តា​កូ​ម៉ាពន្លះជាមួយ ​ISUZU ​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់​ ៖​ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​មនុស្ស​​ម្នាក់ស្លាប់ ​និង​ម្នាក់​ទៀត​រង​របួស​​ធ្ងន់​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ក្រាំង​ធំ ​ឃុំ​អូរ​សណ្ដាន់ ​ស្រុក​ក្រគរ​ ​កាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​តុលា​ ​​២០១៥​។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​តា​កូ​ម៉ា​ព៌​ណ​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V.1564​ជាមួយ​រថយន្ត​ISUZU​ពាក់​ស្លាក​លេខ​ភ្នំពេញ​2​ផ​.0590​។

លោក​វ​រ​សេនីយ៍​ទោ​រស់ ចំរើន ​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​រថយន្ត​តា​កូ​ម៉ា​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ រីឯ​រថយន្ត​ ISUZU ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​។​

រថយន្ត​ទាំង​ពីរ​គ្រឿង​សុទ្ធតែ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​។​ ពេល​​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​តា​កូ​ម៉ា​ក្រឡាប់​បែរមុខ​ទៅ​ចិញ្ចើម​ផ្ន​ល់​ខាងត្បូង​របួស​អ្នកបើកបរ​​ធ្ងន់ ​ហើយ​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​បាន​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​

បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ភ្លាម​អ្នកបើកបរ​រថយន្ត​ISUZU​ មិន​ស្គាល់ឈ្មោះ​គេចខ្លួន​បាត់​ស្រមោល​។​ ជន​រង​គ្រោះ​ដែល​ស្លាប់​ភេទ​ប្រុស​ ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ទេ ​និង​អ្នក​រង​របួសធ្ងន់​ឈ្មោះ​រិ​ទ្ធិ​ ភេទ​ប្រុស​។​ អ្នក​ទាំង​ពី​រក៏​មិន​ទាន់​ដឹង​ទីលំនៅ​នៅឯណា​នៅឡើយ​ដែរ​ ព្រោះ​ស្ថិត​ក្នុង​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​៕
    ​