ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​PNN ​ដណ្តើម​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​

ភ្នំពេញ​: កីឡាករ​លេង​គុន​ខ្មែរ​លំដាប់​ជួរមុខ​កម្ពុជា​និង​ជើង​ខ្លាំង​ប្រដាល់​ថៃ​នឹង​ឡើង​អង្រួន​សង្វៀន​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ​ដើម្បី​ក្លាយជា​ម្ចាស់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​នៅ​ស្ទូ​ឌី​យោ​ទូរទស្សន៍​PNN​នា​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​២០១៥ ចុង​សប្តាហ៍​នេះ​។​

​ព្រឹត្តិការណ៍​ប្រដាល់សេរី​ដ៏​លេចធ្លោ​មិន​ធ្លាប់​មាននៅ​កម្ពុជា​ដើម្បី​ចម្រាញ់​យក​កីឡាករ​ល្អ​ផ្តាច់ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ ៥៧ និង​៦៣.៥​គ​.​ក្រ​នេះ​នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​PNN​ចាប់ពី​ម៉ោង​៤​រសៀល ថ្ងៃ​សៅរ៍​នេះ​។​

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​PNN ​ដណ្តើម​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​

​កូន​ខ្លា​ជើង​រន្ទះ​កណ្ដាប់ដៃ​ផ្ទេ​ក​បន្ទោរ អាំង សំអាត នឹង​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ សៀវ ង៉ុ​យ​នា​គូ​ទី​១​ដើម្បី​កាត់សេចក្តី​ថា​តើន​រណា​ជា​អធិរាជ​លើស​ង្វៀន​នៅក្នុង​ប្រភេទ​ទម្ងន់​៥៤​គ​.​ក្រ​។​មុន​ឈានដល់​វគ្គ​ផ្តាច់​ព្រ័ត​នេះ អាំង សំអាត បាន​យកឈ្នះ​គូបដិបក្ខ​ទាំង​៤​រូប ខណៈ សៀវ ង៉ុ​យ ចាញ់​១ ឈ្នះ​៣​នៅក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ​របស់​ស្ថានីយទូរទស្សន៍​PNN​កន្លងមក​។​

​រីឯ​គូ​ទី​២​វិញ​គឺជា​វេន​របស់​អ្នក​ប្រដាល់​មុខ​តាន់ ជង្គង់​ថ្ម ជា សំនៀង​ដែល​នឹងត្រូវ​ចូលខ្លួន​មក​តតាំង​ជាមួយ​នាគរាជ​កំពូល​ពិស​របស់​ថៃ ម​ង្គុ​ន​ពេជ្រ​(MongkornpetchChorpradith)​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គ​.​ក្រ​។ អ្នកល្បី​ទាំងពីរ​មិន​ធ្លាប់​ចាញ់​សត្រូវ​លើស​ង្វៀន​ម្តងណា​ឡើយ​កន្លងទៅ​នៅ​PNN​។​

​គូ​ទី​៣​នៅក្នុង​ប្រភេទ​ទម្ងន់​៥៧ គ​.​ក្រ អ្នក​ស្នេហា​វិស័យ​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ នឹង​បាន​ទស្សនា​ម្ចាស់​មេដាយមាស​វ៉ូ​វី​ណា​ម​ពិភពលោក​ឆ្នាំ​២០១៥ សែន រ៉ា​ឌី ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​កីឡាករ​ថៃ​អ្នកលេង​ជង្គង់​គ្មាន​ប្រណី​កង​ភុ​ន​លិ​ក (KongpornlekKiatkorngpon)​។​សម្រាប់​គូ​នេះ កីឡាករ​ម្ទេសខ្មាំង សែន រ៉ា​ឌី បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ទាំងអស់ នៅលើ​សង្វៀន PNN​ចំណែក កង​ភុ​ន​លិ​ក​ធ្លាប់​ឈ្នះ​ដោយ​សន្លប់​១ និង​ឈ្នះ​ដោយ​ពិន្ទុ​៣​ដង​។​

​ជ័យលាភី​ម្នាក់ៗ តាម​ប្រភេទ​ទម្ងន់​របស់ខ្លួន នឹង​ទទួលបាន​ពានរង្វាន់​មួយ ខ្សែក្រវ៉ាត់​មួយ​ពី​ស្រា​បៀរ​លី​អូ ព្រមទាំង​អមដោយ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ខ្មែរ ១​ម៉ឺន​ដុល្លារ​ផងដែរ​។​

​លោក សំណព្វ ប្រធាន​ផ្នែក​កីឡា​របស់​ទូរទស្សន៍​PNN​ថ្លែងថា​៖ “​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ជើងឯក ដែលមាន​ទឹកប្រាក់​ដ៏​មហិមា​នេះ នឹងមាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន មិន​ថា​នៅ​ស្ឌូ​ឌី​យូ​ផ្ទាល់ ឬ​នៅឯ​គេហដ្ឋាន  ដោយសារតែ​កីឡាករ​ទាំង​៦​ដួង​នេះ​សុទ្ធសឹងតែ​ធ្លាប់​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅលើ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ អស់​រយៈពេល​៣​ខែ​មកហើយ​។ ហើយ​ជំនួប​លើក​នេះ នឹង​រឹតតែ​រំភើប​ជក់ចិត្ត​ដិតអារម្មណ៍​ជាង​ពេលណាៗ​ទាំងអស់​”​។​

​មុនពេល​ឈាន​មកដល់​វគ្គ​ផ្តាច់​ព្រាត់​នេះ អាំង សំអាត ធ្លាប់​ឈ្នះ​ការប្រកួត​ចំនួន​២៥​ដង ចាញ់​១៩​ដង ស្មើ​៥​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣​ដង រីឯ​កីឡាករ សៀវ ង៉ុ​យ ឈ្នះ​៦៣​ដង ចាញ់​២១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​២១​ដង​។​

​បើ​និយាយ​អំពី​ប្រវត្តិ​នៃ​ការប្រកួត​ប្រភេទ​ទម្ងន់ ៦៣.៥ គ​.​ក្រ​វិញ កីឡាករ ជា សំនៀង​ធ្លាប់​ប្រកួត​ឈ្នះ​៨២​ដង ចាញ់​៨​ដង ស្មើ​១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧​ដង រីឯ​កីឡា​ករម​ង្គុ​ន​ពេជ្រ​ឈ្នះ ៦៨​ដង ចាញ់​២៨​ដង ស្មើ​២​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣៣​ដង​។​

​កីឡាករ សែន រ៉ា​ឌី ហៅ​ម្ទេសខ្មាំង​មាន​ទម្ងន់ ៥៧ គ​.​ក្រ ធ្លាប់​ឈ្នះ​ការប្រកួត​ចំនួន​៤៥​ដង ចាញ់​១១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣២​ដង​។ កីឡាករ​ដែលមាន​ដើមកំណើត​មកពី​ខេត្តកោះកុង​រូបនេះ នឹង​ជួប​ជាមួយ​កីឡាករ​មកពី​ប្រទេស​ថៃ​កង​ភុ​ន​លិ​ក ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៥២​ដង ចាញ់​២៥​ដង ស្មើ​២​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៩​ដង​។​

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​PNN ​ដណ្តើម​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​
​អាំង សំអាត (​ខ្មែរ​)vs សៀវ ង៉ុ​យ (​ខ្មែរ​)54 Kg

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​PNN ​ដណ្តើម​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​

​ជា សំនៀង (​ខ្មែរ​) vs ម​ង្គុ​ន​ពេជ្រ​(​ថៃ​)63.5Kg

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​PNN ​ដណ្តើម​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​