​ពលរដ្ឋ​​១១៤​គ្រួសារ​​​​​ចាប់ឆ្នោត​ទទួល​ដី​ជា​កម្មសិទ្ធិ​ពី​អាជ្ញាធរ​ខេត្តប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ ​​កាល​ពី​​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២១ ​តុលា ​២០​១៥ នេះ ប្រជាពលរដ្ឋ​ចំនួន​១១៤​​គ្រួសារ ក្នុង​ចំណោម​២៦២​​គ្រួសារ បាន​នាំ​គ្នា​​​ធ្វើការ​​ចា​ប់​ឆ្នោត​ទទួល​យក​​ដី​​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់ ដែល​អាជ្ញាធរ​ខេត្ត​​ប៉ៃលិន​បាន​រៀបចំ​ស្ថិត​នៅ​ខាងត្បូង ផ្លូវជាតិ​​លេខ​៥៧ ចម្ងាយ​ប្រមាណ​ជាង​​១​គីឡូម៉ែត្រ ដែល​មាន​​ដី​ទំហំ​ជាង​​៣​ហិ​កតា ដើម្បី​រៀបចំ​ធ្វើ​ផ្សារ​ធ្វើ​ផ្លូវ​បែងចែក​ជា​​ដី​ឡូត៍ ដោយ​​មាន​​ប្លង់​ត្រឹមត្រូវសម្រាប់​ពួក​គាត់ ដែល​កំពុង​តែ​សង់​​លើ​ដី​ឯកជន​មាន​ម្ចាស់​​ត្រង់​ចំណុច​​សំបុកចាប ក្នុងភូមិ​-ឃុំ​ជាមួយ​គ្នា ។ 

​បើ​តាម​​សម្តី​លោកហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ដោយ​មានការ​យក​ចិត្ត​ទុក​ដាក់​​ពី​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​សមាស​ភាព​គណៈ​ក​ម្មា​ការ​ដោះស្រាយ​ដីធ្លី​មួយ ធ្វើការ​ចុះ​ស្រង់​ទិន្នន័យ​ចំនួន​​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​​រស់នៅ​ជាក់ស្តែង ត្រង់​ចំណុច​សំបុក​ចាបក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ងាយស្រួល​ក្នុង​ការ​បែង​ចែក​ដី​ឡូត៍​ថ្មី​​ជូន​​ពួក​គាត់​ទាំងនោះ ដោយ​ដី​បម្រុង​ស្ថិត​នៅ​ចំណុច​លូ​ដាច់ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១០​​ចាស់ ក្នុងភូមិ​ជាមួយ​គ្នា​ដដែល ។

លោក​​បន្ត​​ថា រហូត​មក​ដល់​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ចំនួន​១១៤​គ្រួសារ ដែល​បាន​ស្ម័​គ​ចិត្តចាក​ចេញពី​កន្លែង​សំណង់​អនាធិប​តេយ្យ​ទៅ​​រស់នៅ​លើ​ដី​​ថ្មី ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​បម្រុង​ទុក​ឱ្យ​​ពួក​គាត់ ហើយ​ខាង​មន្ទីរ​​សូ​រិ​យោ​ដី​​កំពុង​តែ​ខិតខំ​ប្រឹង​ប្រែង រៀបចំ​ធ្វើ​ប្លង់​ជូន​ពួក​គាត់​គ្រប់​ៗ​​គ្នា​ជា​បណ្តើរ​ៗ​អស់ហើយ ។ លោក​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន​៦០% បាន​ចុះ​ឈ្មោះ​រួចរាល់ ហើយ​ក៏​មក​ធ្វើការ​បោះ​ឆ្នោត​ទទួលយក​ទីតាំង​ដី​ដែល​ខ្លួន​ត្រូវ​រស់នៅ​ធ្វើ​ជា​កម្មសិទ្ធិ​ស្របច្បាប់ ។ បន្ទាប់​ពី​ចាប់ឆ្នោត​រួច បើ​ពួក​គាត់​ណា​ម្នាក់ ចង់​ប្តូរ​ទីតាំង​ជាមួយ​គ្នា​ឯង​ក៏​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ ។