ស្ពាន​អាកាស តិច​ណូ នឹង​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២១​វិច្ឆិកា​

ភ្នំពេញ: នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​ខាងមុខនេះ ស្ពាន​អាកាស តិច​ណូ នឹងត្រូវ​បើក​ឲ្យ​ធ្វើដំណើរ​ឆ្លង​កាត់​ជា​បណ្តោះអាសន្ន​។ នេះ​បើតាម​សម្តេច​ហ៊ុនសែន ដែល​សម្តេច​បានប្រកាស​ក្នុង​ពិធី​បើកសម្ពោធ​ស្ពាន​ជ្រោយចង្វារ មិត្តភាព​កម្ពុជា​ចិន នា​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ​។​

​សម្តេច​ហ៊ុនសែន បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស តិច​ណូ ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ ពេល​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤​វិច្ឆិកា និង​ក៏​ដើម្បី​ទទួល​នូវ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី រុស្ស៊ី នៅ​ថ្ងៃទី​២៣​វិច្ឆិកា​។

​ស្ពាន​អាកាស តិច​ណូ បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​ចំណាយ​ថវិកា ប្រមាណ​ជាង ១៤ លាន​ដុល្លា​អាមេរិក​។ ស្ពាន​នេះ មាន​បណ្តោយ ៣៨២​ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ រត់តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រសព្វ​មហាវិថី​គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ សេទុង ដោយមាន​ទាំង​ផ្លូវ​ក្រោម​ដី​ផងដែរ​៕​