ខែ​មុន​ជា​ខែកញ្ញា​ដែល​ក្តៅ​ជាងគេ​បំផុត​ពុំ​ធ្លាប់​ជួប​ប្រទះ

ទីភ្នាក់ងារ​មហាសាគរ និង​បរិយាកាស​អា​មេ​រិ​ក NOAA រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ តុលា ថា ខែ​មុន​ជា​ខែកញ្ញា ដែល​ក្តៅ​ជាងគេ​បំផុត​លើ​ភព​ផែនដី​ពុំ​ធ្លាប់​ជួប​ប្រទះ​តាំងពី​ចាប់ផ្តើម​កត់ត្រា​សីតុណ្ហភាព​ពី​ឆ្នាំ​១៨៨០​មក ។

NOAA បញ្ជាក់​ថា ដំណាក់កាល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពី​ខែមករា​ដល់​ខែកញ្ញា​ក៏​ជា​បណ្តា​ខែ​ដែល​ក្តៅ​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក ជាមួយ​សីតុណ្ហភាព​ឡើង​ខ្ពស់​០,៨៥​អង្សា​សេ លើស​សីតុណ្ហភាព​មធ្យម​នៃ​សតវត្ស​ទី​២០ ។

ក្នុង​ខែកញ្ញា សីតុណ្ហភាព​លើ​ផែនដី និង​លើ​ផ្ទៃ​មហាសមុទ្រ គឺ​០,៩០​អង្សា​សេ លើស​ពី​កម្រិត​មធ្យម​នៃ​សតវត្ស​ទី​២០ ដែល​នោះ​ជា​សីតុណ្ហភាព​ក្តៅ​បំផុត​ប្រចាំខែ​នេះ​នៃ​ឆ្នាំ​២០១៥ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៨៨០​មក គឺ​លើស​សីតុណ្ហភាព​ក្តៅ​បំផុត​ជា​ឯតទគ្គ​កម្ម​កាលពី​ឆ្នាំ​២០១៤ ។

សីតុណ្ហភាព​ជា​សាកល​លើ​ភព​ផែនដី​ក្នុង​ខែកញ្ញា​គឺ​១,១៦​អង្សា​សេ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​សតវត្ស​ទី​២០ ហើយ​ក៏​ខ្ពស់​ផង​ដែរ សម្រាប់​ខែ​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៨៨០​មក ដោយ​លើស​ពី​ឯតទគ្គ​កម្ម​លើក​មុន​កាលពី​ឆ្នាំ​២០០៩ ។

លើ​ផ្ទៃ​មហាសមុទ្រ​សីតុណ្ហភាព​ក្នុង​ខែកញ្ញា​កន្លង​ទៅ​មាន​លើស​សីតុណ្ហភាព​មធ្យម​នៃ​សតវត្ស​ទី​២០ ដល់​ទៅ​០,៨១​អង្សា​សេ ៕