ស្ថានភាព​ជនភៀសខ្លួន​នៅ​តំបន់​បាល់​កង់​កាន់តែ​បន្ទាន់​សម្រាប់​អឺរ៉ុប

ស្លូ​វេ​នី ជា​ប្រទេស​ដ៏​តូច​នៅ​អឺរ៉ុប​ដែលមាន​ប្រជាជន​តែ២លាន​នាក់ កំពុង​ក្លាយ​ជាទី​ឆ្លងកាត់​របស់​ជនភៀសខ្លួន ឆ្ពោះទៅ​អឺរ៉ុប​ខាងជើង។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ជំរំ ស្លូ​វេ​នី​បានរៀបចំ​ទទួល​មនុស្ស១១០០នាក់។ សហភាព​អឺរ៉ុប​នឹង​បើក​ជំនួប​មេដឹកនាំធំៗ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា។

គិត​ត្រឹម​ពីថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុន​មក ស្លូ​វេ​នី​ដែលជា​ប្រទេស​ដ៏​តូច​នៃ​សហភាព​អឺរ៉ុប បាន​ប្រឈម​នឹង​ការហូរចូល​នៃ​ជនភៀសខ្លួន​សន្ធឹកសន្ធាប់​រហូតដល់​ទៅជិត ២១៥០០នាក់។ រដ្ឋាភិបាល​ស្លូ​វេ​នី​បាន​អំពាវនាវ​អោយ​សហភាព​អឺរ៉ុប​បើក​ជំនួប​កំពូល​ដើម្បី ដោះស្រាយ​បញ្ហា។ តាំងពី​ហុង​គ្រី​បាន​សង់​របង​បិទ​ព្រំដែន​រួចមក ស្លូ​វេ​នី ស៊ែរ​ប៊ី និង​ក្រូ​អាស៊ី បានក្លាយ​ជាទី​ប្រទេស​ដែល​ជនភៀសខ្លួន​ឆ្លងកាត់ ដើម្បី​បន្តដំណើរ​ទៅ​អឺរ៉ុប​ខាងជើង។

នៅ​ជំរំ ឃុំ​Brezice ស្លូ​វេ​នី ជិត​ព្រំដែន​ជាមួយ​ក្រូ​អាស៊ី អគ្គិភ័យ​បាន​បំផ្លាញ​រោង​ស្នាក់​ចំនួន២៧ ពោលគឺ​ស្ទើរតែ​ភាគច្រើន នៃ​កន្លែង​ស្នាក់នៅ​នៃ​ជំរំ​ជនភៀសខ្លួន​នេះ។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ជំរំ​នេះ​បានទទួល​មនុស្ស៤០០០នាក់។ គេ​មិន​បានដឹង​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ។ តែ​ជា​កុសល​ល្អ គ្មាន​មនុ​ស្សណា​ម្នាក់​រងរបួស​ឡើយ។

នៅ​ជិត​ព្រំដែន​អូទ្រីស​វិញ ជនភៀសខ្លួន​ជាង១០០០នាក់​បាននាំគ្នា​ដើរ​ថ្មើរជើង សង្ឃឹមថា នឹង​អាច​ទៅដល់​អាល្លឺម៉ង់។ រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង​ធ្លាប់​ព្រមាន​រួចហើយ​ថា អាច​នឹង​ប្រើ​យន្តហោះ​កងទ័ព​ដើម្បី​បណ្តេញ​រាល់​មនុស្ស​ដែល​គ្មាន​លក្ខខណ្ឌ នឹង​ទទួលបាន​សិទ្ធិ​ជ្រកកោន​ក្នុងស្រុក​អាល្លឺម៉ង់។

ទោះជា ស្ថានភាព​ជនភៀសខ្លួន​កាន់តែ​ដុនដាប​យ៉ាងណាក្តី ក៏​បណ្តា​ប្រទេស​អឺរ៉ុប​នៅតែ​បែកបាក់​គ្នា ក្នុង​ការរក​ដំណោះស្រាយ​ដែរ។ ក្រុម​ប្រទេស​អភិរក្សនិយម​មិន​ពេញចិត្ត​នឹង​ទទួលយក​ជនភៀសខ្លួន​ក្រីក្រ​ដែល ចង់​មក​ជ្រកកោន​ក្នុង​ទឹកដី​ពួកគេ​ឡើយ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?