អតិថិជន​ក្នុងស្រុក​នៅ​វៀតណាម​ងាក​មករ​ករប​របើក Mini ម៉ាត

ប្រទេស​វៀតណាម ៖ ថ្មី​ៗ​នេះ​ផ្សារ​លក់រាយ​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​រីក​ដុះដាល​ដូច​ផ្សិត​ក្នុង​ទម្រង់​ជា​ការ​អភិវឌ្ឍ​បែប Mini ម៉ាត និង​ហាង​លក់ទំនិញ​បែប​ធំ​ទូលាយ ដែល​មិន​ត្រឹមតែ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ក្រុមហ៊ុន​បរទេស​ផង​ដែរ ។

តាម​ការ​ស្រង់​សម្តី​របស់​អគ្គនាយក​ប្រតិបត្តិ CBRE Vietnam ដោយ​កាសែត Nhip Cau Dau Tu ឲ្យ​ដឹង​ថា ទីផ្សារ​លក់រាយ​មាន​សក្តានុពល​ដ៏​ប្រសើរ​បំផុត​សម្រាប់​កំណើន​នៃ​ការ​អភិវឌ្ឍ ។

ជាង​នេះ​ទៀត លោក​បន្ថែម​ថា ៖ «​ខណៈ​ចំណូល​របស់​ហាង​លក់ទំនិញ​ធំ​ៗ​ស្មើនឹង​២០%​នៃ​ផ្សារ​លក់ទំនិញ អត្រា​ការ​ប្រាក់​របស់​វៀតណាម​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ហេតុផល​ក្រោម​១០%» ។

តាម​ការ​ស្ទាបស្ទង់​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Nielsen រក​ឃើញ​ថា ថ្មី​ៗ​នេះ​ក្នុង​រង្វង់​២០% នៃ​អតិថិជន​វៀតណាម​បាន​ដើរ​ផ្សារ​ធំ​ៗ​ជា​រឿយ​ៗ ហើយ​និន្នាការ​នេះ​កំពុង​តែ​កើនឡើង​នូវ​ប្រជាប្រិយភាព​ក្នុង​សង្គម​សម័យ​ទំនើប​មួយ ។

ដោយ​សម្លឹង​ឃើញ​ពី​សក្តានុពល​នេះ បច្ចុប្បន្ន​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​បាន​ជ្រៀតចូល​ផ្សារ​លក់រាយ ក៏​ដូច​ជា​ការ​រៀបចំ​ខ្លួន​បញ្ជ្រាប​ចូល​ក្នុង​ទីផ្សារ​លក់រាយ​តាម​រយៈ​ការ​អភិវឌ្ឍ​ជា​ផ្សារ​លក់ទំនិញ​ធំ​ៗ ។

ស្ថិតិ​បង្ហាញ​ថា បរិមាណ​នៃ Mini ម៉ាត​បាន​កើនឡើង​យ៉ាង​ខ្លាំង​ប្រមាណ​ជា​២៦០%​ចាប់តាំងពី​ឆ្នាំ​២០១២ ឬ​ស្មើនឹង​៥៣០​ម៉ាត គិត​មក​ត្រឹម​ចុងខែ​កញ្ញា ។
ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៤ ក្រុមហ៊ុន Vingroup បាន​បើក Vinmart ជាង​៩៣​កន្លែង ហើយ​ថ្មី​ៗ​នេះ​បាន​រៀបចំ​គម្រោង​បង្កើន​ឲ្យ​បាន​២​ពាន់​ម៉ាត​ទៀត​នៅ​ឆ្នាំ​២០១៦ ។
នៅ​ក្នុង​ខែកក្កដា ម៉ាត 7-Eleven បាន​ប្រកាស​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​ហាង​លក់ទំនិញ 7-Eleven ក្នុង​ប្រទេស​វៀតណាម ។ ចំណែក FamilyMart របស់​ជប៉ុន ក៏​មាន​ផែនការ​បង្កើន​បរិមាណ​ហាង​លក់ទំនិញ​ធំ​ៗ​ជាង​២០០​កន្លែង​ដែរ​នៅ​ឆ្នាំ​ក្រោយ ។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះ​ក្រុមហ៊ុន​សាជីវកម្ម Mobile World Investment Corporation បាន​ប្រកាស​ពី​ការ​អភិវឌ្ឍ​ផ្សារ​លក់រាយ Bach Hoa Xanh តាម​ម៉ូ​ដែល Alfamart របស់​ឥណ្ឌូ​ណេ​ស៊ី​ក្នុងឆ្នាំនេះ ជំហាន​ដំបូង​ស្ថិត​នៅ​ចន្លោះ​ពី​៣០ ទៅ​៥០​ហាង ។

លោក Dinh Thi My Loan ប្រធាន​សមាគម​អ្នក​លក់រាយ​របស់​វៀតណាម​ថ្លែង​ថា ៖ «​ការ​ប្រកួតប្រជែង​នឹង​មាន​សភាព​ខ្លាំងក្លា ដែល​មិន​ត្រឹមតែ​ក្នុង​ចំណោម Mini ម៉ាត​ប៉ុណ្ណោះ​ទេ ផ្សារ​លក់រាយ​ដទៃ​ទៀត​ក៏​មានការ​ប្រកួតប្រជែង​ដែរ ជា​ពិសេស ហាង​លក់ទំនិញ​តាម​បណ្តាញ​អន​ឡាញ​» ។

ទោះជា​យ៉ាងណា Nielsen Vietnam វាយតម្លៃ​ថា Mini ម៉ាត និង​បណ្តា​ហាង​លក់ទំនិញ​ធំ​ៗ​នឹង​បន្ត​រីក​ដុះដាល​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម មិន​ត្រឹមតែ​នៅ​តាម​បណ្តា​ទីក្រុង​ធំ​ៗ ឡើយ ៕​