ប៉ូលិស​អន្តោប្រវេសន៍​កោះហៅ​ជនជាតិ​វៀតណាម​មិន​ស្របច្បាប់​២៣​នាក់ ធ្វើ​កិច្ចសន្យា​វិល​ទៅ​ស្រុក​វិញ

ខេត្ត​កំពង់ស្ពឺ ៖ ​បើតាម​​ការឱ្យ​​ដឹង​ពី​លោកឧត្តម​​សេ​នីយ៍​​ត្រី ​សម សា​មួន ​ស្នងការ​រង​ទទួល​​បន្ទុក​អន្តោប្រវេសន៍​បាន​បញ្ជាក់​កាល​ពី​​​​រសៀល​​ថ្ងៃ​ទី​២១ តុលា ​២០១៥ ​ថា​ អនុវត្ត​​តាម​​បទបញ្ជា​​ដ៏​ខ្ពង់ខ្ពស់​​របស់លោក​​នាយ​ឧត្តមសេនីយ៍​​អគ្គនាយក​​ដ្ឋាន​អន្តោ​ប្រវេសន៍ ​ ​​​ដឹក​នាំ​ដោយ​រូប​លោក​ផ្ទាល់ ​​សហការ​ជាមួយ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ភ្នំស្រួច ​ចុះ​ឃាត់​​កម្មករ​វៀតណាម​ចំនួន២ក្រុម​ មាន​ចំនួន​២៣​​នាក់ (​ស្រី​៣​នាក់ និង​ក្មេង​ប្រុស​ម្នាក់​) ស្ថិត​​នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ពី​​បទគ្មាន​​ទិដ្ឋាការ​ការងារ ​(​ប្រថាប់​ត្រា​​ចេញ-ចូល​ច្រកព្រំដែន ​លើ​passport) ​​ប៉ុន្តែ​ប្រកប​របរ​​យកកម្រៃ​ ។

តាមចម្លើយ​កម្មករ​វៀតណាម​ទាំង២៣​នាក់​ខាងលើ​នេះ​ ពួកគេ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ភ្នំ​ដិ​ន​ ខេត្តតាកែវ មក​ធ្វើ​កម្មករ​
ប្រ​មូល​​​ផល​ចំការ​​នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដោយ​ចែក​ចេញ​ជា​២​ក្រុម​ ក្រុម​ទី១​មាន​ចំនួន៨​នាក់ ​ក្រុម​ទី​២​​មាន​ចំនួន១៥​នាក់ (ប្រុស​ទាំងអស់) ។

លោក​បន្តថា​ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ចាត់វិធានការ​ឱ្យ​​ក្រុម​កម្ម​ករវៀត​ណា​មទាំងនេះ ​ធ្វើ​កិច្ចសន្យាឱ្យ​​ត្រឡប់​ទៅ​វិញ និង ឱ្យ​មាន​​ទិដ្ឋាការ​ការងារ​ប័ណ្ណ​ការងារ​​ឱ្យ​​បាន​ត្រឹមត្រូវ ទើប​អនុញាតឱ្យ​​ស្នាក់​នៅ​ប្រកប​របរ​​បាន​។