៤ ចំណុច​ អ្នក​គាំទ្រ​ត្រូវ​ដឹង​សម្រាប់​ជំនួប​រវាង​បឹង​កេត​ និង​ភ្នំពេញ​ក្រោន​​ រសៀល​នេះ


៤ ចំណុច​ អ្នក​គាំទ្រ​ត្រូវ​ដឹង​សម្រាប់​ជំនួប​រវាង​បឹង​កេត​ និង​ភ្នំពេញ​ក្រោន​​ រសៀល​នេះ

សម្រាប់​ការ​ប្រកួត​ដើម្បី​កាត់​ក្ដី​ស្វែង​រក​​ក្រុម​កាន់​​តំណែង​កំពូល​តារាង​លីក​លំដាប់​ទី១ របស់​កម្ពុជា​ក្លិប​បឹង​កេត​អង្គរ​ នឹង​​ទទួល​ភ្ញៀវ​ភ្នំពេញ​ក្រោន​នៅ​រសៀល​ម៉ោង ៣:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​(​ស្តាត​ចាស់​) ។

 

៤ ចំណុច​ អ្នក​គាំទ្រ​ត្រូវ​ដឹង​សម្រាប់​ជំនួប​រវាង​បឹង​កេត​ និង​ភ្នំពេញ​ក្រោន​​ រសៀល​នេះ កន្លែង​អង្គុយ​តំបន់ A

 

ការ​ជួប​គ្នា​រវាង​ក្រុម​ខ្លាំង​ទាំង​ពី​នេះ​​ ​អ្នក​គាំទ្រ​ក្រុម​ទាំង​​អស់​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង​ពី​ការ​រៀប​ចំ សន្តិសុខ​សណ្ដាប់​ធ្នាប់ ​តម្លៃ​​ផ្ញើ​ម៉ូតូ​ ​​និង​តម្លៃ​សំបុត្រ​​ សម្រាប់​ជំនួប​ដ៏​ធំ​នេះ​ឡើយ។ ខាង​ក្រោម​ជា​ចំណុច​សំខាន់​ៗ​​ចំនួន៤ ដែល​អ្នក​គាំទ្រ​គួរតែ​ដឹង​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​​ទស្សនា​ការ​ប្រកួត​ ឬ​​ជៀសវាង​បញ្ហា​ដែល​កើត​ឡើង​ជា​យថាហេតុ៖

 

​១- សន្តិសុខ​រៀប​ចំ​សណ្ដាប់​ធ្នាប់​៖ បើ​តាម​លោក គឹម សាវ៉េត ប្រធាន​សន្តិសុខ​មជ្ឈមណ្ឌល​កងយោធពលខេមរភូមិន្ទ​(​ស្តាត​ចាស់​)​ បាន​ឲ្យ​ដឹង​ថា ​​ខាង​ក្លិប​ក្រសួង​ការ​ពារ​ជាតិ​ និង​បឹង​កេត​បាន​ចំណាយ​ប្រាក់​ដើម្បី​ជួល​ក្រុម​ការងារ​របស់​លោក​ចំនួន១៣​នាក់​ ដើម្បី​ឃ្លាំ​មើល​អ្នក​គាំទ្រ​​​ និង​ការ​រៀប​ចំ​ផ្សេងៗ ។ ចំណែក​​លោក​ បែ​ មករា ​អ្នក​ចាត់​ការ​ទូទៅ​​របស់​បឹង​កេត​វិញ​បាន​ប្រាប់​ដែរ​ថា ​លោក​បាន​ពិភាក្សា​ជា​មួយ​ក្លិប​ក្រសួង​ការពារ​ជាតិ​ឲ្យ​បន្ថែម​​ចំនួន​សន្តិសុខ​ទ្វេដង​គឺ​ជិត ៣០ នាក់​ដើម្បី​​មើល​សណ្ដាប់​ធ្នាប់​ជុំ​វិញ​ទីលាន​តែ​ម្ដង។

 

​​​២- កន្លែង​ផ្ញើ​ម៉ូតូ​ និង​តម្លៃ​​ផ្ញើ​ក្នុង​មួយ​គ្រឿង៖ ទាក់​ទិន​បញ្ហា​នេះ​វិញ​ក្លិប​​ក្រសួង​ការពារ​ជាតិ​​ជា​អ្នក​រៀប​ចំ​ទាំង​ស្រុង​គឺ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ក្នុង​បរិវេណ​ស្តាត​ចាស់​​កន្លែង​ដដែល។ ចំពោះ​តម្លៃ​ផ្ញើ​​ម៉ូតូ​ក្នុង​មួយ​គ្រឿង​វិញ​លោក បែ មករា បាន​ស្នើ​ដល់​ក្លិប​ក្រសួង​ការពារ​ជាតិ​មិន​ឲ្យ​មាន​ការ​​តំឡើងតម្លៃ​​លើស​ថ្ងៃ​គូ​ប្រកួត​ផ្សេងៗ​​ឡើយ​។

 

៣- ​តម្លៃ​សំបុត្រ​៖ បែង​ចែក​​ជា​ពីរ​តំបន់​គឺ​ A និង​ B ដែល​តំបន់​ A មាន​តម្លៃ ៥​ពាន់​រៀល និង​​ B​លក់​​ ៣ពាន់​រៀល​។ ជា​មួយ​គ្នា​នេះ​ដែរ​អ្នក​គាំទ្រ​បឹង​កេត​ទាំង​អស់​ ​ក្លិប​ក្នុង​ចិត្ត​របស់​ពួក​គេ​​នឹង​ណែនាំ​ឲ្យ​ទិញ​តំបន់​ A។ ចំណែក​អ្នក​គាំទ្រ​ភ្នំពេញ​ក្រោន​​ក្លិប​របស់​គេ​នឹង​ណែនាំ​ឲ្យ​ទិញ​តំបន់​ B ការ​ធ្វើ​បែប​នេះ​ក្នុង​គោល​បំណង​ការពារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​ទាំង​សង​ខាង។ ចំណែក​ទីតាំង​លក់​នៅ​ច្រក​ចូល​ស្តាត​ចាស់​។

 

៤- ពេល​វេលា​បើក​ឲ្យ​អ្នក​គាំទ្រ​ចូល​ស្តាត​ចាស់​៖ ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​ នឹង​បើក​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ទាំង​ពីរ​ចូល​ក្នុង​ស្តាត​នា​វេលា​ម៉ោង​ ១:០០​តទៅ​។

 

​ជា​មួយ​​​គ្នា​នោះ​ដែរ​លោក បែ មករា ក៏​​សូម​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ទាំង​សងខាង​ថា​ មេត្តា​អធ្យាស្រ័យ​គ្នា​ជៀសវាង​ការ​ប៉ះ​ទង្គិច​គ្នា​​ ពី​ព្រោះ​សុទ្ធ​តែ​ជា​ខ្មែរ​ដូច​ៗ​ គ្នា និង​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​ដូច​គ្នា​៕

៤ ចំណុច​ អ្នក​គាំទ្រ​ត្រូវ​ដឹង​សម្រាប់​ជំនួប​រវាង​បឹង​កេត​ និង​ភ្នំពេញ​ក្រោន​​ រសៀល​នេះកន្លែង​ផ្ញើ​ម៉ូតូ

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​​​​

​​​