បារ​ខែម កម្ពុជា នឹង​រៀបចំ​នូវ​សិក្ខាសាលា ក្រោម​ប្រធានបទ “​ត្រៀមខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន​”

ភ្នំពេញ: ក្រុមការងារ​បារ​ខែម​កម្ពុជា (BarCamp ) នឹង​រៀបចំ​នូវ​សិក្ខា​សា ក្រោម​ប្រធានបទ​រូ​ម “​ត្រៀមខ្លួន​សម្រាប់​សមា​ហរ​ន្ត​កម្ម​អាស៊ាន​” បារ​ខែម ភ្នំពេញ ២០១៥ នឹង​ផ្តោតលើ​ប្រធានបទ​ធំៗ​ចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​សហគ្រិនភាព​។ សិក្ខាសាលា​នេះ នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២៤-២៥ ខែតុលា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​លើ​កម្ពស់​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដើម្បី​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​អាស៊ាន នា​ចុងឆ្នាំ​២០១៥​នេះ ក្រុមការងារ​បារ​ខែម​កម្ពុជា នឹង​រៀបចំ​នូវ​សិក្ខាសាលា​បារ​ខែម​ភ្នំពេញ ២០១៥ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៤ និង ២៥ ខែ តុលា ឆ្នាំ ២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច​។​

​សិក្ខាសាលា​នោះ ស្ថិតក្រោម​ប្រធានបទ​រូ​ម “​ត្រៀមខ្លួន​សម្រាប់​សមា​ហរ​ន្ត​កម្ម​អាស៊ាន​” បារ​ខែម​ភ្នំពេញ ២០១៥ នឹង​ផ្តោតលើ​ប្រធានបទ​ធំៗ​ចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​សហគ្រិនភាព​។ បារ​ខែម​ភ្នំពេញ ២០១៥ នឹង​នាំយក​ក្រុម​អ្នកជំនាញ​បច្ចេកវិទ្យា អ្នកជំនាញ​ច្នៃប្រឌិត សហគ្រិន​វ័យក្មេង អង្គការ​សង្គម​ស៊ីវិល ថ្នាក់ដឹកនាំ​អាជីវកម្ម សាស្ត្រាចារ្យ សិស្ស និង​និស្សិត ដើម្បី​ចែករំលែក ចំណេះដឹង​និង​បទពិសោធន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម ក៏ដូចជា​ត្រៀមខ្លួន​សម្រាប់​សមាហរណកម្ម អាស៊ាន នាពេលខាងមុខ​។

​នៅ​ថ្ងៃ​បើក​កម្មវិធី​នោះ បារ​ខែម​នឹងមាន​សកម្មភាព​ជាច្រើន ដូចជា​ការធ្វើ​បទ​បង្ហាញ ការ​ពិព័រណ៍​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា ការពិភាក្សា និង​ការជជែក​ជាមួយ​អ្នកជំនាញ ព្រមទាំង​មានការ​កម្សាន្ត​ផ្សេងៗ​ជាដើម​។​

​បារ​ខែម គឺជា​ព្រឹត្តិការណ៍​សង្គម ទាក់ទង​នឹង​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​ដ៏​ធំជាងគេ ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហការ​ដ៏​ជិតស្និទ្ធ​រវាង​វិស័យ​សង្គម​ស៊ីវិល វិស័យ​ឯកជន រួមជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ផងដែរ​។

​កាលពី​ឆ្នាំ​២០១៤ បារ​ខែម​ភ្នំពេញ បាន​ទាក់ទាញ​អោយមាន​អ្នកចូលរួម​ប្រមាន​ជា ៣៥០០​នាក់ ដែល​មកពី​ស្ទើរ​គ្រប់​វិស័យ ក្នុងប្រទេស​កម្ពុជា និង​អន្តរជាតិ​។​

​មាតិការ​សំខាន់ៗ សំរាប់​កម្មវិធី​បារ​ខែម​ភ្នំពេញ ២០១៥៖ ការជជែក​ជាមួយ​អ្នកជំនាញ​
​សហគ្រិន​វ័យក្មេង ១២ រូប ដែល​បាន​បោះបង់​ការងារ ហើយ​មក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ដែល​ខ្លួន​ចូលចិត្ត​។

​អ្នកសរសេរ​កម្មវិធី (Programmers) ៨ រូប ដែលមាន​បទពិសោធន៍​សរសេរ​កម្មវិធី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​នានា (Software Development Company)​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។​

 អ្នកជំនាញ​ច្នៃប្រឌិត និង​រចនា ក្នុងប្រទេស និង​ក្រៅប្រទេស ចំនួន ១៥​រូប និង​អ្នក​ផលិត​ហ្គេម​នៅ​កម្ពុជា​។​

​ការពិភាក្សា​៖ "​អភិវឌ្ឍន៍​អាជីព​៖ ការបង្កើត​ក្ដី​សុ​បិ​ន្ត​តាមរយៈ​អាជីព​បច្ចេកវិទ្យា (How to Build Your Dream Through Tech Career)​។ អនាគត​ខាងមុខ​នៃ eCommerce នៅ​កម្ពុជា (The Future of eCommerce in Cambodia)"​។​

​ប្រធាន និង​បទ​បង្ហាញ​ខ្លះៗ ដែល​រៀបចំ​រួចជាស្រេច​៖ គន្លឹះ​ទៅ​បរទេស​ដោយ​មិន​អស់ថ​វិការ​ផ្ទាល់ខ្លួន​ស្វែ​ករក ចំណូល​ជាមួយ Google Adsense​។ ការ​រចនា​ម៉ូត​តុក្កតា​បា​បីរ និង​សំលៀកបំពាក់​ខ្មែរ និង​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ទៀត សរុប ប្រមាណ ៩០​ប្រធានបទ​ ​មាន​វាគ្មិន ធ្វើ​បទ​បង្ហាញ ការពិភាក្សា និង​ជជែក​ជាមួយ​អ្នកជំនាញ​ប្រមាណ ៨០​នាក់​ ​និង​មាន​ស្តង់​ពិព័រណ៍​ប្រមាណ ៤៥ ស្តង់​នឹងដាក់​បង្ហាញ​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា​ក្នុង​វិស័យ​សង្គម​ស៊ីវិល​និង​ឯកជន​ផងដែរ​៕​