ក្រុមសង្គម​ស៊ីវិល​ គាំទ្រ​ការ​លុប​​ចោល​​ការ​យក​ពន្ធ លើ​មធ្យោបាយ​​ដឹក​ជញ្ជូន និង​​ ម៉ូតូ

ក្រុមសង្គម​ស៊ីវិល​ គាំទ្រ​ការ​លុប​​ចោល​​ការ​យក​ពន្ធ លើ​មធ្យោបាយ​​ដឹក​ជញ្ជូន និង​​ ម៉ូតូ

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល បាន​សម្ដែងការ​​សាទរ​ ចំពោះ​​ការ​​លុប​ចោល​ការ​យក​ពន្ធ​ លើមធ្យោបាយ​ដឹក​ជញ្ជូន ​ទោ​ច​ក្រ​យាន​យន្ត​ (ម៉ូតូ) ត្រីចក្រយានយន្ត និង​យាន​ជំនិះ​មួយ​ចំនួន​ទៀត ក្នុង​ឆ្នាំ ២០១៦ របស់​រដ្ឋាភិបាល ដោយ​លើកឡើង​ថា ជា​ការជួយ​​សម្រួល​ជីវភាព​ប្រជា​ពល​ឲ្យ​មាន​ប្រាក់​ចំណូល​ទាប​បាន​មួយ​កម្រិត។

 

ក្រុមសង្គម​ស៊ីវិល​ គាំទ្រ​ការ​លុប​​ចោល​​ការ​យក​ពន្ធ លើ​មធ្យោបាយ​​ដឹក​ជញ្ជូន និង​​ ម៉ូតូ

 

ចំពោះ​​ចំណាត់​ការ​នេះ លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​ សន្តិភាព បាន​​សម្ដែង​ការ​សាទរ ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​មួយ​ដល់​ពលរដ្ឋ និង​ ធ្វើ​ឱ្យ​ពល​រដ្ឋ​​មក​ពី​ជនបទលែង​បារម្ភ​រឿង​ប៉ូលិសសួរ​នាំ ប៉ុន្តែ​​លោក​ថា សម្រាប់​យានយន្ត​ផ្សេងៗ​ទៀត រដ្ឋាភិបាល​គួរ​តែ​បន្ធូរបន្ថយ​ពន្ធ​ខ្លះ​ដែរ។ “រថយន្ត​មួយ​ចំនួន​ទៀត​ក្រៅ​ពី​ទោចក្រយានយន្ត និង​ត្រី​ចក្រយានយន្ត រដ្ឋាភិបាល​គួរ​កុំ​យក​ពន្ធ​ច្រើន​ពេក បើ​រថយន្ត​ធំ ដែល​បង្ក​ឱ្យ​ខូច​ផ្លូវ​ដូច​កុងតឺន័រ​ជាដើមសឹម​គិត​ច្រើន”។

 

លោក សន ជ័យ តំណាង​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ថា លោក​​ក៏​រីករាយ​នៅ​ពេល​រដ្ឋាភិបាលគិត​ពី​បញ្ហា​នេះ ដែល​ជា​ការ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ ​មាន​ប្រាក់​ចំណូលទាប។ ទោះបីជា​យ៉ាងណា លោក​ថា​ ការ​​លុប​ចោល​នេះ មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ប្រជាពលរដ្ឋ ក៏​មិន​ខ្លាច​នឹង​បង់​ពន្ធ​ជូន​រដ្ឋ​ដែរ ៖ “ពន្ធ១ឆ្នាំ ៤ ០០០ រៀល ពួកគាត់ [ប្រជាជន] មិន​ខ្លាច​នឹង​បង់​ទេ ខ្ញុំ​គិត​ថា​ដូច​គ្មាន​អី​ភ្ញាក់ផ្អើល​ យក​ល្អ​រដ្ឋាភិបាល​គួរ​តែ​​បន្ថយ​ លើ​ពន្ធ​ប្រេងសាំង​វិញ​ល្អ​ជាង”។

 

អ្វី​​លោក​បារម្ភ​ គឺ​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​​ការ​នាំ​ចូល និង​ ការ​ដឹកជញ្ជូន ដើរតួ​យ៉ាង​សំខាន់ក្នុង​ប្រទេស​នេះ ហើយ​រដ្ឋាភិបាល​គួរ​​យក​ចិត្ត​ទុកដាក់ និង​ កាត់​បន្ថយ​ពន្ធ​នាំចូល​ប្រេង​សាំង​វិញ ដើម្បី​ជួយ​សម្រួល​ដល់​​កម្មករ​រោងចក្រ មន្ត្រី​រាជការ និង​​អ្នក​មាន​ប្រាក់​ចំណូល​ទាប។ បើ​ប្រេង​សាំង​មាន​តម្លៃ​ថោក តម្លៃ​អាហារ​ហូបចុក​ផ្សេងៗ តម្លៃ​ទំនិញ​សព្វសារពើ អាច​កើន​តិចតួច ​ធ្លាក់​ចុះ ឬ​ថេរ ហើយ​រដ្ឋាភិបាល​គួរ​រឹត​បន្តឹង ការ​យក​ពន្ធ​អចលនទ្រព្យ (យក​ពន្ធ​ឱ្យ​ស្មើ​គ្នា) ពន្ធ​លើ​រថយន្ត ដោយ​​អនុវត្ត​តាម​គោលការណ៍​ត្រឹមត្រូវ និង​គ្មាន​​ការ​ស៊ីសំណូក។

 

“បើ​ជា​​យោបល់​ខ្ញុំ​រវាង​ពន្ធ​ម៉ូតូ​ប្រចាំ​ឆ្នាំ និង​ពន្ធ​លើ​ប្រេងសាំង បើ​កាត់​បន្ថយ​ពន្ធ​នាំចូល​ប្រេង​សាំង គឺ​​ជួយ​បន្តិច​ដែរ។ កម្ពុជា​ជា​ប្រទេស​ដឹកជញ្ជូន ទំនិញ​បន្ថែ​ផ្លែឈើ​អីហ្នឹង ទំនិញ​ថ្លៃ​គេ​បន្ទោស ថា​មក​ពី​សាំង។ រដ្ឋ​ក៏​អាច​គ្រប់គ្រង​ទំនិញ​ហ្នឹង​មិន​ឱ្យ​ឡើង​ថ្លៃ​បាន… អ្នក​ធូរធារ​ល្មមៗ​ក៏​​ត្អូញ​ដែរ​ថា ពី​មុន​អស់​សាំង​តែ ១០ ដុល្លារ​ទេ តែ​ឥលូវ​អស់ ១៥ ដុល្លារ អ៊ីចឹង​វា [ការបន្ថយពន្ធប្រេងសាំង]​ រួមចំណែក​​ជួយ​ប្រជា​ពលរដ្ឋ​បាន​ធូរ​ស្បើយ​ដែរ”។

 

ក្រុមសង្គម​ស៊ីវិល​ គាំទ្រ​ការ​លុប​​ចោល​​ការ​យក​ពន្ធ លើ​មធ្យោបាយ​​ដឹក​ជញ្ជូន និង​​ ម៉ូតូ

 

 

 

ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសកាលពីព្រឹកមិញនេះថា ចាប់ពីឆ្នាំ ២០១៦ទៅ រាជរដ្ឋាភិបាលបានសម្រេចលុបចោលប្រាក់ពន្ធ ការយកពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ មួយចំនួន ដូចជា ពន្ធទោចក្រយានយន្ដ និង ត្រីចក្រយានយន្ដ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ការប្រកាសជាសាធារណៈនេះធ្វើឡើងក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ហើយអង្គប្រជុំ​កាល​ពី​ម្សិលមិញ បានស្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាបគ្រប់គ្រង់ឆ្នាំ ២០១៦។

 

បន្ទាប់ពីសេចក្ដីព្រាងច្បាប់ខាងលើអនុម័តដោយគណៈរដ្ឋមន្រ្តីហើយនោះ សេចក្ដីព្រាងច្បាប់នេះក៏ត្រៀមបញ្ជូនទៅកាន់រដ្ឋសភាអនុម័ត ហើយប្រសិនបើរដ្ឋសភាអនុម័តចូលជាធរមាននោះ ការយកពន្ធផ្លូវសម្រាប់ម៉ូតូ និង ត្រីចក្រយានយន្ដនឹងត្រូវចាប់ផ្ដើមអនុវត្ត ប៉ុន្ដែ បច្ចុប្បន្នភាព ការបង់ពន្ធផ្លូវនៅអនុវត្តធម្មតានៅឡើយ៕

 

ចុចអាន៖ ការ​បោះបង់​គ្រួសារ​ នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ?

ចុចអាន៖ អ្នក​ច្បាប់​ពន្យល់​ពី​​​​​​ការ​ធ្វើ​កិច្ច​សន្យា​លក់-ទិញ​ជា​លាយ​លក្ខណ៍​អក្សរ​​​​ប្រកប​ដោយ​សុវត្ថិភាព

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ