តម្លៃប្រេងនៅអាមេរិក បន្តធ្លាក់ចុះ ស្របពេលដែល ប្រាក់ចំណេញកើនឡើង

ញូយ៉ក៖ តម្លៃប្រេងឆៅក្នុងទីផ្សារអាមេរិក បានបន្តធ្លាក់ចុះបន្ថែមទៀត គិតមកដល់ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០១៥ ស្របពេលដែល ប្រាក់ចំណេញពីការលក់វិញ បានកើនឡើងលើស ពីការរំពឹងទុកទៅទៀត។ នេះបើតាមរបាយការណ៍ពី រដ្ឋបាលផ្នែកព័ត៌មាន ស្តីពីថាមពល របស់អាមេរិក ដែលស៊ិនហួ ដកស្រង់ជាប្រចាំសប្តាហ៍ កាលពីថ្ងៃពុធ។

កាលពីសប្តាហ៍មុននេះ ការផ្គត់ផ្គង់ប្រេងឆៅ បានកើនឡើង ៨ លានបារ៉ែលបន្ថែមទៀត រហូតដល់ចំនួន ៤៧៦,៦ លានបារ៉ែល ដែលចំនួននេះ វាបានកើនឡើង ៩៨,៩ លានបារ៉ែល លើសពីរយៈពេលដូចគ្នា កាលពីជាងមួយឆ្នាំមុន។

ចំនួនការផលិតកើនឡើងខ្ពស់បែបនេះ បាននាំឲ្យអ្នកវិភាគពាណិជ្ជកម្ម នានាលើកឡើងពីការ ព្រួយបារម្ភថា ប្រេងឆៅ នឹងអាចលើសការផ្គត់ផ្គង់ ដែលជាហេតុនាំឲ្យតម្លៃរបស់វាបន្ត ធ្លាក់ចុះ យ៉ាង គំហុកបន្ថែមទៀត។ កាលពីសប្តាហ៍មុននេះ អត្រាផលិតប្រេងឆៅ របស់អាមេរិកស្ថិតនៅ ក្នុងកម្រិត ៩,០៩៦ លានបារ៉ែលក្នុងមួយថ្ងៃដដែល ដោយគ្មានការផ្លាស់ប្តូរនោះទេ។

គួរបញ្ជាក់ថា តម្លៃប្រេងឆៅអាមេរិក គិតតាមទីផ្សារពាណិជ្ជកម្មរបស់ទីក្រុង ញូយ៉ក នោះ បានធ្លាក់ចុះ ១,០៩ ដុល្លារបន្ថែមទៀត មកនៅតម្លៃ ៤៥,២ ដុល្លារក្នុងមួយបារ៉ែល ដោយឡែក សម្រាប់ទីផ្សារ ទីក្រុងឡុងដ៍វិញ ប្រេងបានធ្លាក់ចុះតម្លៃ ៨៦ សេន មកនៅត្រឹមតែ ៤៧,៨៥ ដុល្លារអាមេរិក ប៉ុណ្ណោះ ក្នុងមួយបារ៉ែល៕

តម្លៃប្រេងនៅអាមេរិក បន្តធ្លាក់ចុះ ស្របពេលដែល ប្រាក់ចំណេញកើនឡើង