ល្បែងស៊ីសង​នៅ​ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត កំពុងដំណើរការ​យ៉ាង​រលូន

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រៃ​ទន្លេ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​បាន​កើតឡើង​ដោយសារតែ​ល្បែងស៊ីសង ដែល​កំពុងដំណើរការ​យ៉ាង​រលូន​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​ទន្លេ​បាន​ឲ្យ​ដឹងថា វង់ល្បែង​ដ៏​ធំ​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែង​ជាច្រើន​ប្រភេទ​ដូចជា បញ្ជល់មាន់ យូគី ឡុកឡាក់ និង​ល្បែង​ផ្សេងៗ​ទៀត ហើយ​បុរស​ម្នាក់​ឈ្មោះ វ៉ាង គឺជា​ម្ចាស់​វង់ល្បែង​នេះ​។ ក្នុង​មួយថ្ងៃៗ​មាន​អ្នក​លេងល្បែង​មកពី​គ្រប់ទិសទី​ចូលរួម​យ៉ាង​គគ្រឹកគគ្រេង ហើយ​ក្នុងនោះ​មាន​ទាំង​កម្លាំង​សមត្ថកិច្ច​មួយចំនួន​ផងដែរ​។ វង់ល្បែង​នេះ​ស្ថិតនៅ​ចំណុច​មាត់​ព្រែ​កក​សា ត្រើយម្ខាង​ឃ្លាត​ពី​ព្រំដែន​យួន​ប្រមាណ​៥០០​ម៉ែត្រ​ក្នុងភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត​។ វង់ល្បែង​នេះ​បើក​លេង​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ ចាប់ផ្ដើម​ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ហើយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទាល់តែសោះ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក ប្រហែល​ទទួលបាន​សំណែន​ពី​ឈ្មោះ វ៉ាង ដែលជា​ម្ចាស់​វង់ល្បែង​នោះ ទើប​បណ្ដោយ​ឲ្យ​វង់ល្បែង​ដំណើរការ​យ៉ាង​រលូនរ​យៈ​ពេល​ជាង​១០​ថ្ងៃ​កន្លងមកនេះ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ដែល​ទើប​ចូលកាន់​តំណែង​ជំនួស លោក ថ្លាង ភិរិន្ទ ចាត់វិធានការ​បង្ក្រាប​វង់ល្បែង​ក្នុងភូមិ​ព្រៃ​ទន្លេ ឃុំ​ព្រៃ​ទន្លេ ជាបន្ទាន់​។ បើ​មិន​បង្ក្រាប​ទេ​វង់ល្បែង​នេះ​នឹង​រីក​រាលដាល​កាន់តែ​ធំ​ឡើងៗ ហើយ​អំពើចោរកម្ម​និង​បញ្ហា​សន្តិសុខ​ក្នុងស្រុក​បន្ទាយមាស មាន​សភាព​កាន់តែ​គួរ​ឲ្យ​ភ័យខ្លាច​ជាមិនខាន​៕

ST-275​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត