ប៉ូលិស​តាម​ស្វែងរក​អ្នកបើករថយន្ត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី បុក​ម៉ូតូ​ប្រជាពលរដ្ឋ បាក់​ភ្លៅ​

ខេត្តកណ្តាល: ប៉ូលិស​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុងតែ​តាមរក​អ្នក​ដែល​បើករថយន្ត​ឡង់​គ្រី​ស័​រ (LAND CRUISER) របស់​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី ដែល​បាន​បើក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ចាក់អង្រែលើ​។ ចំណែក​អ្នកបើករថយន្ត បាន​ចុះ​ពីលើ​រថយន្ត រត់គេច​បាត់​ពី​កន្លែងកើតហេតុ​។​

​ហេតុការណ៍​រថយន្ត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បានកើត​ឡើង នៅត្រង់ចំណុច​ស្តុ​ប​ផ្លូវ​២១ កែង​១១០ (​មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​) ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង​ជិត ១២​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥​។​

​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ឡង់​គ្រី​ស័របើ​ក​បុក​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង គឺជា​រថយន្ត​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​។​ លោកហុងសុខហួរ សព្វថ្ងៃ កំពុងជាប់​ឃុំឃាំង​នៅ​ពន្ធនាគារព្រៃស ក្នុងរឿងក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​។

​របាយការណ៍​របស់​ប៉ូលិស បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក LAND CRUISER ពណ៌​ស្ករ ពាក់​ស្លាក​លេខ ព្រឹទ្ធសភា​3 2-058 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួនបាត់​)​។​

​របាយការណ៍​បង្ហាញថា រថយន្ត​បង្ក ធ្វើដំណើរ​ក្នុងទិសដៅ​ចុះ​ពី​រង្វង់​មូល​ពី​ជើង​មក​ត្បូង​(​បត់​ឆ្វេង​) មកដល់​ចំណុច​ខាងលើ បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក Citi100 កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។​

​ជនរងគ្រោះ ឈ្មោះ ម៉ី វណ្ណា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ (​អ្នកបើកបរ​គ្មាន​មួកសុវត្ថិភាព និង​កញ្ចក់​មើល​ក្រោយ​) មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​។ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ សណ្តោង​រ៉ឺម៉ក រងរបួស​ធ្ងន់ (​បាក់​ភ្លៅ​ខាងឆ្វេង​) ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចាក់អង្រែលើ​។​

​រីឯ​មធ្យោបាយ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បណ្តោះអាសន្ន​៕​

ប៉ូលិស​តាម​ស្វែងរក​អ្នកបើករថយន្ត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី បុក​ម៉ូតូ​ប្រជាពលរដ្ឋ បាក់​ភ្លៅ​

ប៉ូលិស​តាម​ស្វែងរក​អ្នកបើករថយន្ត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី បុក​ម៉ូតូ​ប្រជាពលរដ្ឋ បាក់​ភ្លៅ​