​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ រៀបចំ​ក្នុង​ខេត្តកំពង់ចាម នា​ខែមីនា ឆ្នាំ​២០១៦

ភ្នំពេញ: ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ ដែលជា​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ និង​រៀបចំ​ក្នុង​ខេត្តកំពង់ចាម ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៦ ដើម្បីឱ្យ​ពិធី​នេះ​ប្រព្រឹត្តទៅ បាន​ដោយ​រលូន​នោះ កាលពីពេល​ថ្មីៗ​នេះ នៅ​សាលាខេត្ត​កំពង់ចាម  លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ បាន​ប្រជុំពិភាក្សា​ការងារ ជាមួយ​លោក លន់ លឹម​ថៃ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កំពង់ចាម  និង​អង្គភាព​ពាក់ព័ន្ធ ស្តីពី​ការកំណត់​ទីតាំង និង​កាលបរិច្ឆេទ នៃ​ពេល​ប្រារព្ធ​ពិធីបុណ្យ​នេះ​។​

​លោក​បណ្ឌិត ថោង ខុន មានប្រសាសន៍ថា ព្រឹ​តិ្ត​ការណ៍​នេះ គឺ​រៀបចំឡើង ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ ឱ្យចូល​រួមការ​ងារ​អភិរក្ស និង​អភិវឌ្ឍន៍​ធនធានទឹក​ទន្លេ ប្រកបដោយ ប្រសិទ្ធភាព និង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ តាមរយៈ​ការបង្កើត​តំបន់ ទេសចរណ៍​កែច្នៃ សម្រាប់​ខេត្ត​ដែល​ស្ថិតនៅតាម​ដង​ទន្លេ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​ជា​កិច្ចប្រជុំ​ជា​ផ្លូវការ​លើកដំបូង ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ បន្ទាប់ពី​ការរៀបចំ ឱ្យមាន​ប្រតិភូ ជំនាញ​របស់​ក្រសួងទេសចរណ៍ មក​សិក្សា​ទីតាំង​សម្រាប់​រៀបចំ ពិធី​រួចរាល់​មកហើយ​នោះ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍ ធ្លាប់បាន​បង្កើតជា​ព្រឹត្តិការណ៍ ទេសចរណ៍​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ នៅតាម​តំបន់​នានា នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​សន្តិសុខ មាន​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេសជាតិ និង​វិស័យ​ទេសចរណ៍ មានការ​រីកចម្រើន ជា​បន្តបន្ទាប់​។ ដោយ​មើលឃើញ​នូវ សក្ដានុពល​ដ៏​ល្អ នៅក្នុង​តំបន់​ទន្លេមេគង្គ ទើប​យើង បង្កើតឱ្យមាន​ព្រឹត្តិការណ៍ នៃ​បុណ្យ​ទន្លេ​នេះ​ឡើង ក្នុង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។ ឆ្នាំ​កន្លងទៅនេះ យើង​បានរៀបចំ​ពិធីបុណ្យ​ទន្លេ លើក​ទី​១ នៅ​ខេត្តក្រចេះ​។ ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ក្នុងឆ្នាំនេះ ធ្វើ​នៅ​ខេត្តកំពង់ចាម ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៦ ខាងមុខ​។  បន្ទាប់ពី​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​ហើយ យើង​រំពឹងថា ខេត្តកំពង់ចាម​នឹង​ទទួល បាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មួយកម្រិត​ថែមទៀត​។​

​លោក​អភិបាលខេត្ត លន់ លឹម​ថៃ បានលើកឡើង​ផងដែរ​ថា ចំណាត់ការ​ជាមុន ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម អាជ្ញាធរខេត្ត កំពុង​ធ្វើ​នូវ​កិច្ចការ​ជាច្រើន សម្រាប់​បម្រើ​ទៅដល់​ការរៀបចំ ពិធីបុណ្យ​ទន្លេ នៅពេល​ខាងមុខ ពោលគឺ​មកដល់ពេលនេះ ខេត្ត​បាន​ត្រៀម​នូវ​ទីតាំង សម្រាប់​ប្រារព្ធ​ពិធីបុណ្យ រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​ការ​គូស​នូវ​គំនូស ក៏ដូចជា​ភ្លើង​សញ្ញា​ចរាចរណ៍ នៅក្នុង​ក្រុង​កំពង់ចាម​។ ជាមួយគ្នានេះដែរ ខេត្ត​ក៏បាន​ត្រៀម​ឱ្យមាន ការតាំងពិព័រណ៍ តន្ត្រី​កម្សាន្ត​ជាដើម ដែល​បម្រើឱ្យ​បុណ្យ​ទន្លេ​នេះ ផងដែរ​។​

​លោក​បណ្ឌិត ថោង ខុន បានបញ្ជាក់​ទៀតថា ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ចាម គឺ​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ ចាប់​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​។ នៅ​ថ្ងៃទី​១១ ខែមីនា  ឆ្នាំ​២០១៦ ជា​ថ្ងៃ​ទីមួយ គឺជា​ព្រឹត្តិការណ៍​សកម្មភាព​កីឡា ពេញ​មួយថ្ងៃ ហើយ​នៅ​ថ្ងៃទី​១២ ខែមីនា ជា​ថ្ងៃទី​ពីរ ពេលព្រឹក​សកម្មភាព​កីឡា លុះដល់​ល្ងាច នឹង​សម្ពោធ បើក​ពិធីបុណ្យ​ជា​ផ្លូវការ​។ ដោយឡែក​នៅ​ថ្ងៃទី​១៣ ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិធីបុណ្យ ក៏បាន​រៀបចំ​ជា​សកម្មភាព​កីឡា​ផ្សេងៗ ដូច​ថ្ងៃ​ទីមួយ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ ក៏បាន​សំណូមពរ​ដល់ អភិបាលខេត្ត​កំពង់ចាម  និង​មន្ទីរ​ទេសចរណ៍​ខេត្ត ដើម្បី​ជំរុញ​ឱ្យ​ការប្រព្រឹត្តទៅ នៃ​ពិធីបុណ្យ​ទន្លេ​នេះ បានទទួល​លទ្ធផល​ល្អប្រសើរ ដោយ​រៀបចំ​រចនាសម្ព័ន្ធ តំបន់​ទេសចរណ៍ នៅក្នុង​ខេត្ត ឱ្យបាន​ច្បាស់លាស់ ពីព្រោះថា ពិធីបុណ្យ​ទន្លេ គឺ​បម្រើ​ផលប្រយោជន៍ ឱ្យ​ប្រជាពលរដ្ឋ​មក​កម្សាន្ត​។ ដូច្នេះ​ត្រូវ​គ្រប់គ្រង តំបន់​ទេសចរណ៍ ទាំងអស់នោះ​ឱ្យបាន​ល្អប្រសើរ ជាពិសេស​បញ្ហា​អនាម័យ សាធារណៈ តម្លៃ​សេវា​ផ្សេងៗ សណ្តាប់ធ្នាប់​សាធារណៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ទៅដល់​សាធារណជន​គ្រប់ទិសទី ដើម្បី​បាន​យល់ដឹង អំពី​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ចាម និង​អញ្ជើញ​មក​ចូលរួម ឱ្យបាន​ច្រើន​កុះករ​៕V​/S