ជើងខ្លាំងគុនខ្មែរ ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​ថៃ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅPNN ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

ភ្នំពេញ៖ កីឡាករលេងគុនខ្មែរលំដាប់ជួរមុខកម្ពុជា និងជើងខ្លាំងប្រដាល់ថៃនឹងឡើងអង្រួនសង្វៀន កម្មវិធីប្រដាល់សមរភូមិអ្នកប្រយុទ្ធ ដើម្បីក្លាយជាម្ចាស់ទឹកប្រាក់១ម៉ឺនដុល្លារ នៅស្ទូឌីយោទូរទស្សន៍PNN នាថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ។

ព្រឹត្តិការណ៍ប្រដាល់សេរីដ៏លេចធ្លោមិនធ្លាប់មាន នៅកម្ពុជាដើម្បីចម្រាញ់យកកីឡាករល្អផ្តាច់ ក្នុងប្រភេទទម្ងន់ ៥៤ ៥៧ និង៦៣,៥គ.ក្រនេះ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNNចាប់ពីម៉ោង៤រសៀល ថ្ងៃសៅរ៍នេះ។

កូនខ្លាជើងរន្ទះកណ្ដាប់ដៃផ្ទេកបន្ទោរ អាំង សំអាត នឹងប្រកួតជាមួយអ្នកប្រយុទ្ធគុនខ្មែរ នៃសមាគមប្រដាល់ក្រសួងការពារជាតិ សៀវ ង៉ុយនាគូទី១ដើម្បីកាត់ សេចក្តីថាតើនរណាជាអធិរាជលើសង្វៀននៅក្នុងប្រភេទទម្ងន់៥៤គ.ក្រ។មុនឈានដល់វគ្គផ្តាច់ព្រ័តនេះ អាំង សំអាត បានយកឈ្នះគូបដិបក្ខទាំង៤រូប ខណៈ សៀវ ង៉ុយ ចាញ់១ ឈ្នះ៣នៅក្នុងកម្មវិធីសមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូរបស់ស្ថានីយទូរទស្សន៍PNNកន្លងមក។

រីឯគូទី២វិញគឺជាវេនរបស់អ្នកប្រដាល់មុខតាន់ ជង្គង់ថ្ម ជា សំនៀងដែលនឹងត្រូវចូលខ្លួន មកតតាំងជាមួយនាគរាជកំពូលពិសរបស់ថៃ មង្គុនពេជ្រ (Mongkornpetch Chorpradith) ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រ។ អ្នកល្បីទាំងពីរមិនធ្លាប់ចាញ់សត្រូវលើសង្វៀនម្តងណាឡើយកន្លងទៅនៅPNN។

គូទី៣នៅក្នុងប្រភេទទម្ងន់៥៧ គ.ក្រ អ្នកស្នេហាវិស័យប្រដាល់ក្បាច់បុរាណខ្មែរ នឹងបានទស្សនាម្ចាស់មេដាយមាសវ៉ូវីណាមពិភពលោកឆ្នាំ២០១៥ សែន រ៉ាឌី ធ្វើព្យុះធ្វើភ្លៀងជាមួយកីឡាករថៃអ្នកលេងជង្គង់គ្មានប្រណីកងភុនលិក (KongpornlekKiatkorngpon)។សម្រាប់គូនេះ កីឡាករម្ទេសខ្មាំង សែន រ៉ាឌី បានផ្តួលគូប្រកួតឱ្យសន្លប់ទាំងអស់ នៅលើសង្វៀន PNNចំណែក កងភុនលិកធ្លាប់ឈ្នះដោយសន្លប់១ និងឈ្នះដោយពិន្ទុ៣ដង។

ជ័យលាភីម្នាក់ៗ តាមប្រភេទទម្ងន់របស់ខ្លួន នឹងទទួលបានពានរង្វាន់មួយ ខ្សែក្រវ៉ាត់មួយពីស្រាបៀរលីអូ ព្រមទាំងអមដោយទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រវត្តិសាស្ត្រប្រដាល់ខ្មែរ ១ម៉ឺនដុល្លារផងដែរ។

លោក សំណព្វ ប្រធានផ្នែកកីឡារបស់ទូរទស្សន៍PNNថ្លែងថា៖ “ព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯក ដែលមានទឹកប្រាក់ដ៏មហិមានេះ នឹងមានការគាំទ្រច្រើនពីទស្សនិកជន មិនថានៅស្ឌូឌីយូផ្ទាល់ ឬនៅឯគេហដ្ឋាន ដោយសារតែកីឡាករទាំង៦ដួងនេះសុទ្ធសឹងតែ ធ្លាប់បង្ហាញសមត្ថភាព ដ៏អស្ចារ្យរបស់ខ្លួននៅលើសង្វៀន សមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូ អស់រយៈពេល៣ខែមកហើយ។ ហើយជំនួបលើកនេះ នឹងរឹតតែរំភើបជក់ចិត្តដិតអារម្មណ៍ជាងពេលណាៗទាំងអស់”៕