ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ


ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ

ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ

 

 

ល្ខោន ​គឺជា ​សិល្បៈ​មួយ​បែប​របស់​ខ្មែរ​ដែល​សម្ដែង​នៅ​​លើ​ឆាក ។ ល្ខោន​ត្រូវ​បាន​គេ​យក​ទៅ​សម្ដែង​ក្នុង​កម្មវិធី​បុណ្យទាន​ ដូចជា បុណ្យ​បញ្ចុះសីមា បុណ្យផ្កា​ ជាដើម។ នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ភូមិ​មួយ​ ដែល​គេ​ល្បី​ថា​ ជា​សំបុក​នៃ​ក្រុម​ល្ខោននៅ​ ​ភូមិ​ស្បែកគឺ​ ស្ថិតក្នុង​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក។

 

លោក ឌឿ ម៉ុន ជា​ប្រធាន​ក្រុម​សិល្បៈ ឡាយ​ធីតា​ បាន​ប្រាប់ Sabayថា ក្នុង​ភូមិ​ស្បែក​ គឺមាន​ក្រុម​ល្ខោន​ទាំងអស់ ១០ វង់​។ ក្នុងចំណោម​ក្រុម​ល្ខោន​ទាំងនោះ​មាន​ខ្លះ​ជា​ក្រុម​តូច​មាន​សមាជិក​ចន្លោះពី ២០ ទៅ ៣០​នាក់) និង​ ខ្លះ​ជា​ក្រុម​ធំ មាន​ប្រមាណ​ជា ៥០ នាក់ ដូចជា​ក្រុម​របស់​លោក​ជាដើម។

 
ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ

 

 

ប្រធាន​ក្រុម​សិល្បៈ​ ឡាយ​ ធីតា ​រូប​នេះ​បាន​ដំណាល​ថា ក្រុម​លោក​ចាប់​ផ្តើម​សម្ដែង​តាំងពី​ឆ្នាំ ១៩៨១ មក​ម្ល៉េះ បើ​គិត​ទៅ ​គឺ​មាន​រយៈពេល ៤៤ ឆ្នាំ​ហើយ។ កាល​ជំនាន់​នោះ​ពេល​សម្ដែង​ម្តងៗ​ត្រូវ​ចេញ​រទេះគោ​ពពាក់ពពូន​តែម្តង បើ​និយាយ​ ពី​តួល្ខោន​វិញ​មាន​ដល់​ទៅ ៨០នាក់ ​ឯណោះ ហើយ​ក្នុង​ភូមិ​នេះ​មាន​ល្ខោន​តែ ១ វង់​ប៉ុណ្ណោះ ឯ​ការ​សម្តែង​ទៀតសោត គឺ​ដូរ​ជា​ស្រូវ ជា​អង្ករ​ត្រលប់​មកវិញ។ គាត់​បន្ថែម​ថា កាល​មុន​សមាជិក​ក្នុង​គ្រួសារ​គាត់​សុទ្ធតែ​ដើរតួ​ល្ខោន​ទាំងអស់។

 

ងាក​មក​រឿង​បច្ចុប្បន្ន​វិញ បុរស​ដែល​ឧស្សាហ៍​ដើរតួ​យក្ស​រូប​នេះ បាន​លើក​ឡើង​ថា រដូវ​ដែល​ក្រុម​ល្ខោន​លោក​មមាញឹក​ខ្លាំង​ គឺ​ចាប់ពី​ខែ​​កុម្ភៈ ដល់​ ខែ ឧសភា។ ក្រៅពី​បូ​ន​ខែ​នេះ សកម្មភាព​សម្ដែង​រាង​រង្វើល​បន្តិច។ ​ក្នុង១ឆ្នាំ ក្រុម​សិល្បៈ​របស់​លោក​អាច​សម្ដែង​បាន​ជាង ១០០ រោង។ បុណ្យ​ខ្លះ​ជួល​តែ ១យប់ ២យប់ ឬ ៣យប់​ក៏​មាន ឯ​រឿង​ត្រូវ​សម្ដែង​ពេលខ្លះ​គេ​កុម្ម៉ង់​ឲ្យ​សម្ដែង តែ​ពេលខ្លះ​ម្ចាស់​ដើម​បុណ្យ​ឲ្យ​ខាង​គាត់​សម្ដែង​រឿង​អ្វី​ក៏បាន​ដែរ ឲ្យ​តែ​ល្អមើល។ សព្វថ្ងៃ​ព្រឹទ្ធាចារ្យ​ក្នុង​ក្រុម​នេះ អាច​ចូល​សម្ដែង​ម្ដងម្កាល​ដែរ ដោយ​ដើរតួ​ជា តួអង្គ​យក្ស ជា​ឪពុក ជា​ឥសី​ ជាដើម។ លោក​ថា រៀងរាល់​ឆ្នាំ​ក្រុម​លោក​ក៏​ត្រូវ​បាន ទូរទស្សន៍​ជាតិ ទ​ទក អញ្ជើញ​ទៅ​សម្ដែង តែ​ពេលខ្លះ​បាន​ទៅ ពេលខ្លះ​ក៏​មិនបាន​ទៅ ព្រោះតែ​រវល់​ខាង​ណេះ​ដែរ។

 

 
ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ

 

មេក្រុម​សិល្បៈ​ខាងលើ បាន​បន្ថែម​ថា ទោះបីជា​បច្ចុប្បន្ន​មាន​ប្រភេទ​សិល្បៈ​ទំនើប​ច្រើន​ក៏ដោយ ក៏​សន្ទុះ​នៃ​ការ​គាំទ្រ​ល្ខោន​កាន់​តែ​មាន​ច្រើន​ដែរ។ ប្រភេទ​រឿង​ដែល​ក្រុម​គាត់​លើក​សម្ដែង​យក​មក​សម្ដែង​ប្រហែល​ជាង ៥០រឿង។

 

សូម​បញ្ជាក់​ថា ឪពុក​របស់​ លោក ​ឌឿ មុន ឈ្មោះ​ឌឿ ឌឹ​ម ក៏​ជា​អ្នក​សម្ដែង​ល្ខោន​ដែរ តាំងពី​សម័យ​សង្គមរាស្ត្រ​និយម។

 
ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ

 

ជីវិត​​​សម្ដែង​ល្ខោន នៅ​ខេត្ត​ត្បូង​ឃ្មុំ

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ