អ្នក​​រត់​ម៉ូតូឌុប​​ត្រូវ​ចោរ​​​​​ចាក់​ប្រហារ​ប្លន់​យក​ម៉ូតូ​សង់កូរ៉េ ជីវិត​ថ្លៃមិន​ស្លាប់​

​រាជ​ធានីភ្នំពេញ ​៖ ​បុរស​​​​រត់​ម៉ូតូ​ឌុប​​ម្នាក់​​រង​របួសធ្ងន់​​ ​ខ​ណៈពេល​ដឹក​ប៉ះ​ចំ​ក្រុម​ចោរ​២​នាក់​បោក​ឱ្យ​​ដឹក​ទៅ​ដល់​កន្លែង​ស្ងាត់​​​ដក​កូនកាំបិត​ចេញពីចង្កេះ​ចាក់​ប្រហារ​ទៅ​លើ​ផ្ទៃមុខ​​​​ប្លន់​យក​ម៉ូតូ​សង់​កូរ៉េ យក​ទៅ​បាត់ ​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២២​​ តុលា​ ​​២០១៥ ​​​​នៅ​កែង​ផ្លូវ​លេខ​​៣៧១​និង​ផ្លូវ​លេខ​​69BT ស្ថិត​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ​។

​បុរស​ជា​​អ្នក​រត់​ម៉ូតូ​ឌុប ឈ្មោះ ឡាយ នី អាយុ​៤៥​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​សំបូ​រមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ ​ហើយ​ម៉ូតូ​ដែល​ក្រុម​ចោរ​ប្លន់​យក​​ទៅ​បាត់​ដោយ​សុវត្ថិភាព​នោះ ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ៤៨៩៨-ភព​១​ ។

តាម​សាក្សី​នៅ​​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​នោះ​ បានឱ្យ​​ជន​រង​គ្រោះ​ដឹក​ចេញ​​ពី​ម្តុំ​សាលា​បឹង​ត្របែក​ទៅ​​កែង​​ផ្លូវ​បេ​តុ​ងលេខ​69BT​​និង​ផ្លូវ​លេខ​៣៧១​ តែ​នៅ​ពេល​គាត់​ដឹក​ដល់​ផ្លូវ​បេ​តុង​នោះ​ដោយ​ផ្លូវ​នោះ​មាន​សភាព​ងងឹត​ ​​ជា​ឱកាស​ល្អ​របស់​ជនសង្ស័យ​ទាំង​២​នាក់​​បាន​ដក​កូនកាំបិត​ចេញពី​ចង្កេះ ចាក់​ប្រហារ​ទៅ​លើ​ផ្ទៃមុខ​គាត់​​ត្រូវ​២​កូនកាំបិត​ហូរ​​ឈាម​ស្រោច​ពេញ​ខ្លួន ពេល​នោះ​គាត់​​​ភ័យ​ស្លន់​​ស្លោរ​រត់​ចោល​ម៉ូតូ​រក​កន្លែង​លាក់ខ្លួន បន្ទាប់​មក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​លើក​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​នោះ​​ជិះ​រត់គេច​បាត់​ទៅ​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ និង​បាន​នាំ​​អ្នក​រត់​​ម៉ូតូឌុប​រង​គ្រោះ​​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​ ​​និង​រង់​​ចាំ​ដាក់​ពាក្យបណ្តឹង​នៅ​ពេល​ក្រោយ​ ៕