រដ្ឋាភិបាល​ប្រកាស​លុប​ចោល​ពន្ធ​លើ​របប​ម៉ៅការ​និង​ពន្ធ​ផ្លូវ​ម៉ូតូ​ចាប់​ឆ្នាំ​២០១៦

រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវ​ការ នឹង​លុប​ចោល​ពន្ធ​លើ​របប​ម៉ៅការ និង​ពន្ធ​ផ្លូវ​លើ​ម៉ូតូ ម៉ូតូ​រ៉ម៉កកង់បី គ្រឿង​ចក្រ​សម្រាប់​កសិកម្ម និង​ជនយាន្ត​ជាដើម ចាប់​ពី​ឆ្នាំ​២០១៦។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​គ្រោង​លុប​​ពន្ធ​ទាំង​នេះ។

ការ​លុប​ចោល​ពន្ធ​លើ​របប​ម៉ៅការ​នេះ សម្រាប់​ពលរដ្ឋ​មាន​អាជីវកម្ម​តូច​តាច ដែល​ត្រូវ​បង់​ពន្ធ​ប្រចាំ​ខែ​ចំនួន​២-៣ម៉ឺន​រៀល ឬ​ប្រចាំ​ឆ្នាំ​៥០​ម៉ឺន​រៀល​ជាដើម។ ប៉ុន្តែ​មាន​ការ​កែ​សម្រួល​ប្រាក់​ពន្ធ​ប៉ាតង់ ចំពោះ​អ្នក​ជាប់​ពន្ធ​តូច និង​មធ្យម ដើម្បី​ប៉ះប៉ូវ​​ពី​ការ​បាត់បង់​ប្រាក់ ដែល​ប្រមូល​បាន​​ពី​​របប​ម៉ៅការកន្លង​មក។

ការ​ប៉ះប៉ូវ​នេះ​សម្រាប់​អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់​ចំនួន​៤០​ម៉ឺន​រៀល អ្នក​ជាប់​ពន្ធ​មធ្យម ​១លាន ២០​ម៉ឺន​រៀល ចំណែក​ឯ​អ្នក​ជាប់​ពន្ធ​ធំ ចាប់​ពី​កម្រិត​អប្បបរមា ចំនួន​៣លាន​រៀល ទៅ​អតិបរមា ចំនួន​៥​លាន​រៀល ជាប្រចាំ​ឆ្នាំ។

តម្លៃ​ពន្ធ​ផ្លូវ​ត្រូវ​បង់​ប្រចាំ​ឆ្នាំ របស់​ទោចក្រយានយន្ត (ម៉ូតូ) ចាប់​ពី​​ចំនួន​៣៥០០រៀល ៤៥០០​រៀល និង​៧៥០០​រៀល ត្រីចក្រយានយន្ត ១ម៉ឺន​៥ពាន់​រៀល គោល​យន្ត​ឆ្នៃ ​១៥ម៉ឺន​រៀល ចំណែក​ត្រាក់ទ័រ​ត្រូវ​បង់​តាម​កម្លាំង​សេះ​ ចាប់​ពី​តម្លៃ​៣ម៉ឺន ទៅ​៥ម៉ឺន​រៀល។ ខណៈ​ទូក​ម៉ាស៊ីន​ចំហៀង(ជើងបង្កង) ត្រូវ​បង់​ចំនួន​១ម៉ឺន​រៀល។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។