ស្រវឹង​បើក​ម៉ូតូ បុក​ស៊ុម​ព័ទ្ធ​កូនឈើ ផ្លោង​ធ្លាក់​ប្រឡាយទឹក លង់​ស្លាប់​

បាត់ដំបង​: បុរស​ម្នាក់​ស្រវឹង បាន​បើក​ម៉ូតូ រេ​ពេញ​ផ្លូវ និង​បាន​ជ្រុល​ទៅបុក​ស៊ុម​ដែល​គេ​ធ្វើ ហើយ​ដាំ​ព័ទ្ធ​កូនឈើ នៅតាម​វិថី​នោះ គឺ​បាក់​ប្រហែល​៥​ស៊ុម រួច​បាន​ផ្លោង​ទៅ​ធ្លាក់ទឹក​ប្រឡាយ លង់​ស្លាប់ ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ នៅ​ឃុំ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង តាម​បណ្ដោយ​វិថី​ឯក​ភ្នំ ឆ្ពោះទៅកាន់​ប្រាសាទឯកភ្នំ ដែលមាន​ចម្ងាយ​ប្រហែល​៥០០ ម៉ែត្រ ពី​តួ​ប្រាសាទ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​។​

​បើតាម​មន្ត្រី​អាវុធហត្ថ​ស្រុក​ឯក​ភ្នំ ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​ចំណុចកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​បាន​ដេកស្លាប់ ក្នុង​ទឹក​ប្រឡាយ មានឈ្មោះ​
 សែម ស៊ា​ត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្តុ​រ សង្កាត់​ក្តុ​រ​ដូនទាវ ក្រុង​បាត់ដំបង​។

​តាម​សាក្សី​ដែលជា​អ្នកលក់​គ្រឿងក្លែម នៅក្នុង​តួ​ប្រាសាទឯកភ្នំ បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី​២១ ខែតុលា  គេ​បានឃើញ​បុរស​រូបនេះ អង្គុយ​ផឹកស្រា នៅក្នុង​តូប​របស់គេ ហើយ​បន្ទាប់ពី​ផឹក និង​គិតលុយ​រួចមក ជនរងគ្រោះ ក៏បាន​ជិះ​ម៉ូតូ​របស់គេ​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​បាត់ដំបង​1B9294 ហើយ​ចេញដំណើរ​ឆ្ពោះ ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង តាម​បណ្ដោយ​ផ្លូវ​ថ្មី ដែលជា​វិថី​ឯក​ភ្នំ ហើយ​បាត់​ឈឹង​តែម្ដង​។​

​តាម​ប្រភព បាន​បញ្ជាក់ថា ប៉ុន្តែ​នៅពេល​ពិនិត្យ​សាកសព គឺ​សង្កេតឃើញថា ជនរងគ្រោះ អាច​ប្រហែលជា​ស្រវឹង​ខ្លាំង ហើយ​ជិះ​បុក​ស៊ុម ដែល​គេ​ធ្វើ​ហើយ​ដាំ​ព័ទ្ធ​កូនឈើ នៅតាម​វិថី​នោះ គឺ​បាក់​ប្រហែល​៥​ស៊ុម ទើប​ជនរងគ្រោះ​ធ្លាក់​ទៅក្នុង​ទឹក​ប្រឡាយ ហើយ​លង់​ស្លាប់​តែម្ដង ព្រោះ​មាន​ស្លាកស្នាម​បែក នៅលើ​មុខ​ជនរងគ្រោះ​។  ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច បានប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕V/S

ស្រវឹង​បើក​ម៉ូតូ បុក​ស៊ុម​ព័ទ្ធ​កូនឈើ ផ្លោង​ធ្លាក់​ប្រឡាយទឹក លង់​ស្លាប់​