ដក​ស្រងែ រក្សា​ស្រូវ

ដោយ៖ ធូ វាសនា

ក្នង​របត់​នយោបាយ​ស្រុក​ខ្មែរ យើង​ឃើញ​អ្នកនយោបាយ​កំពុង​បាញ់បោះ​ពាក្យសម្តី​ដាក់គ្នា គ្មាន​សំចៃមាត់។ ថ្វីដ្បិតតែ​អ្នកនយោបាយ ជា​អ្នក​កាច់ចង្កូត​ប្រទេសជាតិ តែ​យើង​មិនត្រូវ​គិតថា មានតែ​អ្នកនយោបាយ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ដែលមាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​ក្នុងការ​កាច់ចង្កូត​ប្រទេសជាតិ​ទាំងស្រុង​នោះ។

មិន​ថា​សង្គម​របស់​ប្រទេស​ណា​នោះទេ តែងមាន​មនុស្ស​បី​ប្រភេទ ដែលមាន​ឥទ្ធិពល​លើ​អ្នកនយោបាយ៖
ទី១) ជំនាញការ​បរទេស៖ គឺជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​អ្នកនយោបាយ (មិន​ថា​ជា​បក្សប្រឆាំង​ឬ បក្ស​កាន់អំណាច) តែងតែមាន​ជំនាញការ​របស់​បរទេស។ ពួកគេ​មានបំណង កកូរ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​ឲ្យ​ច្របូកច្របល់​ដើម្បី​ស្រួល​គ្រប់គ្រង ដែល​គេ​ហៅថា ដៃ​ម្ខាង​ដុត​ផ្ទះ​យើង ហើយ​ដៃ​ម្ខាង​យក​ទឹក​មក​ពន្លត់។ មិនថាតែ​នៅ​ស្រុក​ខ្មែរ​ទេ សូម្បីតែ​នៅ​បរទេស ក៏មាន​ជំនាញការ​បរទេស​បាន​ដើរតួនាទី​កកូរ​ស្ថានការណ៍​របស់​ប្រទេស​នោះដែរ។ ដូចជា​នៅ​អ៊ុយ​ក្រែ​ន ហុងកុង លី​ប៊ី អេ​ហ្ស៊ី​ប ស៊ី​រី អ៊ីរ៉ាក់ វៀតណាម ថៃ ភូមា ឥ​ណ្ដូ​នេ​ស៊ី...។ល។ និង។ល។ សុទ្ធ​តែមាន​ជំនាញការ​បរទេស នៅចាំ​ចាក់​ពីក្រោយ​ដែរ។

ទី២) មន្ត្រី​ទុច្ចរិត៖ គឺ​ពួក​មន្ត្រី​លោភលន់​នឹង​ទ្រព្យសម្បត្តិ និង​មិន​គិតគូរ​សុខទុក្ខ​ប្រជារាស្ត្រ។ភាគច្រើន​ពួកគេ​តែងតែ​នៅ​ស្និទ្ធ​នឹង​អ្នកនយោបាយ (ទាំង​ប្រឆាំង ទាំង​កាន់អំណាច)។ ការកត់សំគាល់​ពួកគេ​អត់​មានអី​ពិបាក​ទេ។ ក) ពូកែ​អែបអប លើកជើង គ្រប់​រឿង។ ខ) មានបាន ហ៊ឺហា ខុស​ប្រក្រតី។ គ) មាន​ខ្សែស្រឡាយ​សាច់ញាតិ ធ្វើ​ការងារ និង​កាន់​គ្រប់កន្លែងខ្លាញ់ៗ ។

ទី៣) ឈ្មូ​ញ​ទុច្ចរិត៖ គឺជា​ក្រុម​ឈ្មូ​ញ ដែល​នៅ​អែប​នឹង​អ្នកនយោបាយ។ ពាក្យចាស់​លោក​ពោលថា៖ អ្នក​គ្មាន​ជំងឺ​មិន​ត្រូវការ​គ្រួ​ពេទ្យ​ទេ។ មានតែ​ឈ្មូ​ញ​ទុច្ចរិត​ទេ ដែល​ត្រូវការ​អំណាច​អ្នកនយោបាយ​ដើម្បី​ការពារ​ខ្លួន។ បើ​ឈ្មួញ​ត្រឹមត្រូវ​រកស៊ី​សុច្ចរិត គឺ​ពួកគេ​មិន​ខ្វល់​នឹង​អ្នកនយោបាយ​ទាំង​នោះទេ។

ជំនាញការ​បរទេស​ដឹង​យ៉ាងច្បាស់​ណាស់​ថា នរណា​ជា«មន្ត្រី​ទុច្ចរិត»? នរណា​ជា «ឈ្មូ​ញ​ទុច្ចរិត»? ហើយ​បើ​ពួកគេ​ទាំងបី​ក្រុម រួមសហការ​គ្នា​នោះ ប្រទេស​ច្បាស់​ជា​វឹកវរ ជាង​មាន​សង្គ្រាមស៊ីវិល ឬ​សង្គ្រាម​បរទេស ដែលមាន​ទ័ព​រាប់លាន​នាក់​ទៅទៀត។

ក្បួន​យុទ្ធសាស្ត្រ​សឹក​មួយ​និយាយថា៖ ចង​សាកសព​ផ្អោប​មនុស្ស​រស់​បណ្តែត​ទឹក។ ឬថា បញ្ឆោត​មនុស្ស​ឲ្យ​មក​ជិះទូក​តែមួយ។ ក្នុងន័យនេះ​យើង​ចង់​និយាយថា ជំនាញការ​បរទេស ទាក់ទង​ឈ្មូ​ញ​ទុច្ចរិត ឲ្យ​ទៅទាក់ទង​មន្ត្រី​លោភលន់ ដែល​ស្និ​ទ្អ​នឹង​អ្នកនយោបាយ ហើយ បញ្ឆោត​គេ(អ្នកនយោបាយ) ឲ្យ​មក​ជិះទូក​តែមួយ។ ពេលដែល​អ្នកនយោបាយ លង់ខ្លួន​មក​ជិះទូក​តែមួយ​ហើយ​នោះ គេ​នឹង​បង្ខំ​អ្នកនយោបាយ​ឲ្យ​ធ្វើអ្វីៗ តាម​បំណង​របស់​ពួកគេ។ ពេលនោះ​ហើយ ដែល​យើង​មិនអាច​បែងចែក​ឲ្យ​ច្បាស់​ថា នរណា​ជា​ស្រងែ? នរណា​ជា​ស្រូវ?
អ្នកដឹកនាំ​នយោបាយ ដែល​ខ្លាំងពូកែ គឺ​ត្រូវតែមាន​ភ្នែក​មុត​មើល​ធ្លុះ​ស្ថាន​ការ​ណ៏ និង ចិត្ត​មនុស្ស ហើយ​មានចិត្ត​សប្បុរសធម៌​ចំពោះ​ប្រជាជាតិ​របស់ខ្លួន និង​មិន​លុះ​លង់​ចាញ់ល្បិច​ពួកគេ​ទាំងបី​ក្រុម​ខាងលើ។ បើ​ថា​ពីមុន​មិនបាន​ចាប់​អារ​ម្ម​ណ៏ គួរតែ​ពេលនេះ ត្រូវ​រិះរក​វិធី​ខ្នះខ្នែង ដើម្បី​ចេញ​ឲ្យ​ផុតពី​ពួកគេ។

ទាំង​បក្សប្រឆាំង ទាំង​បក្ស​កាន់អំណាច ត្រូវ​បែងចែក​គោលនយោបាយ និង​ដៃគូ​បដិបក្ខ ឲ្យ​ច្បាស់។ បាញ់​ចាប គឺ​បាញ់​ចាប មិនមែន​អង្រួន​ដើមឈើ​ទម្លាក់​ចាប​នោះទេ។ ព្រានព្រៃ​ដែល​ឆ្លាត​គឺ ចាប់​ចាប​ដោយ​មិន​បង្អើល​សម្បុកចាប។ ដូច​ពាក្យចាស់​លោក​ពោលថា «អូស​ទូក​កុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក់​ទឹក»។

ជា​យោបល់​ខ្ញុំ៖ អ្នកនយោបាយ​អាច​សម្តែង​ធ្វើជា​មិនត្រូវ​គ្នា តែ​ត្រូវ​ឧស្សាហ៍​អង្គុយ​លេងអុក ផឹក​តែ ជជែក​គ្នា​ឲ្យ​បាន​ញឹកញាប់។ នេះ​ហៅថា «កំបាំង​មេឃ ឆ្លង​សមុទ្រ»។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?