ហ្សូណូ ត្រៀម​ជិះ​កង់​រៃ​អង្គាស​លុយ​ជួយ គន្ធបុប្ផា


ហ្សូណូ ត្រៀម​ជិះ​កង់​រៃ​អង្គាស​លុយ​ជួយ គន្ធបុប្ផា

ហ្សូណូ បាន​ប្រកាស​ថា កំពុង​ត្រៀម​ខ្លួន​ចូលរួម​កម្មវិធី​ជិះកង់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្នុង​ថ្ងៃ ៩ ​វិច្ឆិកា ២០១៥ ជា​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​ខាង​មុខ​នេះ។

 

ហ្សូណូ ត្រៀម​ជិះ​កង់​រៃ​អង្គាស​លុយ​ជួយ គន្ធបុប្ផា

 

“ដោយ​សារ​មន្ទីរ​ពេទ្យ ​គន្ធបុប្ផា បាន​ជួយ​ក្មេងៗ​ច្រើន​ណាស់​នៅ​ប្រទេស​កម្ពុជា និង​កំពុង​មាន​ការ​ខ្វះ​ខាត ដូច្នេះ​ខ្ញុំ​ក៏​ចូលរួម​តែ​ម្ដង ដោយ​មើល​ឃើញ​ខ្មែរ​យើង​ឥឡូវ​ចេះ​រួបរួម​ជួយ​គ្នា​យ៉ាង​ផុលផុស”។ ហ្សូណូ ថ្លែង​មក​កាន់ Sabay ព្រឹក​នេះ។ តារា​ចម្រៀង​ដដែល​បន្ថែម​ថា កន្លង​មក​ធ្លាប់​តែ​ធ្វើ​សកម្មភាព​ជួយ​ក្មេងៗ​តាម​អង្គការ​នានា សាកលវិទ្យាល័យ និង​ដើរ​រើស​សំរាម​សំអាត​បរិស្ថាន​ជា​ដើម។ ប៉ុន្តែ​សកម្មភាព​ទាំង​នោះ​មិន​ត្រូវ​បាន​ស្ដែង​ឱ្យ​មហាជន​ឃើញ​នោះ​ទេ។

 

យ៉ាង​ណា​ក៏​ដោយ នេះ​ជា​លើក​ទី ១ ហើយ ដែល​រូប​គេ​បាន​ចូលរួម​សកម្មភាព​ជិះកង់​ជាមួយ​ក្រុម នគរ​រាជ្យ របស់ ឌីជេ អាចារ្យ​ធំ ជួយ​ស្វែង​រក​ថវិកា​ទ្រទ្រង់​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​ក្នុង​ការ​ព្យាបាល​ជំងឺ​កុមារ ខណៈ​ស្ថាបនិក​វេជ្ជបណ្ឌិត Beat Richner ធ្លាប់​បាន​ប្រកាស​ជា​ចំហ​ ពី​ការ​ខ្វះ​ខាត​កាល​ពី​ពេល​ថ្មី​នេះ និង​កំពុង​ត្រូវ​ការ​ជំនួយ​​បន្ត​ដំណើរ​ការ។

 

ម្ចាស់​បទ “កូន​ប្រុស​ខុស​ហើយ” បាន​បញ្ជាក់​ថា ប្រសិន​បើ​ផែន​ការ​លើក​នេះ​ទទួល​ជោគជ័យ ពួក​គេ​នឹង​រៀប​ចំ​គម្រោង​ទៅ​កាន់​តំបន់​មួយ​ចំនួន​ទៀត ដែល​មាន​សក្ដានុពល​ទេសចរណ៍​ដូច​ជា​សៀមរាប និង​ខេត្ត​ព្រះសីហនុ ជា​ដើម ក្នុង​ការ​បង្កើន​អ្នក​ចូលរួម​ផង​ដែរ។ ម្យ៉ាង​ទៀត តារា​ចម្រៀង​រូប​នេះ​ចង់​ឱ្យ​អ្នក​មាន​ធនធាន ធ្វើ​យ៉ាង​ណា​ចូលរួម​បរិច្ចាគ​ទ្រព្យធន​ខ្លះ ក្នុង​បុព្វហេតុ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា។

 

ហ្សូណូ ត្រៀម​ជិះ​កង់​រៃ​អង្គាស​លុយ​ជួយ គន្ធបុប្ផា

 

ហ្សូណូ ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ឱ្យ​ច្រើន បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ។ ក្រៅ​ពី​បង្ហាញ​នូវ​សាមគ្គីភាព​ហើយ​នោះ ក៏​ជា​ការ​បង្កើន​ចំនួន​ថវិកា​សម្រាប់​ផ្ដល់​ទៅ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ តាម​រយៈ​ការ​ទិញ​សំបុត្រ​ចូលរួម។

 

ឌីជេ អាចារ្យធំ តំណាង​អ្នក​រៀប​ចំ​កម្មវិធី​បញ្ជាក់​ថា ព្រឹត្តិការណ៍​ខាង​លើ មាន​លក់​សំបុត្រ​ក្នុង​តម្លៃ ១៥ ដុល្លារ សម្រាប់​អ្នក​គ្មាន​កង់ និង​តម្លៃ​១០ដុល្លារ សម្រាប់​អ្នក​មាន​កង់​ផ្ទាល់​ខ្លួន។ ថវិកា​បាន​មក​ពី​លក់​សំបុត្រ​ត្រូវ​បូក​បញ្ចូល​ក្នុង​មូលនិធិ​ទាំង​អស់​។ ដើម្បី​លើក​កម្ពស់ និង​អភិរក្ស​វប្បធម៌​ខ្មែរ អ្នក​រៀបចំ​ក៏​មាន​ចែក​ជូន​ក្រមា​ខ្មែរ និង​មួក​ស្លឹក​ត្នោត​ខ្មែរ​ ដល់​អ្នក​ចូលរួម​ទាំង​អស់​ផង​ដែរ៕

 

អានអត្ថបទ៖  ឈិន ច័ន្ទសុធារី អួល​ដើម​ក​ក្នុង​ថ្ងៃ​រៀបការ

អាន​អត្ថបទ៖ បរាជ័យ​របស់ អ៊ាម វន្នី ធ្វើ​ឱ្យ​ម្ដាយ​អតីត​តារា​កំប្លែង​ស្រី​ម្នាក់​យំ​អត់​បាយ ៣ ​ថ្ងៃ

អត្ថបទ៖ សំ ជំនាញ