លោក អាហ្សាដ បំពេញ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​រុស្ស៊ី ដើម្បីជួបលោក ពូទីន

ដាម៉ាស៖ លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់ អាហ្សាដ បានចាប់ផ្តើមនូវដំណើរទស្សនកិច្ច ដ៏កម្រមួយ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាការងារដោយផ្ទាល់ជាមួយនឹង លោក ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។ វាជាទស្សនកិច្ចលើកដំបូង ហើយនៅលើទឹកដីសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់ខ្លួន បន្ទាប់ពីលោក អាហ្សាដ ត្រូវបានក្រុម ឧទ្ទាមព្យាយាម វាយប្រហារទម្លាក់ចេញពីតំណែង ចាប់តាំងពីឆ្នាំ ២០១១ មក។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥ នេះទៀតថា ការបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ គឺតបតាមការអញ្ជើញរបស់លោក ពូទីន ផ្ទាល់ ដើម្បីឲ្យភាគី ទាំងពីរអាចអង្គុយពិភាក្សាគ្នា បានទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធទៅនឹងប្រតិបត្តិការ ប្រឆាំង ពួកភេរវករ ដែលរុស្ស៊ីកំពុងតែអនុវត្តន៍នៅក្នុងទឹកដីស៊ីរី ផ្ទាល់តែម្តង។

យ៉ាងណាក៏ដោយសម្ព័ន្ធមិត្តទាំងពីរបានបង្ហាញក្តីសង្ឃឹមខ្ពស់ ចំពោះការកម្ចាត់ពួកភេរវករ ចេញពីតំបន់នេះ ក៏ព្រោះតែកន្លងមកនេះ កងកម្លាំងស៊ីរី និង កងទ័ពអាកាសរុស្ស៊ី បានរួមគ្នា បំពេញបេសកកម្មបានយ៉ាង មានប្រសិទ្ធភាព ជាងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។ វាក៏ បានបង្ហាញផងដែរថា រុស្ស៊ីនៅតែបន្តគាំទ្ររបបដឹកនាំរបស់លោក អាហ្សាដ ជានិច្ចបើទោះបី ជាលោកខាងលិច នៅតែមានចេតនាក្នុងការទម្លាក់របបដឹកនាំដែលមានអាយុកាលជិត ៣០ឆ្នាំមួយនេះក៏ដោយ៕

លោក អាហ្សាដ បំពេញ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​រុស្ស៊ី ដើម្បីជួបលោក ពូទីន