លោក កឹម សុខា បញ្ជាក់ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នៅតែមាន​តម្លៃ​ជានិច្ច​

មុន​មួយថ្ងៃ​នៃ​ថ្ងៃ​អបអរសាទរ​ទិវា​រំលឹក​ខួប​លើក​ទី​២៤ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា នៅថ្ងៃនេះ​បាន​ថ្លែងថា កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា ដែល​យើង​ហៅថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ទទួលបាន​ការគាំទ្រ​ទាំងស្រុង ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក កឹម សុខា បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ ធានា​អំពី អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា និង ការធានា​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កម្ពុជា  បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ជា មរតក​ដ៏​មហាសាល​ដែល​អ្នកស្នេហាជាតិ​កម្ពុជា​គ្រប់ភាគី​បាន​ពលី​បូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ឯករាជ្យភាព និង​ឯកភាព​ជាតិ​កម្ពុជា ដែលមាន​ការចូលរួម​គាំទ្រ​ពី​អន្តរជាតិ​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា  បាន​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​ប៉ារីស នៅតែមាន​តម្លៃ​ជានិច្ច​។ ពាក់ព័ន្ធ​បញ្ហា​នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ បានបញ្ជាក់​អំពី​ការ​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​រំលឹក​ខួប​លើក​ទី​២៤ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្តកំពង់ស្ពឺ​។​

​យ៉ាងណាក្តី លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា កម្ពុជា​មានការ​បណ្តែត​បណ្តោយ​មិនបាន​ពង្រឹង​ស្ថាប័នរដ្ឋ​ដើម្បី​បម្រើ​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ហើយ​រង​ការរិះគន់​មិនចេះចប់​។ ហើយ​ការការពារ​បូរណភាព​ទឹកដី​នៅមាន​ការមិនយល់ស្រប​គ្នា ដែល​អន្តរជាតិ និង​មហាអំណាច​នានា​គួរ​ជួយ​ដោះស្រាយ​បញ្ចប់រឿង​ខ្មែរ​ដើម្បី​ឲ្យ​ពលរដ្ឋ​មានឱកាស​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ ដូច្នេះ​រឿង​ទាំងនេះ​ជា​រឿង​សេសសល់ ហើយ​វា​អាចជា​គ្រោះថ្នាក់​ដែរ​ទៅលើ​អនាគត​របស់​ប្រទេស​កម្ពុជា បើសិនណា​មិនបាន​ដោះស្រាយ​ចំពោះ​ការពង្រឹង​ស្ថាប័ន​ជាតិ​ឲ្យ​មានការ​បម្រើសេវា​ពលរ​ដ្ឋ ឲ្យ​ធានា​សិទ្ធិមនុស្ស​ឲ្យ​មានការ​គោរព​ឆន្ទៈ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ គួរ​កត់សម្គាល់ថា ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​នៅ​ចងចាំ​មិន​ភ្លេច​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កាលពី​២៤ ឆ្នាំមុន​បានកំណត់ និង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព មានការ​គោរព​សិទ្ធិមនុស្ស មាន​របប​ប្រជាធិបតេយ្យ​សេរីនិយម​ពហុបក្ស មានការ​ការពារ​បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​៕

The-Cambodia-Paris-Peace-Agreement-Was-Signed-on-October-23-1991.-Courtesy-of-AFP