Zenit សម្លឹង​មើល​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បន្ទាប់​ពីឈ្នះ​ក្រុម Lyon

ក្រុម Zenit St Petersburg បាន​ស្ថិត​យ៉ាង​ប្រកៀកឆ្ពោះ​ទៅកាន់​វគ្គ ​១៦ ក្រុម​ចុង​ក្រោយនៃ​ក្រប​ខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពីបានកត់ត្រា​ជ័យ​ជម្នះ ៣-១ លើ​ក្រុម Lyon ក្នុង​ពូល H​។

Zenit-St-Petersburg

កីឡាករ Artem Dzyuba បាន​បន្ដ​នូវ​ទម្រង់​លេង​ដ៏មុតស្រួច​របស់​គេ ខណៈ​ដែល​រូបគេ​បាន​ជួយ​ឲ្យ Zenit មាន​គ្រាប់​បាល់នាំ​មុខមុន​ត្រឹមតែ​រយៈពេល ៣ ដំបូង​នៅកីឡដ្ឋាន Stadion Petrovskiy​។

Lyon បាន​តាមស្មើវិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តាម​រយៈគ្រាប់​បាល់​របស់ Alexandre Lacazette ប៉ុន្តែ Hulk បាន​រក​គ្រាប់​បាល់ពីចម្ងាយ​យ៉ាង​ល្អ​ដើម្បី​រក្សា​ការ​នាំមុខ​របស់​ Zenit។

បន្ទាប់ ​មក Danny បាន​បញ្ចប់​ក្តី​សង្ឃឹម​របស់​ក្រុម Lyon ក្នុង​ការ​តាម​ស្មើ​នៅ​នាទី ទី ៨៣ ខណៈ​ដែល​ក្រុមរបស់លោក Andre Villas-Boas បាន​កត់​ត្រាជ័យជម្នះ​ជា​លើកទី ៣ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង ៣ លើក​ដើម្បី​ពង្រឹង​ទី​តាំងលេខ ១ របស់​ពួក​គេ​៕