អ្នក​វិនិយោគ​កូរ៉េ​សម្លឹង​មើល​ទីផ្សារ​លក់​ផលិតផល​តាម​អន​ឡាញ ខណៈ​អ្នក​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​មានការ​កើនឡើង

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគទុន​កូរ៉េ​កំពុង​សម្លឹង​មើល​ទីផ្សារ​លក់​ផលិតផល​កូរ៉េ​តាម​បណ្តាញ​សង្គម និង​អន​ឡាញ​នៅ​កម្ពុជា ដែល​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​មានការ​ពេញ​និយម​ខ្លាំង ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន ។

លោក ដុ​ង ហ៊ុន​ស៊ី​ន អ្នក​វិនិយោគ​កូរ៉េ​មួយ​រូប​ដែល​ចាប់អារម្មណ៍​លើ​ទីផ្សារ​អន​ឡាញ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ទី​១៩ តុលា នៅ​អគារ​ពាណិជ្ជកម្ម​កូរ៉េ​ថា ៖ «​ផ្អែក​តាម​កំណើនសេដ្ឋកិច្ច​រីក​ចម្រើន​របស់​កម្ពុជា និង​នៅ​លើ​ពិភពលោក ការ​មមាញឹក​ច្រើន​របស់​ពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ទីផ្សារ​លក់​ផលិតផល​ផ្សេង​ៗ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​កាន់តែ​ចាំបាច់ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​» ។

លោក​បន្ត​ថា ៖ «​ការ​ទិញ ឬ​លក់​ផលិតផល​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត គឺជា​និន្នាការ​ថ្មី​មួយ​សម្រាប់​ប្រទេស​រីក​ចម្រើន ដែល​ធ្វើ​ឱ្យ​យើង​ចំណេញ​ពេលវេលា ចំណាយ​ដើមទុន​តិច ព្រមទាំង​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន ជា​ពិសេស​បង្ហាញ​ពី​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​ស្វែងរក​ទិញ​ផលិតផល​ដែល​ត្រូវការ​ដោយ​ងាយស្រួល​ផង​ដែរ​» ។

លោក​បន្ថែម​ថា ៖ «​ការ​លក់ ឬ​ទិញ​ផលិតផល​នៅ​តាម​ហាង​លក់រាយ និង​ផ្សារ​ទំនើប គឺជា​រឿង​មួយ​ហើយ ប៉ុន្តែ​នៅ​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ទីផ្សារ​បែប​នេះ​នឹង​ត្រូវ​បាត់បង់​អតិថិជន​ជា​បណ្តើរ​ៗ ដោយសារ​អ្នកទិញ​ភាគច្រើន​ងាក​មក​ទិញ​លក់​ផលិតផល​ផ្សេង​ៗ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​វិញ ។ ការ​លក់ទំនិញ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​ទទួល​ជោគជ័យ​នោះ​ទាមទារ​ឱ្យ​អ្នកលក់​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​កុំព្យូទ័រ និង​មាន​សមាជិក​ក្នុង​បណ្តាញ​សង្គម ដូច​ជា ហ្វេ​ស​ប៊ុ​ក ធ្វី​ត​ធើ យូ​ធូប វ៉ស់​អាប់ ជា​ពិសេស ការ​ផលិត​ត្រូវ​មានគុណ​ភាព និង​សេវាកម្ម​ល្អ ទើប​អតិថិជន​មានការ​ជឿ​ទុកចិត្ត​» ។

តាម​ការ​ស្រាវជ្រាវ​របស់​ជនជាតិ​កូរ៉េ​ដែល​មាន​ជំនាញ​ផ្នែក​លក់​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត បង្ហាញ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ អ្នក​ដែល​ចូល​ចិត្ត​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​ធូរធា ជា​ពិសេស​យុវវ័យ​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ទៅ​ជាង​៣០​ឆ្នាំ ហើយ​មធ្យោបាយ​ក្នុង​ការ​ទិញ​លក់​នេះ ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មាន​ចំនួន​៦៥​ភាគរយ ក្រៅពី​នេះ​មាន​កុំព្យូទ័រ និង​មធ្យោបាយ​ផ្សេង​ទៀត ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ចំនួន​អ្នក​អាច​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​មាន​ជិត​៣​លាន​នាក់ ក្នុង​នោះ​មានការ​ប្រើប្រាស់​តាម​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ និង​ឧបករណ៍​ផ្សេង​ទៀត ។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ គិត​ត្រឹម​ខែសីហា ២០១៥ មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​៣០៥​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​មក កើនឡើង​ប្រមាណ​៨% ដែល​ក្នុង​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​មាន​ប្រមាណ​ជា​២៨២​លាន​ដុល្លារ​អាមេ​រិ​ក ៕