នគរបាលចរាចរណ៍ នឹងផាកពិន័យ ១ម៉ឺន៥ពាន់រៀល ចំពោះអ្នក មិនពាក់មួកសុវត្ថិភាព ចាប់ពីដើមឆ្នាំ២០១៦

ភ្នំពេញ៖ ដើម្បីបង្កើន ឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងការពារសុវត្ថិភាពអាយុជីវិតនោះ នគរបាលរាចរណ៍ នឹងធ្វើការផាកពិន័យ ចំពោះជនណា ដែលមិនពាក់មួកសុវត្ថិភាព ចាប់ពីខែមករា ឆ្នាំ២០១៦ខាងមុខ ចំនួន១៥០០០រៀល។

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានជួបប្រជុំជាមួយដៃគូ ដើម្បីកែសម្រួលការផ្សព្វផ្សាយជាមួយខ្លឹមសារអប់រំខ្លី «ចាប់ពីខែមករា ឆ្នាំ២០១៦ នគរបាលចរាចរណ៍ នឹងធ្វើការពិន័យ១៥០០០រៀល ចំពោះជនណា ដែលមិនពាក់មួកសុវត្ថិភាព»។

កិច្ចប្រជុំនេះមានបំណងប្រមូលការគាំទ្រ និងមតិយោបល់ក្នុងការកែសម្រួលសារអប់រំផ្សព្វផ្សាយ នៃរឿងអប់រំខ្នាតខ្លីនេះ។ រឿងអប់រំខ្នាតខ្លីនេះនឹងត្រូវចាក់ផ្សាយ ក្នុងយុទ្ធនាការផ្លាស់ប្តូរ ឥរិយាបថ ក្នុងឆ្នាំទី២នៃគម្រោង។

អង្គការមូលនិធិបង្ការរបួស អាស៊ី បានផ្សព្វផ្សាយពីលទ្ធផលនៃការវាយតម្លៃ ដែលបានបង្ហាញថាទូរទស្សន៍ ជាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន ដ៏សំខាន់ជាងគេ ដើម្បីផ្លាស់ប្តូរឥរិយាបថ ហើយបន្ទាប់មកគឺផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម ស្លាកផ្សព្វផ្សាយតាមរ៉ឺម៉កម៉ូតូកង់បី និងវិទ្យុ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណ: កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានលើក ឡើងថា «យើងខ្ញុំមានសេចក្តីរំភើបរីករាយ និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន ដែលបានមកពីយុទ្ធនាការ លើកកម្ពស់ឥរិយាបថ ក្នុងការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងកុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ ដែលបង្ហាញតាមរយៈ ការវាយតម្លៃពាក់កណ្តាល គម្រោងអនុវត្ត ដោយអង្គការមូលនិធិ បង្ការរបួស អាស៊ីនិងដៃគូពាក់ព័ន្ធ ដែលបានមកពីការប្រមូលផ្តុំមតិយោបល់ របស់សហគមន៍ក្នុងខេត្តគោលដៅ»។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា៖ «តាមការវាយតម្លៃបានបង្ហាញថា៩៤% នៃប្រជាពលរដ្ឋ បានទស្សនារឿងអប់រំខ្នាតខ្លី តាមទូរទស្សន៍នេះ ហើយ៨៨% នៃអ្នកតបសម្ភាសន៍ បាននិយាយថាពួកគេ មានចងចាំសារនៃយុទ្ធនាការ»៕

លោក គឹម បញ្ញាបន្តថា រយៈពេល៥ ឆ្នាំនេះ អត្រាអ្នកពាក់មួកសុវត្ថិភាពនៅលើដងផ្លូវក្នុងពេលរួមដំណើរតាមម៉ូតូ មានការកើនទ្បើងក្នុងកម្រិតទាបនៅទ្បើយ ពី៩.៩ ទៅ១៤.២ភាគរយ។

លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងថា ការផ្សព្វផ្សាយដល់អ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូពីច្បាប់ ដែលកំណត់ឲ្យអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាព គឺជាការចាំបាច់ សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព៕

នគរបាលចរាចរណ៍ នឹងផាកពិន័យ ១ម៉ឺន៥ពាន់រៀល ចំពោះអ្នក មិនពាក់មួកសុវត្ថិភាព ចាប់ពីដើមឆ្នាំ២០១៦

នគរបាលចរាចរណ៍ នឹងផាកពិន័យ ១ម៉ឺន៥ពាន់រៀល ចំពោះអ្នក មិនពាក់មួកសុវត្ថិភាព ចាប់ពីដើមឆ្នាំ២០១៦