សម្ដេចតេជោ​ អំពាវ​នាវ​ឲ្យ​អ្នកពាក់​ព័ន្ធ​ធ្វើ​រដ្ឋប្រហា​ ទម្លាក់​សម្ដេច​សីហនុ ចេញ​មុខ​ទទួល​ទោស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥នេះ បានថ្លែងជាសារធ្ងន់ៗទៅដល់ភាគីពាក់ព័ន្ធនឹង ការធ្វើរដ្ឋប្រហាទម្លាក់ព្រះប្រមុខរដ្ឋសម្ដេច នរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ឲ្យចេញមុខមកទទួលទោសតាមច្បាប់។

សម្ដេចតេជោ បានថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារទី២ជាផ្លូវការ ថា បើគ្មានសង្រ្គាមនៅឆ្នាំ១៩៧០ទេ ប្រហែលជាប្រទេសកម្ពុជារីក លូតលាស់ជាងពេលបច្ចុប្បន្ននេះខ្លាំងណាស់។

សម្ដេចតេជោបានបន្ថែមថា “ថ្ងៃស្អែកនេះ ជាថ្ងៃខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេ (អ្នកចូលរួមធ្វើរដ្ឋប្រហារឆ្នាំ១៩៧០) ត្រូវតែមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ។ បើសិនជាគេមិនទទួលខុសត្រូវទៅលើការខូច និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងដំណាក់កាលសង្រ្គាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត”។

គួរបញ្ជាក់ថា ព្រះប្រមុខរដ្ឋ សម្ដេច នរោត្តម សីហនុ ត្រូវបានក្រុមរបស់លោក សេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០៕