ផ្លូវ​ក្នុង​ខេត្តស្ទឹងត្រែង គ្មាន​គុណភាព​ដោយសារតែ​អំពើពុករលួយ

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ស្ទឹងត្រែង និង​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ខេត្ត​នេះ​ដែល​ទើប​ស្ថាបនា​និង​ជួសជុល​ហើយ ក៏ត្រូវ​ខូចខាត​ទៅវិញ​ជា​បន្តបន្ទាប់​មាន​ជង្ហុក​ក្រហេងក្រហូង ដោយសារតែ​ផ្លូវ​គ្មាន​គុណភាព​។ បញ្ហា​នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​គុណភាព​ផ្លូវ​ក្នុង​ខេត្តស្ទឹងត្រែង​ជាបន្ទាន់ ព្រោះ​ផ្លូវ​ខ្លះ​ជួសជុល​មិនទាន់រួច​ផង​ត្រូវ​ខូច​ឡើងវិញ​ទៅហើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង កិបកេង​លុយ​ច្រើន​ទើប​ធ្វើ​ផ្លូវ​និង​ជួសជុល​ផ្លូវ​គ្មាន​គុណភាព​។

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ទៀតថា​ការធ្វើដំណើរ​តាមផ្លូវ​របស់​ពួកគាត់​ជា​ញឹកញាប់​ត្រូវ​រំខាន​ដោយសារ​ការជួសជុល​ផ្លូវ ព្រោះ​គេ​ជួសជុល​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ផ្លូវ​នោះ​ខូច​ទៅវិញ​។ ដោយសារតែ​ផ្លូវ​គ្មាន​គុណភាព​ពោរពេញ​ដោយ​ជង្ហុក​ជ្រៅៗ និង​រអិលខ្លាំង​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដែល​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនត្រូវ​មើលរំលង​នោះទេ​។ បើ​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ធ្វើ​អ្វី​ដោយ​គ្មាន​ការត្រួតពិនិត្យ​គឺ​ផ្លូវ​គ្មាន​គុណភាព ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ដដែល​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ស គីម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បាន​ស្វាគមន៍​ចំពោះ​ការរិះគន់​របស់​ប្រជាពលរដ្ឋ ព្រោះ​ជា​សារ​មួយ​សម្រាប់​ថ្នាក់លើ​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​នៅតែ​សង្ស័យថា មកពី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ពុករលួយ​កេ​ប្រវ័ញ្ច​ថវិកា​ច្រើនពេក​ទើប​ស្ថាបនា​ផ្លូវ​និង​ជួសជុល​ផ្លូវ​គ្មាន​គុណភាព ជាក់ស្ដែង​ផ្លូវ​ខ្លះ​ដែល​ទើបតែ​ធ្វើ​ហើយ ត្រូវ​ខូច​ទៅវិញ​ភ្លាមៗ ហើយ​តាម​ពិនិត្យ​ជាក់ស្ដែង​ផ្លូវ​នោះ​ស្ថាបនា​មិន​ស្របតាម​បទដ្ឋាន​ប​ចេ្ច​ក​ទេស​ឡើយ​។ ហេតុនេះ​លោក ត្រាំ អ៊ីវតឹក គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ទៅលើ​គុណភាព​ផ្លូវ​នៅ​ខេត្តស្ទឹងត្រែង ព្រោះ​ផ្លូវ​ខ្លះ​កំពុង​ធ្វើ​មិនទាន់​ដក​គ្រឿងចក្រ​ចេញ​ផង បែរជា​ខូច​បណ្ដើរៗ​ទៅហើយ​៕

1598384_554500151307837_1208648169_nលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន Steng-treng - Copy Steng-treng