បារាំង​ចុះ​កិច្ចព្រមព្រៀងលក់គ្រឿង​​សព្វាវុធ​ឲ្យ​កូ​វ៉ែត

​បារាំង​៖​បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​គ្រឿង​សព្វាវុធ​បារាំង​ក្នុងតម្លៃ​ទឹកប្រាក់ ជាង ២​ពាន់ លាន​អឺរ៉ូ កាលពី​ម្សិលមិញ​ក្រោម​វត្តមាន​នាយករដ្ឋមន្ត្រី​បារាំង និង​នាយករដ្ឋមន្ត្រី​កូ​វ៉ែត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅក្នុង​ប្រទេស​បារាំង​។ ជំនួញ​លក់​អាវុធ របស់​បារាំង បាន​ឡើង​កូដ​ខ្លាំង ក្នុង​កាលៈទេសៈ​ដែល ប្រទេស​អតិថិជន​ភាគច្រើន របស់​បារាំង ស្ថិតនៅ​តំបន់​ដើម​បូព៌ា និង​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង ពី​ក្រុម​ជី​ហា​តនៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​។​

​តាមរយៈ កិច្ចព្រមព្រៀង ដែលមាន​តម្លៃ​ដល់​ទៅ​ជាង ២​ពាន់​លាន​អឺរ៉ូ រដ្ឋាភិបាល​កូ​វ៉ែត​ចង់បាន​សព្វាវុធ​បារាំង ទៅ​បំពាក់​ឲ្យ​កងទ័ពអាកាស ជើងគោក និង​ជើង​ទឹក​របស់​កូ​វ៉ែត​។ តាម​មន្ត្រី​យោធា ដែល​ស្និទ្ធ​នឹង​រដ្ឋមន្ត្រី​ការពារជាតិ​បារាំងបានថ្លែងថា ដំណាក់កាល​ដំបូង នៃ​កិច្ចព្រមព្រៀង នឹង​ផ្តោតទៅលើ​ឧទ្ធម្ភាគចក្រ​បារាំង​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ២​ឆ្នាំ ការបញ្ជាទិញ​សព្វាវុធ​បារាំង​បាន​កើនឡើង​ទ្វេដង ពី​៤,៨​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១២ ទៅដល់ ៨,២ ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៤​។ ចំណូល​បានមកពី​ការលក់​អាវុធ​ចេញទៅ​បរទេស​បាន​កើនឡើង​ជាង​១២​ពាន់​លាន​អឺរ៉ូ​នៅ​ដើមឆ្នាំ ២០១៥៕

បារាំង​ចុះ​កិច្ចព្រមព្រៀងលក់គ្រឿង​​សព្វាវុធ​ឲ្យ​កូ​វ៉ែត