លោក កឹម សុខា៖ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ជា​មរត​ក​ដ៏​មហា​សាល​របស់​អ្នក​ស្នេហា​ជាតិ​គ្រប់​ភាគី

ភ្នំពេញ៖ អនុប្រធានទី១រដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ គឺជាមរតកដ៏មហាសាលរបស់អ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគីទាំងអស់។

លោក កឹម សុខា បានឲ្យដឹងនៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោកថា កិច្ចព្រមព្រៀងស្តីពី “ដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា” ដែលយើងហៅថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១” ទទួលបានការគាំទ្រទាំងស្រុងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះ ធានាអំពី “អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា” និង“ការធានាការបោះឆ្នោតដោយសេរី និងយុត្ដិធម៌”។

លោកថា “កិច្ចព្រមព្រៀងនេះជា មរតកដ៏មហាសាល ដែលអ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគីបានពលីបូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីឯករាជ្យភាព និងឯកភាពជាតិកម្ពុជា ដែលមានការចូលរួមគាំទ្រពីអន្តរជាតិ។ កិច្ចព្រមព្រៀងនេះ នៅតែមានតម្លៃជានិច្ច!”៕

លោក កឹម សុខា៖ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ជា​មរត​ក​ដ៏​មហា​សាល​របស់​អ្នក​ស្នេហា​ជាតិ​គ្រប់​ភាគី