អត្តលិក​ប្រដាល់​សក​ល​សិង្ហបុរី ៣នាក់ មក​ហ្វឹក​ហាត់​នៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់កម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្លឹបប្រដាល់អាជីព ជាមួយប្រទេសសិង្ហបុរីតាមរយៈ ការបញ្ជូនកីឡាករ-កីឡាការិនី និងគ្រូបង្វឹកទៅស្វែងយល់ពីគ្នាទៅវិញទៅមកលើវិស័យប្រដាល់សកល ដែល បង្ហាញឲ្យឃើញពីមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថា ពេលនេះក្លឹបអាជីពមួយរបស់សិង្ហបុរី បានបញ្ជូនកីឡាករ-កីឡាការិនី ប្រដាល់សកល៣នាក់ ក្នុងនោះមានកីឡាករ ២រូប និងកីឡាការិនីប្រដាល់១រូប មកហ្វឹកហាត់រួមគ្នា ជាមួយអ្នកប្រដាល់សកល ជម្រើសជាតិកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ ។

លោកបានបន្តថា ការហ្វឹកហាត់នេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីផ្ដើមពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ។ បន្ទាប់ពីនោះកម្ពុជានឹងបញ្ជូនគ្រូបង្វឹក និងអ្នកប្រដាល់ទៅកាន់ ប្រទេសសិង្ហបុរីវិញ ដើម្បីធ្វើការហ្វឹក ហាត់ជាមួយគ្នាវិញ ដែលនេះជាការ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានចាត់ទុកថា នេះជាឱកាសមាសមួយរបស់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ។ កម្ពុជាមានកីឡាករបរទេសដែលមានសមត្ថភាព ដើម្បីប្រកួតវាស់ស្ទង់ សមត្ថភាពជាមួយគ្នា ។

ដោយឡែកលោក Naidah Yazdani ដែលជានាយកទទួលបន្ទុកនៅអាស៊ីនៃ Croisi Europe គឺជាអ្នកសម្របសម្រួលឲ្យកើតមាន កិច្ចសហប្រតិបត្តិការរវាងក្លឹបប្រដាល់សិង្ហបុរីមួយនេះជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ។

លោក Sri Khand ដែលជាគ្រូបង្វឹករបស់ក្លឹបប្រដាល់សិង្ហបុរីបាននិយាយថា ទោះបីលោកមិនមែនជាគ្រូប្រដាល់ជម្រើសជាតិក៏ពិតមែន តែលោកជាគ្រូរបស់ក្លឹបប្រដាល់មួយដែលមានស្នាដៃក្នុងការបណ្ដុះបណ្ដាលអ្នកប្រដាល់ជម្រើស ជាតិបានមិនតិចទេ ។ លោកបានចាត់ទុកថា នេះជាកិច្ចសហប្រតិបត្តិការដ៏មានតម្លៃមួយដែលទាំងសងខាងមាន ឱកាសកសាងសមត្ថភាព កីឡាប្រដាល់ជាមួយគ្នា ៕

អត្តលិក​ប្រដាល់​សក​ល​សិង្ហបុរី ៣នាក់ មក​ហ្វឹក​ហាត់​នៅកម្ពុជា

អត្តលិក​ប្រដាល់​សក​ល​សិង្ហបុរី ៣នាក់ មក​ហ្វឹក​ហាត់​នៅកម្ពុជា