លោក ជួន វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ ល្បីឈ្មោះ​កាន់តែខ្លាំង​ខាង​ពុករលួយ

​ប្រហែលជា​យក​គំរូ​តាម​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ទើប​លោក ជួន វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង ហើយ​កំពុង​ស្ថិតក្រោម​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។ គេ​ចាំ​មើលថា​តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ចាត់វិធានការ​បែបណា​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា​លោក ជួន វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ​។ ដោយហេតុថា​រឿងអាស្រូវ​ពុករលួយ​របស់លោក ជួន វ៉ាន ត្រូវបាន​មន្ត្រីរាជការ​មន្ទីរ​ធម្ម​ការ​និង​សាសនា​ខេត្តកំពត លាតត្រដាង​អស់​ទៅហើយ​។

រឿងអាស្រូវ​ពុករលួយ​អាក្រក់​បំផុត​របស់លោក ជួន វ៉ាន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ គឺពាក់ព័ន្ធ​ទៅនឹង​ការយក​ប្រាក់​ពី​ចៅអធិការ​វត្ត​ដែល​ត្រូវ​តែងតាំង​ថ្មី ចាប់ពី​៣០០​ដល់​៥០០​ដុល្លារ​។ មន្ត្រីរាជការ​មន្ទីរ​ធ​ម្មការ​និង​សាសនា​ខេត្តតាកែវ បាន​លាតត្រដាង​ទៀតថា ចៅអធិការ​វត្ត​ទូទាំង​ខេ​ត​តាកែវ បើ​ចង់បាន​តំណែង​ជា​ចៅអធិការ​វត្ត​ពេញសិទ្ធិ ត្រូវតែ​បង់ប្រាក់​ជូន​លោក ជួន វ៉ាន ចាប់ពី​១០០​ដល់​៣០០​ដុល្លារ និង​តំណែង​អនុគណ​ស្រុក និង​មេគណ​ខេត្ត ត្រូវ​បង់លុយ​ពី​២០០០​ដល់​៣៥០០​ដុល្លារ​។ ក្រៅពីនេះ​មាន​បញ្ហា​មិន​ប្រក្រតី​ក្នុងការ​ជ្រើសរើស​មន្ត្រី​ធម្មការ ដែល​ត្រូវ​បង់លុយ​ចាប់ពី​២០០០​ដល់​៣០០០​ដុល្លារ ហើយ​ការប្រឡង​ពុទ្ធិកបឋមសិក្សា​ត្រូវ​សូកលុយ​២០០​ដល់​៣០០​ដុល្លារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជួន វ៉ាន និង​បក្ខពួក​មួយ​ក្ដាប់​តូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

តាម​ប្រភពពី​មន្ត្រីរាជការ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មុនពេល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ លោក ជួន វ៉ាន ជិះ​តែ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពេល​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​លោក ជួន វ៉ាន មាន​លុយ​ទិញ​ដី​ទិញ​រថយន្ត​និង​ដើរ​ផឹកស៊ី​ហ៊ឺហា​សប្បាយ​យ៉ាង​ក្រអឺតក្រទម​។ ដោយសារតែ​អំពើពុករលួយ​របស់លោក ជួន វ៉ាន ទើប​ការងារ​នៅក្នុង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតាកែវ គ្មាន​ការរីកចម្រើន​ព្រោះ​លោក ជួន វ៉ាន គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​ពុករលួយ​ដូច​លោក ជួន វ៉ាន ជាបន្ទាន់​ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ពុករលួយ​ដទៃទៀត​ផងដែរ​៕

d5ceb021-f441-4fac-b071-385d1e1d678cលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ល្បីខាងពុករលួយ er15822_n monty11