អ្នកវិភាគ នយោបាយសាទរ ចំណាត់ការក្រសួង មហាផ្ទៃបញ្ឈរជើង លោក ផែង វណ្ណៈ

ភ្នំពេញ៖ ក្រោយពីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបាន សម្រេចចេញបញ្ជា ឲ្យផ្អាកការងារ លោក ផែង វណ្ណៈ ដែលជា បុគ្គល្បីឈ្មោះ ក្នុងហ្វេសប៊ុក ដើម្បីស៊ើបអង្កេតស្រាវជ្រាវ ក្នុងករណីគំរាម កឹម សុខា អនុប្រធាន គណបក្ស សង្រ្គោះជាតិ បានធ្វើឲ្យអ្នកវិភាគនយោបាយ នៅកម្ពុជាស្វាគមន៍និងសាទរ ជាខ្លាំងចំពោះចំណាត់ការមួយនេះ។

ព្រមជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចឲ្យបង្កើតគណៈកម្មាស៊ើប អង្កេតមួយលើករណីគំរាម សម្លាប់ លោក កឹម សុខា កាលពីពេលថ្មីៗនេះ ហើយទើបតែចេញផ្សាយ ជាសាធារណៈ កាលពីថ្ងៃទី២១ តុលា។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនយោបាយ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹក ថ្ងៃទី២២ តុលាថា នេះគឺជាចំណាត់ការមួយល្អ ដែលធ្វើឲ្យលោកស្វាគមន៍ និងសាទរផងដែរ។ ដែលនេះសបញ្ជាក់ថា អ្នកណាដែលប្រព្រឹត្តអំពើ មិនគប្បីក្នុងការគំរាមសម្លាប់ គឺមិនអាចគេចផុតពីសំណាចច្បាប់ឡើយ រាប់ទាំងករណី គំរាមសម្លាប់ សម្តេច ស ខេង លោកបណ្ឌិត សុខ ទូច អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត។

លោកបញ្ជាក់ថា “ការបញ្ឈរជើងគឺជារឿងមួយសមស្រប ដើម្បីកុំឲ្យមានពាក់ព័ន្ធក្នុងការស៊ើបអង្កេត កុំឲ្យលោកផែង វណ្ណៈដឹង ឬប៉ះទង្គិចដល់ការងារស៊ើបអង្កេត។ ចំពោះអ្នកស៊ើបអង្កេតមិនត្រូវឲ្យ ស្គាល់គ្នាជាមួយលោក ផែ វណ្ណៈ ទេ”។

លោកបានលើកឡើងទៀតថា ចំពោះការគំរាមសម្លាប់ពីសំណាក់លោក ផែង វណ្ណៈ នេះ មិនមែនមានបំណងក្នុង ការសម្លាប់ទេ គ្រាន់តែជាការគំរាមប៉ុណ្ណោះ ហើយលោកសង្ឃឹមថា ការស៊ើបអង្កេតនេះ នឹងឈានទៅដល់ ការ កាត់ក្តី និងដាក់ទោសតែមិនមែនទោសធ្ងន់ធ្ងរនោះទេ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ថា លោក ផែង វណ្ណៈ ត្រូវបញ្ឈរជើងដើម្បីឲ្យ ស៊ើបអង្កេត ក្នុង២ករណី គឺគំរាមសម្លាប់ លោក កឹម សុខា និងបរិហារកេរ្តិ៍ លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា គណបក្ស ប្រជាជនកម្ពុជា និងលោក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការព្រំដែន នៃកងយោធពល ខេមរភូមិន្ទ។

លោកបន្តថា “ដកតួនាទីគាត់ (ផែង វណ្ណៈ) មកនាយកដ្ឋានបុគ្គលិក ដើម្បីទទួលរងចាំការស៊ើបអង្កេត របស់ គណៈកម្មការ ហើយកន្លែងដែលគាត់ធ្វើការងារ ឲ្យគេធ្វើជំនួសវិញ”។

លោក ផែង វណ្ណៈ អនុប្រធានការិយាល័យនៃនាយកដ្ឋានសន្តិសុខផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃត្រូវបានគេដឹងថា ជាបុគ្គលម្នាក់ល្បីឈ្មោះក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយបានគំរាមសម្លាប់លោក កឹម សុខា កាលពី៣ឆ្នាំមុនដោយភ្ជាប់ មកជាមួយរូបភាពកាំភ្លើង និងគ្រាប់ ៕

អ្នកវិភាគ នយោបាយសាទរ ចំណាត់ការក្រសួង មហាផ្ទៃបញ្ឈរជើង លោក ផែង វណ្ណៈ