iOne គ្រោង​ធ្វើ​សន្និសីទ​ប្រកាស​ពី​ការ​នាំ iPhone ស៊េរី​ថ្មី​បម្រើ​ទីផ្សារ​ប្រើប្រាស់

iOne គ្រោង​ធ្វើ​សន្និសីទ​ប្រកាស​ពី​ការ​នាំ iPhone ស៊េរី​ថ្មី​បម្រើ​ទីផ្សារ​ប្រើប្រាស់

តាម​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​ដែល Sabay ទទួល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន iOne គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ប្រកាស​ពី​ការ​នាំ iPhone ជំនាន់​ថ្មី​របស់ Apple មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។

 

iOne គ្រោង​ធ្វើ​សន្និសីទ​ប្រកាស​ពី​ការ​នាំ iPhone ស៊េរី​ថ្មី​បម្រើ​ទីផ្សារ​ប្រើប្រាស់

 

ការ​ទម្លាយ​ឲ្យ​ដឹង​នេះ បន្ទាប់​ក្រុមហ៊ុន Apple បាន​បញ្ចេញ​លក់​ទូរសព្ទ iPhone 6S/6S Plus តាម​ទីផ្សារ​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ ហើយ​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​កំពុង​ត្រៀម​ក្នុង​ការ​នាំ​ទូរសព្ទ​ជំនាន់​ថ្មី​នេះ​បម្រើ​តម្រូវការ​អ្នក​ប្រើប្រាស់។

 

តាម​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​មួយ​រូប​នៅ​ក្រុមហ៊ុន iOne ប្រាប់ Sabay នៅ​រសៀល​នេះ​ថា ការ​ធ្វើ​សន្និសីទ​នេះ​បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឮ​ជា​ច្រើន និង​ក៏​ជា​ការ​ឆ្លើយតប​តាម​ការ​ចង់​ដឹង​ពី​អតិថិជន​មួយ​ចំនួន​ពី​ការ​នាំ iPhone របស់ Apple មក​ប្រទេស​កម្ពុជា។

 

iOne មិន​មែន​តែ​ក្រុមហ៊ុន​ក្នុង​ស្រុក​តែ​មួយ​ទេ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ iPhone ពី Apple បម្រើ​ទីផ្សារ​អ្នក​ប្រើប្រាស់ ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ Smart បាន​អះអាង​ពី​ការ​ទទួល​បាន​សិទ្ធិ​និង​ក៏​បាន​​ប្រកាស​​ត្រៀម​ខ្លួន​ក្នុង​ការ​នាំ​ទូរសព្ទ​ដ៏​ល្បី​ឈ្មោះ​នេះ​បម្រើ​ទីផ្សារ​អ្នក​ប្រើប្រាស់។

 

តាម​ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​ដដែល​នោះ​បាន​បញ្ជាក់​ថា iPhone ជំនាន់​ថ្មី​របស់ Apple អាច​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​នេះ​និង​យូរ​បំផុត​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា