រឿង​ទាហាន​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ារិន ដណ្ដើមយក​ដីធ្លី​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង

ករណី​ទាហាន​អង្គភាព​កងពល​តូ​ចលេ​ខ​៤២​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប បានកើត​ឡើង​ជាង​មួយ​សប្ដាហ៍​មកហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ស្រុក​វ៉ារិន ដែលមាន​ជម្លោះដីធ្លី​ជាមួយ​យោធា បាននាំគ្នា​មក​តវ៉ា​ដល់​មុខ​សាលា​ខេត្តសៀមរាប ដើម្បី​ឲ្យ​លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត​ជួយ​ដោះស្រាយ​។ ជាមួយគ្នានេះ​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ក្រុម​ទាហាន​នៅ​ស្រុក​វ៉ារិន កុំ​ឲ្យ​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​តទៅទៀត​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់​តាំងពីដើម​សប្ដាហ៍​មុន​រហូតមក​ដល់ពេលនេះ មាន​ទាហាន​ខ្លះ​បាន​ចូលទៅ​បណ្ដេញ​កសិករ​ព្រមទាំង​ប្រើ​អាវុធ​បាញ់​គំរាម​ផង ដើម្បី​ដណ្ដើមយក​ដីចម្ការ​ដែល​អ្នកភូមិ កំពុង​ដាំដំឡូង​មី​ជាច្រើន​ហិកតា​។ មន្ត្រី​អាជ្ញាធរ​ឃុំ​វ៉ារិន ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុង​រក​មធ្យោបាយ​តាមផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​ប្រឆាំង​ទៅនឹង​ទាហាន​អង្គភាព​កងពល​តូ​ចលេ​ខ​៤២​ខ្លះ ដែល​កំពុង​ធ្វើ​សកម្មភាព​ដណ្ដើមយក​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជា​បន្តបន្ទាប់​។ មន្ត្រី​ប្រឹក្សា​ឃុំ​វ៉ារិន បាន​បញ្ជាក់ថា រយៈពេល​ជាង​មួយ​សប្ដាហ៍​មកហើយ ដែល​ក្រុម​ទាហាន​ខ្លះ​នៃ​កងពលតូច​លេខ​៤២​បាន​ទៅ​បណ្ដេញ​ប្រជាកសិករ ព្រមទាំង​ប្រើ​អាវុធ​បាញ់​គំរាម​ផង ដើម្បី​ដណ្ដើមយក​ដីធ្លី​ជាច្រើន​ហិកតា​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ លោក ឆូ​យ អឿន មេឃុំ​វ៉ារិន បាន​អះអាង​កាលពី​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួ​សារបាន​ចូលទៅ​កាន់កាប់​ដី​ប្រហែលជា​៥០០​ហិកតា នៅ​តំបន់​ជិត​ភូមិ​តា​នៀល និង​ច្រាប​ស្វា ដើម្បី​ធ្វើស្រែ​ចម្ការ​។ ក៏ប៉ុន្តែ​កាលពី​មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​រហូតដល់​ពេលនេះ ស្រាប់​តែមាន​ទាហាន​នៅក្នុង​អង្គភាព​នៃ​កងពលតូច​លេខ​៤២​ខ្លះ បានចេញ​មុខ​ទៅ​ដណ្ដើមយក​ដី​ទាំងនោះ​ពី​ប្រជាពលរដ្ឋ ដោយ​គេ​អះអាងថា គឺជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​ចែក​ឲ្យ​ទាហាន​ចូលនិវត្តន៍​។ លោក ឆូ​យ អឿន មេឃុំ​វ៉ារិន បាន​បញ្ជាក់ថា លោក​មិន​សុខចិត្ត​ចំពោះ​សកម្មភាព​ទាហាន​ដែល​កំពុង​ដណ្ដើមយក​ដី​ស្រែចម្ការ​ពី​ប្រជាកសិករ​នោះទេ​។

​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ដល់​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ទាហាន​កងពល​តូច​លេខ​៤២​កំពុងតែ​ប្រើ​កាំភ្លើង​គំរាមកំហែង​ដណ្ដើមយក​ដីស្រែ​ចម្ការ​ពី​ពួកគាត់​យ៉ាង​ព្រៃផ្សៃ​បំផុត​។ ជាពិសេស​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ មិនគួរ​ទុក​ឲ្យ​ទាហាន​កងពលតូច​លេខ​៤២​ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឧត្ដមសេនីយ៍ ប៉ែន វ៉ូ​យ ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​ទេ​៕

teabanh_305លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ image