ចាប់ខ្លួន​ស្ត្រី​ម្នាក់​​​បន្លំ​ចូល​លួច​ប្រាក់​ពី​អាជីវករ​ផ្សារ​ធំទួល​សង្កែ​អស់​២​ពាន់​ដុល្លារ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ កាលពី​វេលា​ម៉ោង​០៩​ និង​២០​នាទីព្រឹក ​ថ្ងៃ​ទី​២២ ​តុលា ​​២០១៥ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ប្រាក់​ពី​អាជីវករលក់​អីវ៉ាន់​ចាប់ហួយ ​និង​ដូរ​ប្រាក់​នៅ​ក្នុង​ផ្សារ​ទួល​សង្កែ ហៅ​ផ្សារ សាំ​ហាន់ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ​ធុង វឿ​ន ​ភេទ​ស្រី  អាយុ​២៨​ឆ្នាំ​ មាន​លំនៅ​ពុំ​ពិតប្រាកដ ​ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរលួច​ឈ្មោះ ស៊ូ កេស​រា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ជា​អាជីវករលក់​ដូរ ​និង​ដូរ​លុយ​តូប​លេខ​៦Q​ក្នុង​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារសាំ​ហាន់​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​។

តាម​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​ឈរ​លក់ដូរ​នៅ​ក្បែរ​ទូរ​ដូរ​លុយ​ដោយ​មាន​ម៉ូយមក​ចូល​ទិញ​ថង់សំរាប់​ដាក់​អីវ៉ាន់​ ​ខ​ណៈនោះ​ស្រាប់តែ​ជនសង្ស័យ​​​បាន​ធ្វើ​សកម្មភាព​លូក​យក​លុយ​ក្នុង​ទូរ​ដូរលុយ​របស់​គាត់ ​តែ​សំណាងល្អ​គាត់​ងាក​មក​ឃើញ​ទាន់​ស្រែក​ផ្អើល​ឆោឡោ ហើយ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចាប់ខ្លួន​ ព្រមទាំង​ដកហូត​បាន​ប្រាក់​ត្រឡប់​មក​វិញ​។

ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​​