យុវ​ជន​មួយ​ក្រុម​ជិះ​ម៉ូតូ​រត់គេច​ពី​ក្រុម​ស្ទាវ​ដេញ​កាប់​​ជ្រុល​​បុក​​​រថយន្ត​ឡិច​ស៊ី​ស​ស្លាប់​ម្នាក់ ​របួសធ្ងន់​៣​នាក់

រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​រង​របួស​ធ្ងន់​ ខ​ណៈពេល​ជិះ​ម៉ូតូ​គេចខ្លួន​ពី​ក្រុម​ក្មេង​ស្ទាវ​ដេញ​តាម​កាប់​ពីក្រោយជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ពេញទំហឹង​​ កាលពី​វេលា​ម៉ោង​១១ និង​១០​នាទីយប់ ​ថ្ងៃ​ទី​២២ ​តុលា ​​២០១៥ នៅចំណុច​កើតហេតុ​​តាម​បណ្តោយ​វេ​ង​ស្រេង កែង​​​ផ្លូវ​ចូល​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​​មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​មួយ​ក្រុម​ជិះម៉ូតូ​ជិត១០គ្រឿងបាន​ជិះ​​​ប្រដេញ​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពេលមក​ដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​ពីរ​គ្រឿង
​ទី​មួយ​​ម៉ាក Suzuki Let's ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FI-6452  ​ជិះ​គ្នា​ពីរ​នាក់ ម្នាក់ជាជន​រង​គ្រោះ​ដែល​ស្លាប់​​មានឈ្មោះ យ៉េន ទិ​ត្យ​វង្សា អាយុ​១៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ ភូមិ​ព្រៃ​ញ្ញ​ត ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ម៉ូតូ​ទី​ពីរ​ម៉ាក​Suzuki nex  ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CM-0733 ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​​ពី​ក្រោយ​​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Luxus RX300 ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ស៊ី​ញ៉ូ​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​ដី​ថ្មី បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ២​នាក់​ទៀត​រង​របួស​បាក់ជើង​ទាំង​២នាក់ ​ដោយឡែក​ម្នាក់​ទៀត​បាន​រត់​ចេញពី​កន្លែង​កើតហេតុ៕