អាហារ​មួយ​ចំនួន​បង្ក​គ្រោះ​ថ្នាក់​អំឡុង​ពេល​មានផ្ទៃពោះ​

“វាជា​រឿង​ដ៏រំភើប​រីករាយ ​ផ្អែម​ល្ហែម​យ៉ាង​ពិសេស​ ដែល​ស្រ្ដីមាន​សមត្ថ​ភាព​បង្កើត​នូវ​ពន្លក​ជីវិត​ក្នុងផ្ទៃ​របស់ខ្លួន”​ នេះ​គឺជា​ទស្សនា​ទាន​ដ៏ល្អ​របស់​លោក​ស្រី​ Pamela S.  Nadav ដែល​បំព្រួញ​សេចក្ដី​ចំពោះ​ពេល​វេលាដ៏​អស្ចារ្យ​នៅក្នុង​ជីវិត​របស់​ស្រ្ដី ​នៅពេល​នាង​មាន​ផ្ទៃពោះ​។ ពេល​វេលា​មាន​ផ្ទៃពោះ ​អាច​ជាពេល​វេលា​មួយ​ ដ៏ស្មុគ​ស្មាញ​សម្រាប់​ស្រ្ដី។​ នៅក្នុង​បណ្ដាការ​ផ្សព្វ​ផ្សាយ​ស្ដី​ពីការ​អប់​រំសុខ​ភាព​ មាន​នូវ​អត្ថ​បទ​រាប់​រយ​ផ្ដល់​ជាអនុសាសន៍​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃពោះ ​ជាពិសេស​ផ្ដោត​សំខាន់​ទៅលើថា​ តើ​ប្រភេទ​អាហារ​អ្វីខ្លះ​មាន​សុវត្ថិភាព​ដល់​គភ៌​ពេល​ស្រ្ដី​ទទួល​ទាន​។ ការប្រែ​ប្រួល​អ័ក​ម៉ូន​នៅក្នុង​រាង​កាយ​ស្រ្ដីអំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​បណ្ដាល​ឱ្យ​នាង​ឃ្លាន​អាហារ​ខ្លាំង​ខុស​ពីធម្មតា​។ ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា​ មុន​ពេល​ពិសា​អាហារ​អ្វីមួយ​ អ្នក​ត្រូវ​គិត​អំពី​សុវត្ថិភាព​ នៃ​ទារ​កក្នុង​ផ្ទៃ​ដែល​មិន​ទាន់​កើត​។ អ្នកគួរ​ធ្វើការ​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ឱ្យបាន​ញឹក​ញាប់​អំពី​របប​អាហារ​ល្អ​ចំពោះ​សុខភាព​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ និងយល់​ដឹងថា​តើ​អាហារ​ប្រភេទ​ណាខ្លះ ​ដែល​អ្នក​គួរ​ចៀស​វាង​ទទួល​ទាន​។ ខាង​ក្រោមនេះ​គឺជា​ប្រភេទ​អាហារ​មួយ​ចំនួន ​ដែល​ស្រ្ដីគ្រប់​រូបគួរ​ចៀស​វាង​អំឡុង​ពេល​មាន​ផ្ទៃពោះ៖​
១. ស៊ុត​ឆៅ​ និងស៊ុត​ចម្អិន​មិន​ទាន់ឆ្អិន​ល្អ៖​ ប្រសិន​បើអ្នក​មាន​ទម្លាប់​ដាក់​ស៊ុត​ឆៅ​ទៅ​ក្នុង​ទឹក​ក្រឡុក​សម្រាប់​ពិសា​ពេល​ព្រឹក​ ដើម្បី​ឱ្យ​ភេសជ្ជៈ​នេះ​កាន់​តែមាន​ប្រូតេ​អ៊ីន ​សូម​បញ្ឈប់​ការ​លាយ​ស៊ុត​ឆៅនេះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ស្រ្ដី​មាន​ផ្ទៃពោះ​គ្រប់រូប​ត្រូវ​តែចៀស​វាង​ការពិសាស៊ុតឆៅ ឬស៊ុត ដែលចម្អិនមិនទានឆ្អិនល្អ។ ពីព្រោះវាអាចឱ្យប្រឈមខ្ពស់ចំពោះការឆ្លងបាក់តេរី Salmonella ដែលអាចបណ្ដាលក្អួត រាគរុស។ សភាពនេះច្រាសត្រឡប់ទៅប៉ះពាល់ដល់សុខភាពរបស់ទារក។ ស៊ុតគឺជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ដូច្នេះប្រសិនបើអ្នកចង់ពិសាស៊ុតអំឡុងពេលមានផ្ទៃពោះ ត្រូវឱ្យប្រាកដថា ស៊ុតនោះចម្អិនបានឆ្អិនល្អ។ សូម​ចម្អិន​ស៊ុត​ រហូត​ចំណែក​ក្រហម ​និង​សរឹង​ហាប់​ល្អ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ នៃ​ការពុល​បាក់តេរី​ ប្រភេទ​ Salmonella។ ម្យ៉ាង​ទៀត​ សូម​សម្អាត​ដៃរបស់​អ្នក​ក្រោយ​ពេល​កាន់​ស៊ុត​ ពីព្រោះ​បាក់​តេរី ​Salmonella  តែង​ស្ថិត​នៅ​លើ​សំបក​ស៊ុត​។ លើស​ពីនេះ​ទៀត ​សូម​ចៀស​វាង​ការពិសា ​ដែល​ធ្វើឡើង​ជាមួយ​នឹង​ស៊ុតឆៅ​ ឬស៊ុត​ចម្អិន​មិន​ទាន់​ឆ្អិនល្អ។​
អាហារ​មួយ​ចំនួន​បង្ក​គ្រោះ​ថ្នាក់​អំឡុង​ពេល​មានផ្ទៃពោះ​

២. គ្រឿង​ស្រវឹង​៖ ស្រ្ដី​មាន​ផ្ទៃពោះ​គួរ​តមការ​ពិសា​គ្រឿង​ស្រវឹង ​ពីព្រោះ​វាមាន​ឥទ្ធិ​ពល​អាក្រក់​ទៅលើ​ការមាន​ផ្ទៃពោះ​។ គ្រឿង​ស្រវឹង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ Fetal alcohol syndrome  វិបត្ដិ​នៃ​ការ​លូត​លាស់​ និងរ​លូត​កូន​។ នៅ​អំឡុង​ពេល​១ត្រីមាស​ដំបូង ​គ្រឿង​ស្រវឹង​បង្កើន​គ្រោះ​ថ្នាក់ ​នៃការ​រលូត​កូន​ ខណៈ​ពេល​នៅត្រីមាស​ទី ២ ​និងត្រី​មាស​ចុង​ក្រោយវា​បង្កគ្រោះ​ថ្នាក់​ក្រៃ​លែង​ដល់​ទារក​ក្នុងផ្ទៃ។​ មិនថា​អ្នក​ពិសា​ក្នុង​បរិមាណ​ប៉ុណ្ណា​នោះទេ​ គ្រឿង​ស្រវឹង​នៅតែ​មិន​មាន​សុវត្ថិភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ទោះ​ជានៅ​ពេល​អ្នក​បំដោះ​កូន​ក៏ដោយ​ អ្នកគួរ​តែ​ចៀស​វាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង។​
អាហារ​មួយ​ចំនួន​បង្ក​គ្រោះ​ថ្នាក់​អំឡុង​ពេល​មានផ្ទៃពោះ​

៣. កាហ្វេ៖​ សូម​កំណត់​បរិមាណ​កាហ្វេ ​ដែល​អ្នក​ទទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ កម្រិត​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​របស់វា​ ដើរ​តួជា​វត្ថុភ្ញោច​ ដែល​អាច​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង​ទារក​។ ម្យ៉ាង​ទៀត​ជាតិ​កាហ្វេ​អ៊ីន​ ក៏បង្កើន​គ្រោះ​ថ្នាក់​នៃការ​រលូត​កូន​ និងទារ​កទម្ងន់​ស្រាល​ផងដែរ​។ លើស​ពីនេះ​ទៀត​ ជាតិ​កាហ្វេអ៊ីន​ច្រើន​លើស​កំណត់​អាច​បណ្ដាល​ឱ្យខ្សោះ​ជាតិទឹក។​ សូម​ចៀស​វាង​ជាតិ​កាហ្វេអ៊ីន​នៅ​អំឡុង​ត្រីមាស​ដំបូង ​ដើម្បី​កាត់​បន្ថយ​នូវការ​កើត​មានការ​រលូត​កូន​។ ការពិសា​កាហ្វេ​ក្នុង​កម្រិត​សមល្មម ​គឺត្រូវ​បាន​អនុញ្ញាតិ​ចំពោះ​ស្រ្ដី ​ក្រោយ​ពេល​ឆ្លង​ផុត​ត្រីមាស​ទី១​។  ម្យ៉ាង​ទៀត​ សូម​ចៀស​វាង​ប្រភេទ​ភេសជ្ជៈ​ដទៃ​ទៀត ​ដែល​ជាប្រភព ​នៃជាតិ​កាហ្វេ​អ៊ីន​តែ​រុក្ខជាតិ​ តែបៃតង ​ភេសជ្ជៈ​ប៉ូវកម្លាំង ​ភេសជ្ជៈ​គ្មានជាតិ​អាកុល​មួយចំនួន ​និងស្ករ​សូកូឡា​ពណ៌ខ្មៅ។ ​ស្រ្ដី​មាន​ផ្ទៃពោះ​មិន​គួរពិសា​ជាតិ​កាហ្វេអ៊ីន​ឱ្យលើស ​២០០មី​លីក្រាម​នោះ​ទេក្នុង​មួយថ្ងៃ៕​
អាហារ​មួយ​ចំនួន​បង្ក​គ្រោះ​ថ្នាក់​អំឡុង​ពេល​មានផ្ទៃពោះ​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​