​​ចម្រៀង​១បទ​របស់រាជ​នី​​សំឡេង​មាស រស់ សេរីសុទ្ធា បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា


​​ចម្រៀង​១បទ​របស់រាជ​នី​​សំឡេង​មាស រស់ សេរីសុទ្ធា បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា

បទ​ចម្រៀង​១បទ​របស់​រាជ​នី​​សំឡេង​មាស រស់ សេរីសុទ្ធា ត្រូវ​បាន​​​​ក្រសួង​ពាណិជ្ជកម្ម​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​ជា​ស្ថាពរ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​រសៀល​ម្សិល​មិញ ។

 

​​ចម្រៀង​១បទ​របស់រាជ​នី​​សំឡេង​មាស រស់ សេរីសុទ្ធា បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា

 

បទ​ចម្រៀង​១បទ​នោះ​មាន​ចំណង​ជើង​​ថា ” ឈាម​ខ្មៅ” ។ ជា​ការ​ពិត​រាជនី​​​សំឡេង​មាស រស់ សេរីសុទ្ធា មាន​បទ​ចម្រៀង​រាប់​ពាន់​បទ​ ប៉ុន្តែ​ក្រុម​គ្រួសារ ទើប​តែ​ស្រាវជ្រាវ​បាន​១បទ​​ប៉ុណ្ណោះ គឺ​បទ​ “ឈាម​ខ្មៅ”​ ដែល​ជា​ការ​តែង​និពន្ធ​ដោយ​រាជនី​សំឡេង​មាស​នេះ​ផ្ទាល់​តែ​ម្ដង ហើយ​បច្ចុប្បន្ន​ក្រុម​គ្រួសារ​កំពុង​តែ ខិតខំ​ស្វែង​រក​បន្ថែម​ទៀត។ នេះ​ជា​ការ​លើក​ឡើង​​របស់​អ្នក​ស្រី រស់ សាមឿន ត្រូវ​ជា​បង​ស្រី​បង្កើត រស់ សេរីសុទ្ធា ។

 

ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​​ស្ដី​បទ​ចម្រៀង​នេះ ត្រូវ​បាន​ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់​ឲ្យ​ដឹង​ថា មិន​មែន​មាន​តែ​បទ​ចម្រៀង ​រស់ សេរីសុទ្ធា ឬ ស៊ីន ស៊ីសាមុត ​នោះ​​ទេ​ ពោល​គឺ​គ្រប់​តារា​ចម្រៀង​ និង​ក្រុម​គ្រួសារ​តារា​ចម្រៀង​ទាំង​អស់​មាន​សិទ្ធិ​ស្នើគ្នា​ក្នុង​ការ​ស្នើ​សុំ​​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​បញ្ជី​បាន​ សំខាន់​ឲ្យ​តែ​មាន​ភស្តុតាង​បញ្ជាក់​ថា បទ​​ចម្រៀង​ទាំង​នោះ ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់។

 

ឯកឧត្តម​ បន្ត​ថា ក្រោយ​ពី​​មាន​ការ​ស្នើ​សុំ ពី​សាមី​ខ្លួន ​ឬសាមី​​គ្រួសារ​ក្រសួងពាណិជ្ជកម្ម​ នឹង​ពិនិត្យ​មើល ហើយ​ធ្វើ​ការ​ចេញ​ផ្សាយ​លើ​បណ្ដាញ សារព័ត៌មាន​ចំនួន១ខែ ប្រសិន​បើ​មិន​មាន​​​ជន​ណា​មក​តវ៉ា​ទេ នោះ​បទ​ចម្រៀង​ដែល​​ស្នើ​សុំ​  នឹង​មាន​ការ​ទទួល​ស្គាល់​ជា​​ផ្លូវ​ច្បាប់។

 

​​ចម្រៀង​១បទ​របស់រាជ​នី​​សំឡេង​មាស រស់ សេរីសុទ្ធា បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា

 

 អ្នក​ស្រី រស់ សាមឿន ត្រូវ​ជា​បង​ស្រី​បង្កើតតារា​ចម្រៀង រស់ សេរីសុទ្ធា

 

អត្ថប្រយោជន៍​នៃ​ការ​បាន​ចុះ​បញ្ជី​​កម្មសិទ្ធិ​បញ្ញា​ជាផ្លូវ​ការ ត្រូវ​បាន​​ទេស​រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​​ឲ្យ​ដឹង​ថា ម្ចាស់​បទ ​ឬ​ក្រុម​គ្រួសារ នឹង​ទទួល​បាន​សិទ្ធិ​​ការពារ​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​មាន​​ជន​ណា​ដែល​លួច​ចម្លង ឬ​យក​បទ​ចម្រៀង​នោះ​ទៅ​​ធ្វើ​អាជីវកម្ម​ដោយ​មិន​មាន​ការ​អនុញ្ញាត។ នេះ​ជា​​​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​បទ​ចម្រៀង​របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​នេះ បន្ទាប់​ពី​បទ​ចម្រៀង​របស់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត ​ចំនួន៧០​បទ​​​ត្រូវ​បាន​ចុះ​បញ្ជី​​កម្មសិទ្ធិ​បញ្ញា​រួច​រាល់​ថ្មី​ៗ។

 

ជា​ចុង​ក្រោយ ឯកឧត្ដម ស៊ុន ចាន់ថុល ​បាន​ស្នើ​ទៅ តារា​ចម្រៀង​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​តារា​ចម្រៀង​​ផ្សេងៗ​ទៀត ប្រសិន​បើ​​ចង់​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​ ​បទ​ចម្រៀង​របស់​ខ្លួន​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​មក​​ក្រសួង​ពាណិជ្ជកម្ម​បាន៕

 

ចង់​ដឹង​ថា បទ​ចម្រៀង​បទ” ឈាម​ខ្មៅ” ​របស់​រាជ​នី​​សម្លេង​មាស រស់ សេរីសុទ្ធា ពីរោះ ​និង​មាន​អត្ថន័យ​កម្រិត​ណា ​តោះ… ទៅ​​ស្ដាប់​ទាំង​អស់​គ្នា!!!

 

 

អត្ថបទ៖ ខុត សីហា