​​ប្រជា​ពលរដ្ឋ​​​មក​ពី​៣ភូមិ​​​ក្នុង​ក្រុង​សៀមរាបលើកគ្នា​​​តវ៉ា​​មុខ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ​

ខេត្តសៀមរាប ៖ ប្រជា​ពលរដ្ឋ​​ជាង​៣០​នាក់​មក​ពី​៣​ភូមិ គឺ​ភូមិ​បឹង​ដូន​ប៉ា​​ ចុង​កៅស៊ូ ក្នុង​សង្កាត់​ស្ល​ក្រាម​ និង​ភូមិ​ព្រៃ​គុយ ក្នុង​សង្កាត់​អំពិល នៃ​ក្រុង​សៀមរាបបាន​លើកគ្នា​​​ឈរកាន់​បដា​ស្រែក​មីក្រូ​បំពង​សម្លេងនៅ​ពី​ខាង​មុខ​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរាដើម្បី​ទាមទារ​ឱ្យ​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ជួយ​ដោះស្រាយ​ដី​ដែល​នៅ​ជាប់​តំបន់​បុរី​សណ្ឋាគារ​អង្គរ​​។​

ប៉ុន្តែ​ក្នុង​ពេល​ក្រុម​ពលរដ្ឋទៅ​ដល់​មុខ​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរា​ពី​ខាងកើត ត្រូវ​បាន​កម្លាំង​របស់​អប្សរា និង​សមត្ថកិច្ច​ចម្រុះ​បាន​ដាក់​ពង្រាយ​រារាំង​មិន​ឱ្យ​ចូល ព្រមទាំង​យក​រថយន្ត​កូរ៉េ​ពីរ​គ្រឿង​ដាក់​ពាំង​ផ្លូវ​មិន​ឱ្យ​ក្បួន​នោះ​ហែចូល​ទៅ​ក្នុង​អាគារ​ឡើយ​។

ហេតុ​ការ​ណ៍​តវ៉ា​នោះ​បាន​ធ្វើ​ឡើងកាល​ពី​រសៀល​ថ្ងៃ​ទី​២១​ តុលា ​​២០១៥ ​នៅ​ទីប្រជុំជន​អង្គរ​ឃ្យូ​ង​យូ រួច​បន្ត​ទៅ​កាន់អាជ្ញាធរ​អប្សរា និង​វិល​ត្រឡប់​មក​សាលា​វិញ បន្ទាប់​ពី​កម្លាំង​របស់​អាជ្ញាធរ​អប្សរា​ និង​សមត្ថកិច្ច រារាំង​មិន​ឱ្យ​ចូល​ជួប​។

​​ក្រុម​ពលរដ្ឋ​​​ដែល​ឈរ​នៅ​ពីមុខ​ខ្លោងទ្វារ​ចូល​មជ្ឈមណ្ឌល​អាជ្ញាធរ​អប្សរា​ខាងកើត​បាន​លើក​ឡើង​ព្រម​ៗ​គ្នា​ថា ពួក​គាត់​មកនេះ​គឺ​សុំ​ជួប​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ដើម្បី​សុំ​ឱ្យ​លោក​ជួយ​ដោះស្រាយ​ដី​ទាំង​បី​ភូមិ គឺ​ភូមិ​បឹង​ដូន​ប៉ា ភូមិ​ចុង​កៅស៊ូ​ក្នុង​សង្កាត់​ស្ល​ក្រាម​និង​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប ជាប់​ក្នុង​តំបន់​អប្សរា​ ដោយ​សារ​តែ​ក្នុងភូមិ​ទាំង​៣​ខាងលើ​នេះ សម្តេច​បាន​ប្រកាស​កាត់​ចេញពី​អប្សរា​ហើយ តែ​ហេតុ​អី​ពួក​គាត់​មួយ​ចំនួន​នៅ​តែ​ជាប់​អប្សរា​ដដែល​។

ក្នុង​ពេល​សាងសង់ ដាំ​ដុះ​ឬ​អាស្រ័យ​ផល​ផ្សេង​ៗ ត្រូវ​ខាង​អប្សរា​មក​ហាមឃាត់ ថែម​ទាំង​រុះរើ​ផ្ទះសម្បែង​ទៀត​ផង សូ​ម្បី​តែ​ធ្វើ​ទ្រុងមាន់​តូច​មួយ​ក៏​មិន​បាន​ផង​។
   ​
​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ខាង​មន្ត្រី​អាជ្ញាធរ​អប្សរាបាន​អនុញ្ញាតឱ្យ​​តំណាង​៤​ទៅ​៥​នាក់ ​​ចូល​ជួប​លោក​បណ្ឌិត​សាស្ត្រាចារ្យ សុខ អាន តែ​ពួក​គេ​បាន​ឆ្លើយប្រាប់​មន្ត្រី​អាជ្ញាធរ​អប្សរា​វិញ​ថា មកនេះ​គ្មាន​អ្នកតំណាង​ទេ  បើ​ឱ្យ​ចូល​គឺ​នាំ​គ្នា​ចូល​ទាំងអស់ ពីព្រោះ​ខ្លាច​គ្មាន​សុវត្ថិភាពពេល​ចូល​ទៅ​ជួប​ជាមួយ​មន្ត្រី​អប្សរា​នោះ​។

​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​បន្ត​ថា ក្រុម​ពួក​ពលរដ្ឋ​ដែល​មក​តវ៉ា​សុំ​ដីធ្លី​ទាំងនេះ គឺ​មិនមែន​រស់នៅ​តំបន់​ក្នុង​បុរី​សណ្ឋាគារ​អង្គរ​ដែល​គេ​ហាមឃាត់​របស់​អាជ្ញាធរ​អប្សរា​ទេ ពួក​គេ​មិនដឹង​មក​ពី​ទីណា​ទេ ព្រោះ​ខាង​មន្ត្រី​យើង​សួរ​ទៅ​មិន​ស្គាល់​ភូមិ-​ឃុំខ្លួន​ឯងផង​។ 

ក្រុម​ពលរដ្ឋ​ទាំង​នោះបាន​នាំ​គ្នា​ឈរ​ស្រែក ព្រមទាំង​លើក​បដា​របស់​សម្តេច​តេ​ជោ ពេញ​មុខ​ខ្លោ​ង​ទ្ធា​រ​ខាងកើត​របស់​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​បានប្រហែល​១​ម៉ោងក៏​បាន​នាំ​គ្នា​ជិះ​រថយន្ត​ និង​ម៉ូតូ​មក​សាលាខេត្ត​​​វិញម្តង ព្រោះ​ខាង​អាជ្ញាធរ​អប្សរា​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​ជូន​ពួក​គាត់​​​ ប៉ុន្តែសមត្ថកិច្ច​នៅ​ទីនោះ​បាន​រារាំង​មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូលទៀតទើប​ពួក​គាត់​ក៏​បាន​បំបែក​គ្នាទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ដោយ​អះអាង​ថា ពួក​គាត់​នឹង​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​​ទៀត​នៅ​ថ្ងៃ​ទី​២៨​ តុលា​ខាង​មុខ​នេះ ហើយការ​តវ៉ា​លើក​ក្រោយ​ជា​ទ្រង់ទ្រាយ​ធំ​ជាង​មុន​​ទៀត​។

ពួក​គាត់​បាន​បញ្ជាក់ថា ​បើ​ថ្ងៃ​ទី​២៨ តុលា​នោះ​នៅ​មិន​បាន​លទ្ធផល​ទៀត ​​ពួក​គាត់​បន្ត​ធ្វើ​ជា​រៀង​រហូត លុះត្រា​ណា​អភិបាលខេត្ត​ ឬ​ខាង​អាជ្ញាធរ​អប្សរា​ដោះស្រាយ​ជូន​ពួក​គាត់​បាន​លទ្ធផលចេញ​ជា​ផ្លែផ្កាទើប​​ឈប់​៕​