មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​

កាលពី​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ចាប់​ទូក​ដឹកឈើ​មួយគ្រឿង​តាម​បណ្ដោយ​ស្ទឹងសែន ចំណុច​ទំនប់​ក្រសាំង ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មកពី​ឈ្មួញ​ម្ចាស់​ទូក​ដឹកឈើ​មិន​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។ ប្រសិនបើ​ម្ចាស់​ទូក​ដឹកឈើ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្ទោង​នោះ គឺ​គ្មាន​ការបង្ក្រាប​ឡើយ​។

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទូក​ដឹកឈើ​នោះ ដឹកនាំ​ដោយ​លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​។ អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នោះ គឺ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ដោយ​មិនបាន​ផ្ដល់ព័ត៌មាន​ឲ្យ​អ្នកកាសែត​ឡើយ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ទូក​ដឹកឈើ​នោះបាន​ដឹកឈើ​ធ្វើ​ផ្ទះ​មួយចំនួន និង​មាន​បង្កប់​ឈើ​ប្រណីត​នៅ​ពីក្រោម​មិនតិចជាង​៤០​ម៉ែត្រគូប​នោះទេ​។

ម្ចាស់​ទូក​ដឹកឈើ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ រឿន ធី គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ តាម​បណ្ដោយ​ស្ទឹងសែន ហើយ​ទំនង​ឈ្មួញ​រូបនេះ​មិនបាន​បង់លុយ​តាម​ការកំណត់​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥​។ ការសង្ស័យ​ដូច្នេះ​គឺ​ដោយសារ​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​កត់សម្គាល់ថា កន្លងមក​ឈ្មួញ​ឈ្មោះ រឿន ធី បាន​ដឹកជញ្ជូន​ឈើ​តាម​ទូក​ឆ្លងកាត់​ខេត្តកំពង់ធំ តាម​បណ្ដោយ​ស្ទឹងសែន​ជា​រៀងរាល់​យប់​ថ្ងៃ ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ទាល់តែសោះ​។ ឈ្មួញ​រកស៊ី​ឈើ​ក្នុង​ខេត្តកំពង់ធំ​មួយចំនួន ក៏បាន​និយាយ​ដែរ​ថា មកពី​ឈ្មោះ រឿន ធី លើក​នេះ​មិន​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទើប​ប្រឈម​នឹង​ការបង្ក្រាប ប្រសិនបើ​បង់លុយ​តាម​ការកំណត់​នោះ គឺ​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ជាមិនខាន​៕

a7 a11