្រិន ដែល​បាន​​​ពិនិត្យ​​ព្យាបាល​គាត់​តាំង​ពី​​គាត់​នៅ​កុមារ​​មក​ម្លេ៉ះ​ ក៏​​ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​​​​​ធ្វើ​ឲ្យគាត់​ឆ្លង​មេរោគ​នេះដែរ​ ពីព្រោះ​គាត់​​​មិន​ដែលឲ្យ​​​​​គ្រូពេទ្យ​ផ្សេងព្យាបាល​​​ឡើយ​។

កញ្ញា ស្រីយ៉ា ដែល​មិន​ទាន់​រៀបការ​នោះ​​​​​​បាន​និយាយ​ថា គាត់​​កំពុង​​​ទាម​​​ទារ​​​សំណង​​​ ពី​លោក យ៉ែម ជ្រិន ពីព្រោះ​​មេរោគ​នេះ​​​​បាន​ប៉ះពាល់យ៉ាងខ្លាំង​ដល់​ជីវិត​របស់​គាត់​​។

ស្ត្រី​រូប​នេះ​បាន​​និយាយ​​​បន្ទាប់ពី​ផ្ដល់​សក្ខីកម្ម​ថា ”​ខ្ញុំ​ទាម​ទារ​​សំណង​ជំងឺ​ចិត្ត​៧.០០០ ដុល្លារ​​ពី​គាត់​ ពីព្រោះ​​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​មាន​​​អនាគត​ល្អឡើយ​​ ហើយ​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​ប៉ះ​ពាល់​ទៀត​។ ខ្ញុំ​នៅ​លីវ​នៅ​ឡើយ ហើយ​ខ្ញុំ​គិត​ថា​ ឥឡូវ នេះគ្មាន​នរណា​ម្នាក់​​ហ៊ាន​រៀបការ​ជាមួយ​ខ្ញុំ​ទេ”។

បន្ទាប់ពី​សវនាការ​កាលពី​ម្សិលមិញ លោក ឯម សុវណ្ណ មេធាវី​​របស់​លោក​ យ៉ែម ជ្រិន បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​ ពីបទ​មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់​​ទោស​​លើ​កូនក្ដី​របស់​ខ្ញុំ​ មិន​​យុត្តិធម៌​ឡើយ​។ លោក​បាន​ថ្លែង​ថា “​កូនក្ដី​របស់​ខ្ញុំ​មិន​បាន​ធ្វើ​ទារុណកម្ម​ ឬ​​បំពារ​បំពាន​ដល់​​ជន​រងគ្រោះ​ណា​ម្នាក់​​ឡើយ​”៕ សារុន​

The post តុលាការ​​​បន្ត​​​សវនាការជំនុំជម្រះ​រឿងក្តី​​របស់​​​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណជុំវិញ​​​ការ​ផ្ទុះ​មេរោគ​អេដស៍ appeared first on ខេមបូឌា ដេលី.