ប្រជាពលរដ្ឋ​ចោទប្រកាន់​ប៉ុស្តិ៍​ជញ្ជីង​នៅ​ខេត្តកណ្ដាល​ថ្លឹង​រថយន្ត​មិន​តាម​លក្ខណៈ​បច្ចេកទេស​

​ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមការងារ​ដាក់​ប៉ុស្តិ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង​ដែលជា​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួមសហការ​ជាមួយ​មន្ត្រី​សាលាខេត្ត​កណ្តាល បង្កើតជា​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ផាកពិន័យ ប៉ុន្តែ​តាម​ការសង្កេត​មិនដែល​ឃើញ​មន្ត្រី​ទាំងនោះ​ធ្វើការ​ពិនិត្យ​ថ្លឹង​រថយន្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស​នោះទេ គឺ​គ្រាន់តែ​ឈប់​បង់លុយ​ហើយ​ធ្វើដំណើរ​ទៅបាន​តែម្តង ។​

ជុំវិញ​បញ្ហា​នេះ អ្នករកស៊ី​ឡាន​ដឹក​ដី​ឆ្លងកាត់​ប៉ុស្តិ៍​ជញ្ជីង​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មន្ត្រី​ដាក់​ប៉ុស្តិ៍​ជញ្ជីង​ទាំងនោះ ធ្វើការ​លំអៀង​បក្ខពួកនិយម ចាប់​ផាកពិន័យ​មិន​សុ​ក្រឹត្យ​ស្មើភាព​គ្នា​នោះទេ​។ ប្រភព​ដែល​បាន​បញ្ជាក់ថា​សកម្មភាព​ខាងលើនេះ​មិនអាច​ប្រកែក​ថា​មិនមែនជា​អំពើពុករលួយ​បានទេ​។ ប្រជាពលរដ្ឋ​អះអាងថា​ចំពោះ​រថយន្ត​ពលរដ្ឋ​ដែល​គ្មាន​ខ្សែបណ្តាញ​ត្រូវបាន​ផាក​ដោយ​គ្មាន​ការយោគយល់​ឡើយ តែបើ​រថយន្ត​ប្រភេទ​ធំៗ​ដឹក​ថ្ម ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​មាន​ខ្សែបណ្តាញ​បុណ្យស័ក្ដិ គ្រាក់ៗ វិញ​ពួកគេ​មិនដែល​ធ្វើការ​ឃាត់​ថ្លឹង​ទៅតាម​ផ្លូវច្បាប់​នោះទេ គឺ​គ្រាន់តែ​ឈប់​ហុច​លុយ​ដើម្បី​បំបិទមាត់​មន្ត្រី​ខិលខូច​ប៉ុណ្ណោះ​។​

នគរបាល​ល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​មួយរូប​បាន​បង្ហើប​ថា ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​ខាងលើនេះ បាន​ដំណើរការ​ជិត​មួយខែ​មកហើយ ដោយ​ពួកគេ​ដាក់​កម្លាំង​ចល័ត​គ្រប់​ច្រកល្ហក​ថែមទៀត គឺ​មិន​ឲ្យ​រថយន្ត​រួចផុត​មួយគ្រឿង​នោះទេ ពិសេស​រថយន្ត​ដឹក​ថ្ម និង​ដឹក​ដីខ្សាច់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រថយន្ត​ដឹក​ឆ្លងកាត់​ក្នុង​មួយគ្រឿង​ត្រូវ​បង់លុយ​ឲ្យ​ពួកគេ​ចាប់ពី​២០០០០​រហូត​ទៅដល់ ១០០០០០​រៀល​ដែល​គេ​សន្និដ្ឋានថា​អាច​ប្រមូលប្រាក់​បាន​ក្នុង​មួយថ្ងៃៗ​រាប់លាន​រៀល​។

​អ្នកបើក​រថយន្តឈ្នួល​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង​បាន​ត្អូញត្អែរថា បើ​រថយន្ត​មួយណា​មិន​ឈប់​បង់លុយ​ឲ្យ​ទេ​ត្រូវ​ក្រុមមនុស្ស​ទាំងនោះ​បើកឡាន​ប្រដេញ​ចាប់​ប្រើពាក្យ​សំដី​មិន​សមរម្យ​បង្ក​ការភ្ញាក់ផ្អើល​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ទៀតផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មានតែ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ អ៊ីវតឹក ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ព្រោះ​បើ​សង្ឃឹម​មន្ត្រីខេត្ត​មិនអាច​ទៅរួច​ទេ​ព្រោះ​មន្ត្រី​ថ្នាក់​ខេត្ត​ក៏បាន​ដឹង​ពី​ភាពមិនប្រក្រតី​នេះដែរ​តែ​គ្មាន​ចំណាត់ការ​ណាមួយ​ឡើយ​៕

btv-a176