សម្តេច​ហ៊ុនសែន ប្រកាស​អោយ​ប្រជាពលរដ្ឋ បង់ពន្ធ​ផ្លូវ សម្រាប់​ម៉ូតូ និង​ត្រីចក្រយានយន្ត នៅ​ឆ្នាំនេះ មុននឹង​លើកលែង​ពន្ធ នៅ​ឆ្នាំក្រោយ​

ភ្នំពេញ: ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ជ្រោយចង្វារ មិត្តភាព​កម្ពុជា​ចិន កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ ត្រីចក្រយានយន្ត គ្រឿងចក្រ​កសិកម្ម និង​ទូក​កាណូត​ធុន​តូច ត្រូវ​បន្ត​បង់ពន្ធ​ផ្លូវ​ចុងក្រោយ នៅក្នុង​ឆ្នាំ​២០១៥​នេះ​។

​ការអំពាវនាវ​របស់​សម្តេច​ហ៊ុនសែន ដូច្នេះ គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល បានសម្រេច​នៅក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ដែល​គណៈរដ្ឋមន្ត្រី​បាន​ប្រជុំ​អនុម័ត​កាលពី​ថ្ងៃទី​២១​តុលា ដោយ​លុបចោល មិន​ឲ្យ​ម៉ូតូ ម៉ូតូ​កង់​បី គ្រឿងចក្រ​កសិកម្ម ព្រមទាំង​ទូក​កាណូត​ធុន​តូច បង់ពន្ធ​ផ្លូវ​ទៀត​ទេ ចាប់ពី​ឆ្នាំ​២០១៦ តទៅ​។

សូមរម្លឹកថា ការបង់​ពន្ធ​ផ្លូវ នឹង​ផុត​កំណត់​ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ គេអាច​បង់​ពន្ធផ្លូវ នៅតាមសាខាពន្ធដារ តាមខណ្ឌក្រុងស្រុក និងនៅតាមធនាគារ កាណាឌីយ៉ា និងនៅធនាគារ អេស៊ីលីដា ទូទាំងប្រទេស៕​