បញ្ហា​កុងត្រូលជជុះ​នៅ​ខេត្តសៀមរាប ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង​

កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ជាច្រើន​ក្រុមហ៊ុន បានធ្វើ​ការតវ៉ា​យ៉ាងខ្លាំង​ប្រឆាំង​កុងត្រូលជជុះ​ជំរិត​ទារលុយ​នៅក្បែរ​បុរី សៀង​ណាំ ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ដោយ​ពួកគេ​មិន​ព្រម​ចូល​បង់លុយ​ឡើយ​។ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​បាន​យក​រថយន្ត​របស់​ពួកគេ​ប្រមាណ​១០​គ្រឿង មក​តម្រៀប​លើផ្លូវ​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​យ៉ាងខ្លាំង ដើម្បី​ជំរុញ​ឲ្យ​អភិបាលក្រុង​សៀមរាប ចេញ​មុខមក​អន្តរាគមន៍​។ ជាមួយគ្នានេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ដែល​ខំប្រឹង​បិទបាំង​រឿង​កុងត្រូលជជុះ ក៏​គួរ​ចេញមុខ​មក​លុបបំបាត់​កុងត្រូលជជុះ​នៅក្បែរ​បុរី សៀង​ណាំ ផងដែរ​។

តំណាង​ក្រុមហ៊ុន​ឡា​រីតា ដឹកជញ្ជូន​អ្នកដំណើរ​បាន​អះអាងថា សន្តិសុខ​មួយក្រុម​តែងតែ​យកលុយ​នៅ​កន្លែង​បង់​ចំណត​និង​មាន​មួយក្រុម​ទៀត​ទៅ​ដើរ​ប្រមូល​យកលុយ​ពី​ក្រុមហ៊ុន និង​តែងតែ​ដូរ​មុខ​មនុស្ស​រហូត​។ លោក ស៊ុន ស៊ីម តំណាង​ក្រុមហ៊ុន​ឡា​រីតា បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ចំនួន​៨​បានដាក់​សំណើរ​ទៅ​អភិបាលខេត្ត​សៀមរាប ព្រោះ​ពួកគេ​សុទ្ធ​តែមាន​បញ្ហា​ត្រូវ​ក្រុម​កុងត្រូលជជុះ​ជំរិត​យកលុយ​ដូចគ្នា​។ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ សាលាក្រុង​សៀមរាប បាន​កោះប្រជុំ​តំណាង​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ​។ លោក ស៊ូ ប្លា​តុង អភិបាលក្រុង​សៀមរាប ហាក់ដូចជា​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុម​បង្កើត​កុងត្រូលជជុះ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​សូម្បីតែ​ប៉ិន​ស​សៃ​សក់​។

​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ដែល​ធ្វើ​ការតវ៉ា​កាន់តែខ្លាំង​ឡើងៗ ប្រឆាំង​កុងត្រូលជជុះ​ដែលមាន​អភិបាលក្រុង​សៀមរាប​នៅ​ពីក្រោយ​ខ្នង​នោះ បាន​លើកឡើងថា ពួកគេ​ចង់​ឲ្យ​មាន​តារាង​កំណត់​តម្លៃ​មួយ​ពិតប្រាកដ​ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថា​តើ​ពួកគេ​ត្រូវ​បង់​តម្លៃ​ប៉ុន្មាន​សម្រាប់​ចំណត​។ ការដែល​អាជ្ញាធរ​ក្រុង​សៀមរាប​បណ្ដោយ​ឲ្យ​មាន​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​ដែល​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ស៊ូ ប្លា​តុង អភិបាលក្រុង​សៀមរាប មិនអាច​បិទបាំង​បានឡើយ​។ គេ​មិនដឹងថា​លោក ឃឹម ប៊ុន​សុង និង​លោក ស៊ូ ប្លា​តុង ទទួលបាន​ផលប្រយោជន៍​ពី​កុងត្រូលជជុះ​ឬ​យ៉ាងណា​ឡើយ ទើប​ពួកគេ​មិន​ព្រម​ដោះស្រាយ​តាម​ការតវ៉ា​របស់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​៕

1959323_451590284973607_322203053_nលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប 0011ក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរយករថយន្តបិទផ្លូវធ្វើការតវ៉ា