Facebook ​Page ​សម្តេចតេជោ ​ហ៊ុន សែន​ ៖ អរគុណមហាមិត្តចិន​ដែលតែងតែ​ជួយកម្ពុជា

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​រាជរដ្ឋាភិបាលអាណត្តិទី៥ ​បានសរសេរ បង្ហោះនៅ​រសៀលថ្ងៃទី២២ តុលា​ ២០១៥ មានខ្លឹមសារទំាងស្រុងថា ​"សម្តេចតេជោ​ ហ៊ុន សែន ​សប្បាយរីករាយ​ជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ​ដែលយើងមាន ស្ពានថ្មីមួយទៀត​ប្រើប្រាស់នៅថ្ងៃនេះ​ ។ ស្ពានមិត្តភាព កម្ពុជា-​ចិន(ស្ពានជ្រោយចង្វាទី២) ​ជាសមិទ្ធផលជាតិថ្មីស្រឡាងក្នុងសម័យតេជោ ​។ ស្ពាននេះជា​​ស្ពានភ្លោះទី២ បន្ទាប់ពីស្ពានភ្លោះព្រះមុនីវង្ស​ ដែលត្រូវបានសាងសង់​រួមគា្នជាមួយនឹងសួនច្បាររង្វង់​មូលនៅគល់ស្ពាន​ត្រើយខាងកើត ដែលមានរូបសំណាក​ព្រហ្មមុខបួន ​និងលម្អដោយ សួនច្បារ ​និងដើមត្នោត ​ដែលមានសោភ័ណភាព​ទាក់ទាញគួរជាទីចាប់អារម្មណ៍។

ស្ពានមិត្តភាពកម្ពុជា-ចិន​ ជ្រោយចង្វាទី២ ​មានប្រវែង ៧១៩ម៉ែត្រ ​ និងទទឹង១៣.៥ម៉ែត្រ ​ត្រូវបានសាងសង់ឡើង​ពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ ​ដែលសាងសង់ រយៈពេល​៣៨ខែ​ និងចំណាយថវិកាប្រមាណ ​$២៧.៥ លានដុល្លារអាមេរិក​ ដែលជាជំនួយពីមិត្តចិន​ រួមទាំងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា ។

ស្ពាននេះបាន​ដាក់អោយប្រើប្រាស់បណ្តោះអាសន្ន​ចាប់តាំងពីក្នងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ​ នាខែកញ្ញា ​ឆ្នាំ២០១៤​ រហូតត្រូវបានសម្ពោធដាក់​អោយប្រើប្រាស់ជាផ្លូវការ​នៅ​ថ្ងៃនេះ ​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន ។

ទាំងនៅលើស្ពានលើថ្នល់​ និងតាមផ្លូវតូចធំទាំងក្រុង ​និងជនបទ ​សូមបងប្អូនប្រជាពលរដ្ឋបើក​បរគោរពច្បាប់ចរាចរណ៍​អោយបានខ្ជាប់ខ្ជួន ​ចៀសវាងគ្រោះថ្នាក់​ផ្សេងៗ។ ទន្ទឹមនឹងនេះដែរ ​សូមអាជ្ញាធរមានសមត្ថកិច្ច ​និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផល​ជាតិអោយនៅគង់វង្សបានល្អ ​ដែលយើងអាចប្រើប្រាស់​ជាប់បានយូរអង្វែង។ ពិតណាស់ ​មានផ្លូវ មានស្ពាន ​ គឺពិតជាមានសង្ឃឹម​ ។ កម្ពុជាសូមអរគុណ​មហាមិត្តចិនដែលជានិច្ចជា​កាលតែងតែយកចិត្តទុកដាក់​ជួយដល់កម្ពុជា "៕